តើទីផ្សារធ្យូងថ្មនឹងជួបបញ្ហាកាន់តែអាក្រក់យ៉ាងណាខ្លះ?

តើទីផ្សារធ្យូងថ្មនឹងជួបបញ្ហាកាន់តែអាក្រក់យ៉ាងណាខ្លះ ក្រោយការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី?


សង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីកំពុងតែផ្លាស់ប្តូរពាណិជ្ជកម្មធ្យូងថ្មជាសាកល ដោយប្រទេសសេដ្ឋកិច្ចធំៗ នឹងត្រូវទទួលបានការដឹកជញ្ជូនពីអ្នកផ្គត់ផ្គង់ពីកាន់តែយូរជាងមុន ដោយសារតែបង្វែរការទិញធ្យូងថ្មពីរុស្ស៊ី ទៅកាន់ប្រទេសផ្សេងៗជំនួសវិញ ដែលកត្តានេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យទំនិញធ្យូងថ្ម នឹងត្រូវជួបបញ្ហាប្រឈមកាន់តែអាក្រក់ទៅៗ និងធ្វើឲ្យការចំណាយថវិកាមានកាន់តែច្រើនជាងមុនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើទីផ្សារធ្យូងថ្មនឹងជួបបញ្ហាកាន់តែអាក្រក់យ៉ាងណាខ្លះ ក្រោយការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី?

ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែនមក បណ្តាប្រទេសបស្ចិមលោក និងក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7) បានព្យាយាមកាត់បន្ថយការពឹងផ្អែកថាមពលលើប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មធំជាងគេទី៣នៅក្នុងពិភពលោកបន្ទាប់ពីឥណ្ឌូនេស៊ី និងអូស្ត្រាលី។

ការប្តេជ្ញាចិត្តចុងក្រោយបំផុត គឺការហាមប្រាមរបស់អឺរ៉ុបលើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២២ ខែសីហាតទៅ។ ទោះជាការប្ដេជ្ញាចិត្តនេះមិនបានធ្វើភ្លាមៗ ដោយសារតែអ្នកទិញ នៅសហភាពអឺរ៉ុបមួយចំនួនមានកិច្ចសន្យារយៈពេលវែងជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែអឺរ៉ុបនឹងត្រូវស្វែងរកប្រភពថ្មីសម្រាប់ការនាំចូលធ្យូងថ្មសរុបរបស់ខ្លួនជាង ៤០%។ ទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធ្យូងថ្មដ៏ធំបំផុតសម្រាប់អឺរ៉ុប ដោយបាននាំចេញប្រហែល ៦៣ លានតោនជារៀងរាល់ឆ្នាំ។

ការផ្លាស់ប្តូរលំហូរពាណិជ្ជកម្មធ្យូងថ្មនេះ បច្ចុប្បន្នកំពុងកើតឡើងហើយនៅកន្លែងមួយចំនួន។ នៅប្រទេសជប៉ុន ការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៤៣% នៅក្នុងខែឧសភា ខណៈដែលជប៉ុនកំពុងបង្កើនការនាំចូលធ្យូងថ្មមកពីអ្នកផ្គត់ផ្គង់ផ្សេងទៀតរួមទាំងអូស្ត្រាលី កាណាដា និងឥណ្ឌូនេស៊ី។

ទីក្រុងតូក្យូបានប្រកាសកាលពីខែមេសាថា ខ្លួននឹងលុបចោលការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីដែលមានចំនួន ១១% នៃចំនួនសរុបក្នុងឆ្នាំ២០២១។ វាត្រូវចំណាយពេលតែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីដឹកជញ្ជូនធ្យូងថ្មពីប្រទេសរុស្ស៊ីទៅប្រទេសជប៉ុន ប៉ុន្តែវាត្រូវចំណាយពេលរហូតដល់ ១០ ថ្ងៃពីប្រទេសឥណ្ឌូនេស៊ី និងរហូតដល់២សប្តាហ៍មកពីអូស្ត្រាលី និងកាណាដា។

ក្រុមអ្នកជំនាញព្យាករថា ធ្យូងថ្មរបស់រុស្ស៊ីទំនងជានឹងត្រូវដឹកជញ្ជូនកាន់តែច្រើនទៅកាន់ប្រទេសអាហ្វ្រិកខាងជើង និងតួកគីដោយជំនួសឱ្យការផ្គត់ផ្គង់ធ្យូងថ្មពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង។ នៅទីបំផុតអឺរ៉ុបត្រូវគេរំពឹងថា នឹងទិញធ្យូងថ្មបន្ថែមទៀតពីសហរដ្ឋអាមេរិក អាមេរិកខាងត្បូង និងអាហ្វ្រិកខាងត្បូង។

តម្លៃធ្យូងថ្មកម្ដៅតាមស្ដង់ដារគឺប្រហែល ៤០០ដុល្លារ ក្នុងមួយតោន គឺខ្ពស់ជាង២,៦ដង ធៀបនឹងតម្លៃកាលពីឆ្នាំមុន ហើយខណៈដែលតម្លៃទំនិញទាំងមូលពិសេសប្រេងឆៅបានធ្លាក់ចុះដោយសារការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះក្ដី ប៉ុន្ដែតម្លៃធ្យូងថ្មនៅតែកើនឡើងជាបន្តបន្ទាប់។

កត្តាដ៏ធំបំផុតមួយសម្រាប់កំណត់តម្លៃធ្យូងថ្មនៅក្នុងពេលមុខនេះគឺអាស្រ័យលើប្រទេសចិន និងឥណ្ឌាព្រោះប្រទេសទាំង២នេះ គឺជាអ្នកប្រើប្រាស់ធ្យូងថ្មច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

សូមបញ្ជាក់ថា ប្រទេសនាំចេញប្រភេទធ្យូងថ្មកម្ដៅច្រើនជាងគេបំផុតរួមមាណឥណ្ឌូនេស៊ី អូស្ត្រាលី រុស្ស៊ី អាហ្វ្រិកខាងត្បូង កូឡាំប៊ី និងសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


រោងចក្រនៅអាស៊ីចំណាយថ្លៃដើមខ្ពស់ ប៉ុន្ដែការបញ្ជាទិញចុះខ្សោយ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងដល់សេដ្ឋកិច្ចសកល

ព័ត៌មាន
រោងចក្រនៅអាស៊ីនៅពេញនៅពេញមួយខែកក្កដា បានជួបនឹងការលំបាកទាំងខ្សែចង្វាក់ផ្គត់ផ្គង់នឹងការបញ្ជាទិញ ដែលបង្កឡើងដោយសារការរឹតបន្តឹង សុវត្ថិភាពកូ…

នៅទីបំផុត ប្រធានសភាអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីហើយ ប៉ុន្ដែមិនបានបញ្ជាក់ថានឹងទៅកោះតៃវ៉ាន់នោះទេ

ព័ត៌មាន
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រីណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានចាប់ផ្តើមដំណើរទស្សនៈកិច្ចរបស់លោកស្រីមកកាន់ប្រទេសអាស៊ីចំនួនបួននៅថ្ងៃអាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ