ធនាគារពិភពលោកបានឱ្យដឹងថា ការផ្ញើប្រាក់ជាអន្តរជាតិ ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ៣%ធៀបនឹងឆ្នាំមុន រីឯទំហំនៃទឹកប្រាក់ដែលបានផ្ញើ គឺកើនឡើងដល់ប្រហែលជា៨៦០ពាន់លានដុល្លារ ជាតួលេខខ្ពស់បំផុតជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។
សារព័ត៌មាន Nikkei បានរាយការណ៍ថា ការផ្ញើប្រាក់របស់ពលករចំណាកស្រុកពីសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអឺរ៉ុប មកកាន់ប្រទេសរបស់ពួកគេនៅអាស៊ីខាងត្បូង រួមទាំងឥណ្ឌា និងបង់ក្លាដែស មានទំហំធំគួរឱ្យភ្ញាក់ផ្អើល។
ប្រភពដដែលបានលើកយករបាយការណ៍សង្ខេប ស្តីពីផលិតភាពការងារពលករចំណាកស្រុកដែលទើបតែចេញផ្សាយ ដោយបញ្ជាក់ជារួមយ៉ាងដូច្នេះថា ការផ្ញើប្រាក់ទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យមបានកើនឡើងប្រមាណជិត៤% ពោលគឺមានទំហំដល់ទៅ៦៦៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ។
ការកើនឡើងជារួមត្រូវបានប៉ាន់ប្រមាណថា ជំរុញដោយចំនួនទឹកប្រាក់ ដែលត្រូវបានផ្ញើមកកាន់បណ្ដាប្រទេសនៅអាស៊ីខាងត្បូង រួមមានឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា និងនេប៉ាល់។
ស្ថិតិបានបង្ហាញថា ការផ្ញើប្រាក់មកកាន់ប្រទេសទាំងនេះមានទំហំជិត៣០%នៃទំហំប្រាក់សរុបដែលផ្ញើមកកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
ការផ្ញើប្រាក់មកកាន់ប្រទេសឥណ្ឌា មានចំនួនច្រើនជាងគេដែលមានទំហំសរុបប្រហែល១២៥ពាន់លានដុល្លារ។
ប្រភពដែលផ្ញើប្រាក់ចេញខ្ពស់ទៅកាន់ឥណ្ឌា គឺត្រូវបានគេដឹងថាចេញពីសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសិង្ហបុរី ។
ការផ្ញើប្រាក់មកកាន់ប្រទេសឥណ្ឌា ពីបណ្តាប្រទេសឈូងសមុទ្រពែក្ស ក៏ត្រូវបានគេប៉ាន់ស្មានថាមានទំហំធំផងដែរ។
ដោយឡែក ការផ្ញើប្រាក់មកកាន់ប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា បានកើនឡើង៧%ធៀបនឹងឆ្នាំមុន ដោយនៅក្នុងនោះ ការផ្ញើប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបានធ្លាក់ចុះនៅពេលពិភពលោករងការរាតត្បាតដោយជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ ក៏បានកើនឡើងផងដែរ។
ក្នុងចំណោមប្រភពដែលបានផ្ញើប្រាក់ទៅហ្វីលីពីន គឺគេសង្កេតឃើញ រំហូរពីសហរដ្ឋអាម៉េរិក មានទំហំដល់ទៅ៤០% បន្ទាប់មកគឺពីសិង្ហបុរី អារ៉ាប៊ីសាអូឌីត ជប៉ុន និងចក្រភពអង់គ្លេស៕
ដោយៈ សរ សុជាតិ