
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា មកទល់ពេលនេះគម្រោងព្រែកជីកហ្វូណន តេជោ កំពុងស្ថិតនៅក្នុងដំណាក់កាលចុះវាស់វែង និងកំណត់និយាមកា ខណៈនីតិវិធីកំណត់និយាមកាសម្រាប់កំណាត់ទី១ ដែលមានចម្ងាយជាង២០ គីឡូម៉ែត្រត្រូវបានបញ្ចប់រួចរាល់ហើយ។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសកំពុងបន្តចុះវាស់វែង និងកំណត់និយាមកាកំណាត់ទី២ប្រវែង១៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ហើយនឹងត្រូវបញ្ចប់ការងារទាំងនេះ នៅក្នុងអំឡុងខែ មេសា ខាងមុខ។ បើតាមឯកឧត្តម ផន រឹម ក្រោយពេលបញ្ចប់ការងារចុះវាស់វែង និងកំណត់និយាមការួចរាល់ នោះការងារបន្តគឺត្រូវដោះស្រាយផលប៉ះពាល់លំនៅឋាន ដីស្រែ ចម្ការនានា បន្ទាប់មកនឹងដំណើរការជីកព្រែកតែម្ដង។
គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមក្ដីរំពឹងថា តាមរយៈគម្រោងប្រវត្តិសាស្រ្តនេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។
គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានជម្រៅទឹក៥,៤ម៉ែត្រ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាប្រមាណ១,៧០០លានដុល្លារ។ គម្រោងនេះអាចបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋជាង១,៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕
អត្ថបទ៖ បូ ដូឡា