លោក ផា រដ្ឋា ប្រធានដេប៉ាតឺម៉ង់ក្សេត្រសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ដោយមើលឃើញពីការអភិវឌ្ឍគ្រាប់ពូជនៅកម្ពុជា ហាក់មិនទាន់មានភាពទូលំទូលាយ ជាពិសេសគ្រាប់ពូជពោតដំណើប លោកបានដឹកនាំក្រុមនិស្សិតជាង១០នាក់ សិក្សាស្រាវជ្រាវអភិវឌ្ឍន៍ពូជពោតដំណើបថ្មី ដើម្បីប្រកួតប្រជែងជាមួយពូជពោតដំណើបដែលកំពុងចរាចរនៅលើទីផ្សារបច្ចុប្បន្ន។ ក្រៅពីចង់ឱ្យកម្ពុជា មានពូជពោតដំណើបថ្មីផ្ទាល់ខ្លួនបន្ថែម ការស្រាវជ្រាវនេះ ក៏ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពូជពោតដំណើបពីក្រៅប្រទេសផងដែរ។
បើតាមការអះអាងរបស់ប្រធានដេប៉ាតឺម៉ង់ក្សេត្រសាស្ត្ររូបនេះ គម្រោងអភិវឌ្ឍន៍ពូជពោតដំណើបថ្មីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន និងរំពឹងថានឹងអាចទទួលបានពូជពោតដំណើបកូនបង្កាត់ថ្មីប្រភេទ Hybrid ជំនាន់ទី១ជាមួយរស់ជាតិផ្អែមឆ្ងាញ់ សាច់ដំណើបទន់ស្អិតរមួត គ្រាប់ពោតត្រង់ជួរល្អ និងគ្រាប់មានពណ៌ចម្រុះស្អាតជាដើម។
បើតាមប្រធានដេប៉ាតឺម៉ង់រូបនេះ បច្ចុប្បន្នការបង្កាត់ពូជពោតដំណើបនេះ កំពុងស្ថិតក្នុងការតេស្តដំណាក់កាលកូនបង្កាត់ថ្មីជំហានដំបូង ដើម្បីពិនិត្យមើលថា តើពូជដែលបានបង្កាត់នេះដូចអ្វីដែលចង់បានហើយឬនៅ ហើយការបង្កាត់នេះទៀតសោត ដើម្បីអាចទទួលបានពូជតាមអ្វីដែលចង់បាននោះ ត្រូវការបង្កាត់ដល់ទៅ៦ទៅ៧ដងឯណោះ។ តាមការរំពឹងទុករបស់ លោក ផា រដ្ឋា លទ្ធផលនៃការស្រាវជ្រាវអភិវឌ្ឍន៍ពូជពោតដំណើបថ្មីនេះ រំពឹងនឹងអាចសម្រេចបាននៅឆ្នាំ២០២៥ខាងមុននេះ។
លោក ផា រដ្ឋា បានបញ្ជាក់ថា បន្ទាប់ពីផលិតបានពូជពោតដំណើបថ្មីនេះជោគជ័យហើយនោះ ដេប៉ាតឺម៉ង់ក្សេត្រសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏នឹងមានគម្រោងបង្កាត់ពូជដំណាំផ្សេងៗទៀតផងដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា នៅក្នុងការបង្កាត់ពូជពោតដំណើប ក៏ដូចជាដំណាំផ្សេងៗទៀតនេះ ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ តួយ៉ាងដូចជាបច្ចុប្បន្ននេះនិស្សិតដែលសិក្សាជំនាញកសិកម្ម គឺមានចំនួនតិចបើធៀបនឹងជំនាញផ្សេងៗ ដែលធ្វើឱ្យខ្វះនូវធនធានមនុស្សសម្រាប់ស្រាវជ្រាវ នឹងអភិវឌ្ឍន៍លើការបង្កាត់ពូជដំណាំនេះ៕