វិស័យដឹកជញ្ជូន

មន្ត្រីវាយតម្លៃថា ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌអាចជួយសន្សំលុយពលរដ្ឋបានជាង១លានដុល្លារ


រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចំនួន៥៩៧គ្រឿង ដើម្បីដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរយៈពេល៦ថ្ងៃចាប់ថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២៥។ គោលបំណងនៃការបញ្ចេញរថយន្តក្រុងនេះ ដើម្បីជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីជាន់ខ្ពស់របស់សាលារាជធានីភ្នំពេញ បានវាយតម្លៃថា ការបញ្ចេញរថយន្តក្រុងរបស់រដ្ឋនេះអាចជួយសន្សំថវិកាជូនពលរដ្ឋបានសរុបប្រមាណជាង១លានដុល្លារក្នុងរយៈពេល៦ថ្ងៃនេះ។
មន្ត្រីវាយតម្លៃថា ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌអាចជួយសន្សំលុយពលរដ្ឋបានជាង១លានដុល្លារ
ដោយ

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា មកទល់ពេលនេះសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន៥៩៧គ្រឿងរួចរាល់ហើយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា តាមរយៈរថយន្តក្រុងនេះ អាចដឹកជញ្ជូនពលរដ្ឋបានប្រមាណ៨ម៉ឺននាក់ ដែលអាចជួយសន្សំប្រាក់ដល់ពលរដ្ឋសរុបបានប្រមាណ១លាន៦សែនដុល្លារ។ តែយ៉ាងណា លោកស្រី មិនបញ្ជាក់ពីទំហំចំណាយរបស់រាជរដ្ឋាភិបាលចំពោះការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃនេះនោះទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅលេងស្រុកកំណើត ចន្លោះពីថ្ងៃទី២០-២៥ខែកញ្ញា អាចមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញបាន ពីព្រោះរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឱ្យមានអ្នកបើកបរប្រកបដោយក្រមសីលធម៌ និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ថា ស្ថានីយរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះមានចំនួន៦ទីតាំង ដូចជាស្ថានីយរថយន្តក្រុងវាលស្បូវ ស្ថានីយរថយន្តក្រុងចាក់អង្រែលើ ស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ដីឡូត៍តំបន់ OCIC ជ្រាយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ដោយម៉ោងចេញដំណើរចាប់ពីម៉ោង៦កន្លះព្រឹករហូតដល់ម៉ោង១១កន្លះព្រឹក៕




អត្ថបទបន្ទាប់


ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅចិន មិនទាន់មានពន្លឺនៅឡើយទេ

សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភ…

ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

ព្រឹត្តិការណ៍ដ៏អស្ចារ្យសមរាត្រី ឬថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលបានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ឱ្យមកទស្សនាជារៀងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ