
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ក្រោយកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រុមទាហាន និងពលរដ្ឋថៃ តែងតែបំពានមកលើកម្ពុជា តាមរយៈការធ្វើសកម្មភាព ប្រើប្រាស់ពាក្យសម្ដី និងបង្ហាញឥរិយាបថមិនគប្បី ក្នុងចេតនារំខានដល់ការអត់ធ្មត់របស់កម្ពុជា ដើម្បីទាញហេតុផលបង្កើតជាសង្គ្រាមប្រដាប់អាវុធ។ ដូច្នេះអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ត្រូវរក្សាភាពអត់ធ្មត់ និងប្រកាន់ភ្ជាប់នូវគោលជំហរបស់ខ្លួន ពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈទាំងអ្នកសារព័ត៌មាន និងទាំងកងទ័ពជួរមុខជាដើម និងដើរតាមការបង្ហាញរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា តាមរយៈទង្វើរបស់ភាគីថៃ ដែលបានប្រព្រឹត្តមិនគប្បីដាក់កម្ពុជា ជាបន្តបន្ទាប់នេះ ហាក់បង្ហាញចេតនាចង់បង្កជម្លោះប្រដាប់អាវុធ ដើម្បីបានឱកាសក្នុងការកែប្រែរបៀបវារៈនៃបើកច្រកព្រំដែន ដោយសារខ្លួនមានភាពអាម៉ាស់នឹងទង្វើដែលសម្រេចជាឯកតោភាគីរបស់ខ្លួន និងមិនអាចបើកច្រកព្រំដែនមុនឱ្យដូចសភាពដើមវិញ។ ទោះជាយ៉ាងណាកម្ពុជា ត្រូវរក្សាគោលជំហរបស់ខ្លួន តែក្នុងករណីមិនអាចជៀសបាន រដ្ឋាភិបាលគួរតែមានវិធានការក្ដៅ ដើម្បីការពារកុំឱ្យភាគីថៃ នៅបន្តប្រើរូបភាពមើលងាយមកលើកម្ពុជា។
ស្រដៀងគ្នានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ចំពោះទង្វើប្រើប្រាស់ហិង្សាដាក់កងកម្លាំងជួរមុខរបស់កម្ពុជាពីសំណាក់ភាគីថៃនេះ កម្ពុជា គួរតែធ្វើកំណត់ទូតទៅកាន់ប្រទេសថៃ ដើម្បីឱ្យថៃ បកស្រាយពាក់ព័ន្ធចេតនាការបង្កជម្លោះជាមួយកម្ពុជា ជាបន្តបន្ទាប់នេះ។ អ្នកជំនាញរូបនេះ ក៏បានជំរុញឱ្យភាគីទាំងពីរដោះស្រាយគ្រប់បញ្ហាដោយស្មើភាពគ្នា ក៏ដូចជាគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងច្បាប់ដែលមានស្រាប់ផងដែរ។
ពាក់ព័ន្ធបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីជំហរបស់កម្ពុជាថា កម្ពុជា នៅតែប្រកាន់គោលជំហយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ តាមរយៈការប្រើយន្តការទ្វេភាគីដោយបន្តសហការជាមួយថៃ ក្នុងការវាស់វែងបោះបង្គោលព្រំដែនដែលនៅសល់ និងយកបញ្ហាតំបន់ជម្លោះនៅតំបន់ទាំង៤ ដូចជាតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ។
គួរបញ្ជាក់ថា ក្រោយកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ គេសង្កេតឃើញភាគីថៃ តែងតែធ្វើសកម្មភាពបង្កបញ្ហាមកលើកម្ពុជា ជាបន្តបន្ទាប់ដូចជាក្រុមទាហានថៃ ដើរល្បាតចូលទឹកដីកម្ពុជា បង្ហោះដ្រូនចូលដីកម្ពុជា ហាមពលរដ្ឋខ្មែរមិនឱ្យបង់កក្រមាមានប៉ាក់រូបទង់ជាតិខ្មែរថតនៅប្រាសាទតាក្របី និងការប្រើហិង្សារបស់អតីតទាហាន និងពលរដ្ឋថៃមកលើកងទ័ពខ្មែរឈរជើងនៅប្រសាទតាមាន់ធំជាដើម៕
អត្ថបទដោយ៖ ជា ម៉ារ៉ា