
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយ ដែលបានរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
តាមរយៈ អេស៊ីទាន់ចិត្ត លោកអ្នកអាចស្វែងរកការចុះឈ្មោះ និងទូទាត់ថ្លៃសេវាចុះបញ្ជីនៅក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដោយគ្រាន់តែចូលទៅក្នុងអេប អេស៊ីទាន់ចិត្ត របស់ធនាគារអេស៊ីលីដា ហើយស្វែងរកមុខងារ cdcIPM ដែលមាននៅលើនោះ បន្ទាប់មក លោកអ្នកនឹងបានឃើញពីការណែនាំលម្អិត ទាក់ទងនឹងការប្រើប្រាស់កម្មវិធីនេះ នៅលើទូរសព្ទស្មាតហ្វូនរបស់លោកអ្នក។
ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគជិត ១០០គម្រោង។
ប្រព័ន្ធ cdcIPM ត្រូវបានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគគ្រប់ជំហាន៕