បច្ចុប្បន្នភាព​ក្រុមហ៊ុន​ Huawei ជុំវិញសង្គ្រាមពាណិជ្ជកម្ម​អាមេរិក និងចិន

Huawei ប្រកាសក្ដែងៗថា ការលក់នៅឆមាសទី១នេះ នៅតែកើនខ្ពស់ ទោះបីអាមេរិកធ្វើទុក្ខបុកម្នេញក៏ដោយ


ពីទីក្រុងស៊ិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានប្រកាសក្ដែងៗថា ការលក់របស់ខ្លួននៅឆមាសទី១ ឆ្នាំ២០១៩នេះ នៅតែមានកំណើនល្អ បើទោះបីជាអាមេរិកធ្វើទុក្ខបុកម្នេញ ដើម្បីបង្អាក់ពីដំណើរនៃវឌ្ឍនភាពសកលរបស់ខ្លួនក៏ដោយ។
Huawei នាំយកបច្ចេកវិទ្យា 5G ដំបូងបង្អស់ មកកាន់ប្រទេសកម្ពុជា (https://www.ft.com/)

សារព័ត៌មាន CNN របស់អាមេរិក បាន​ស្រង់​របាយការណ៍​ពីក្រុមហ៊ុន Huawei បាន​ឲ្យដឹងថា ការលក់​របស់ក្រុមហ៊ុន​យក្ស​ចិន​មួយនេះ បាន​ហក់កើនឡើង​ដល់ជាង ៥៨ ពាន់​លាន​ដុល្លារអាមេរិក នៅឆមាសទី ១ ឆ្នាំនេះ ដោយត្រូវបាន​ជំរុញ​ដោយ​កំណើន​នៃពាណិជ្ជកម្ម​ទូរស័ព្ទ​ស្មាតហ្វូន​របស់ខ្លួន​ និង​កំណើន​នៃកិច្ចសន្យា​បណ្ដាញ 5G។

បើតាម​ការប្រកាស​ពីក្រុមហ៊ុន​ Huawei ចំណូល​នៅឆមាសទី ១​ឆ្នាំនេះ មានការកើនឡើង​២៣% ធៀបនឹង​ឆមាសទី ១​កាលពីឆ្នាំមុន។

ក្រុមហ៊ុន Huawei ត្រូវបានគេដឹងទៀតថា មានការលក់​ឧបករណ៍​ទូរគមនាគមន៍ ច្រើនជាង​ក្រុមហ៊ុន​ដទៃទៀត នៅក្នុងពិភពលោក ហើយក៏ជា​ម៉ាកទូរស័ព្ទ​ស្មាតហ្វូន​នាំមុខគេមួយ ដែល​ប្រជែងទីផ្សារ​គ្នា​ជាមួយនឹង​ Samsung និង Apple ជាដើម។

របាយការណ៍​ចំណូល​ចុងក្រោយរបស់​ក្រុមហ៊ុន​ Huawei បាន​បញ្ចេញឡើង​ច្រើនជាងពីរខែ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ដាក់​ការរឹតដ្បិតថ្មី ទៅលើក្រុមហ៊ុន​ចិនមួយនេះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាន​ដាក់​ក្រុមហ៊ុន​Huawei ក្នុងបញ្ជីពាណិជ្ជកម្មខ្មៅ នៅក្នុងខែ ឧសភា ដោយ​បានរារាំង​ក្រុមហ៊ុន​អាមេរិក ក្នុងការ​លក់​កម្មវិធី និង​គ្រឿងបង្គុំ​នានា ទៅឲ្យ​ក្រុមហ៊ុន Huawei ដោយមិនមាន​អាជ្ញាបណ្ណអនុញ្ញាត​នោះឡើយ។

ទោះបីជា​អាមេរិក​ដាក់​ការរឹតដ្បិតខ្លាំងយ៉ាង​ក៏ដោយ ក៏ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Huawei លោក Liang Hua បាននិយាយ​នៅថ្ងៃអង្គារ​ទី ៣០ ខែកក្កដានេះថា ប្រតិបត្តិការ​របស់ក្រុមហ៊ុន​ខ្លួន នៅតែ​ដំណើរការ​បាន​យ៉ាងរលូន។ 

លោក Liang និយាយប្រាប់​អ្នកសារព័ត៌មាន​យ៉ាងដូច្នេះថា «​ផលិតផល​ស្នូលរបស់យើង មិនត្រូវបាន​រងផលប៉ះពាល់​ខ្លាំងនោះឡើយ»។ លោក បានបន្ថែមទៀតថា «បញ្ជីពាណិជ្ជកម្មខ្មៅ មានផលប៉ះពាល់​ខ្លះ​ដល់ការ​អភិវឌ្ឍ​របស់យើង ប៉ុន្ដែវិសាលភាព​ និងទំហំនៃ​ផលប៉ះពាល់នោះ​ គឺអាច​គ្រប់គ្រងបាន»។

គួរដឹងដែរថា ក្រុមហ៊ុន​បច្ចេកវិទ្យាចិន Huawei នេះ ត្រូវបាន​គេកត់សម្គាល់ថា បានក្លាយជា​ចំណុច​លេចធ្លោមួយ​នៅក្នុងសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន។ សូម្បីតែ មុន​មានការ​ដាក់ចូល​ក្នុង​បញ្ចីពាណិជ្ជកម្ម​ខ្មៅ ក៏សហរដ្ឋអាមេរិក បាន​ដឹកនាំ​កិច្ចខំប្រឹងប្រែង​មួយ ដើម្បីទប់ស្កាត់​មហិច្ឆតា​របស់​ក្រុមហ៊ុន Huawei ដែល​ចង់ក្លាយ​ជាអ្នកដឹកមុខ​នៃពិភពលោក ក្នុងការ​បង្កើតឲ្យមានការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ជំនាន់ថ្មី 5G ដែលបច្ចេក​វិទ្យានេះ​អាមេរិក​ធ្លាប់​ព្រមានថា ប៉ះពាល់​ដល់​បញ្ហាសន្ដិសុខ ។ 

បន្ថែមពីនេះទៀត រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ក៏បាន​ជំរុញឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផ្សេងទៀត រឹតដ្បិត​ ឬហាមឃាត់​ការប្រើប្រាស់​ឧបករណ៍​នៅក្នុង​បណ្ដាញ​5G របស់​ក្រុមហ៊ុន Huawei ផងដែរ ដោយអាមេរិក​ចោទថា រដ្ឋាភិបាល​ទីក្រុងប៉េងកាំង អាចប្រើប្រាស់​ផលិតផល​របស់ក្រុមហ៊ុននេះ ដើម្បីធ្វើចារកម្ម លើប្រទេស​ផ្សេងៗទៀត។ ទោះយ៉ាងណា ក្រុមហ៊ុន Huawei បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់នេះ។

លោក រេន សេងហ្វៃ ស្ថាបនិក​ក្រុមហ៊ុននេះ កាលពីពេល​កន្លងទៅ ក៏ធ្លាប់​បាន​ឆ្លើយតប​បែបចំអក​ដល់​អាមេរិក​ផងដែរថា តើឲ្យក្រុមហ៊ុន​ Huawei លួចព័ត៌មានអ្វី ពីអាមេរិក? បើអាមេរិក គ្មានអ្វីឲ្យ​លួច​ផងនោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ តម្លៃ១០លានដុល្លារ នៅខេត្តតាកែវ ត្រូវបាន CDC អនុម័ត

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ ដែលមានតម្លៃវិនិយោគប្រ…

វៀតណាមនាំចូលរថយន្ដពី ថៃ និងឥណ្ឌូនេស៊ីជិត ៩០ ភាគរយ នៅឆមាសទី ១ឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃ និងឥណ្ឌូនេស៊ីត្រូវបានគេដឹងថា បានកាន់កាប់ចំណែកទីផ្សារធំប្រមាណ ជិត៨៩% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាម ក្នុងរយៈពេល៦ខែឆ្នាំ២០១៩…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ