ឧស្សាហកម្មស្វាយចន្ទីត្រូវការទុនបង្វិល ៣០០លានដុល្លារ/ឆ្នាំ

អ្នកជំនាញអះអាងថា វិស័យឧស្សាហកម្មស្វាយចន្ទីត្រូវការទុនបង្វិល ៣០០លានដុល្លារក្នុងមួយឆ្នាំ


ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា យ៉ាងហោចណាស់ ឧស្សាហកម្មស្វាយចន្ទីកម្ពុជា ត្រូវការដើមទុនបង្វិលប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ ទើបអាចគ្រប់គ្រាន់សម្រាប់ការគាំទ្រដល់ខ្សែចង្វាក់ផលិតកម្ម និងកែច្នៃដំណាំសក្ដានុពលមួយនេះបាន។ ការអះអាងរបស់សមាគមស្វាយចន្ទីកម្ពុជានេះ ធ្វើឡើង ស្របពេលដែលឧស្សាហកម្មស្វាយចន្ទី បច្ចុប្បន្នកំពុងត្រូវបានយកចិត្តទុកដាក់កាន់តែខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី។
អ្នកជំនាញអះអាងថា វិស័យឧស្សាហកម្មស្វាយចន្ទីត្រូវការទុនបង្វិល ៣០០លានដុល្លារក្នុងមួយឆ្នាំ
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងបញ្ជាក់ថា នៅក្នុងវិស័យស្វាយចន្ទី គឺត្រូវការប្រាក់កម្ចីយ៉ាងហោចណាស់ ៣០០លានដុល្លារក្នុង១ឆ្នំាសម្រាប់ធ្វើជាទុនបង្វិលលើវិស័យស្វាយចន្ទីនេះ។ លោកបន្ថែមថា បច្ចុប្បន្ន មានធនាគាររដ្ឋចំនួន២ហើយ ដែលបានអះអាងពីការគាំទ្រដល់ខ្សែចង្វាក់ផលិតកម្ម និងកែច្នៃស្វាយចន្ទីនៅកម្ពុជា រួមមានធនាគារ SME ដែលបានប្រកាសពីការបញ្ចេញេដើមទុន១០០លានដុល្លារសម្រាប់ផ្ដល់ជាទុនកម្ចីដល់សហគ្រាសធុនតូចនិងមធ្យម រួមទាំងឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជាផងដែរ។ រីឯ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏បានបង្ហាញពីការគាំទ្ររបស់ខ្លួន តាមរយៈការផ្ដល់កម្ចីដល់កសិករដែលដាំដុះដំណាំស្វាយចន្ទីដូចគ្នាដែរ។

លោក អួន ស៊ីឡុត បន្ថែមថា ហើយក្រៅតែពីធនាគារទាំង២នេះ សមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងប្រឹងប្រែងចរចារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ទាក់ទងនឹងការទទួលបានប្រាក់កម្ចីអនុគ្រោះសម្រាប់វិស័យស្វាយចន្ទី។

ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់កាលពីថ្ងៃទី ១១ ខែមិថុនា ថា ដើម្បីឱ្យកម្ពុជាក្លាយជាអធិរាជគ្រាប់ស្វាយចន្ទីនាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលកសិករបានជួបប្រទះ គឺចាំបាច់ត្រូវធ្វើការដោះស្រាយ។ ឯកឧត្ដម បានបន្តថា ក្នុងករណីប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនោះ ឯកឧត្ដមលើកទឹកចិត្តដល់កសិករអាចស្នើសុំឥណទានពីធនាគារ ARDB បាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជីថ្នាំ ម៉ាស៊ីនបកស្វាយចន្ទី សាងសង់ឃ្លាំងស្តុក និងលានហាលជាដើម ហើយអត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះប្រជាកសិករនៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និងដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម និងដើម្បីបង្កើនសង្វាក់ផលិតកម្មសម្រាប់នាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេសដើម្បីឱ្យមានការប្រកួតប្រជែង។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តកសិករអាចគិតគូរស្នើសុំឥណទានពីធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុកផងដែរ។

បើតាមការអះអាងរបស់ ប្រធានសមាគមស្វាយចន្ទីកម្ពុជា មកទល់ពេលនេះ សមាគមនៅមិនទាន់បានជួបពិភាក្សាគ្នាផ្ទាល់ជាមួយធនាគារ ARDB នៅឡើងទេជុំវិញការផ្ដល់កម្ចីនេះ។ ទោះយ៉ាងណា នៅពេលឆាប់ៗខាងមុខនេះ សមាគមស្វាយចន្ទីកម្ពុជា នឹងរកឱកាសជួបជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច ដើម្បីពិភាក្សាចរចាគ្នាទៅលើការផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ ក៏ដូចជាលក្ខខ័ណ្ឌកម្ចី និងលក្ខខណ្ឌសងត្រលប់វិញជាមួយធនាគារ ARDB ជាដើម៕




អត្ថបទបន្ទាប់


រដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន

រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញសំខាន់ៗ មួយចំនួ…

ប្រមុខណាតូប្រាប់អាមេរិកដោយសង្ឃឹមថា ការចាប់ផ្តើមវាយបករបស់កងទ័ពអ៊ុយក្រែននឹងបង្ខំឱ្យរុស្ស៊ីចូលតុចរចា

អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃអង្គារ ទី ១៣ មិថុនា បានប្រាប់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅឯសេតវិមានថា កងកម្លាំងអ៊ុយក្រែនដែលមាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ