លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យហានិភ័យក្នុងវិស័យនេះមានការកើនខ្ពស់ជាងមុន ដែលជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវពង្រឹងគុណភាពលើការផ្តល់កម្ចីសម្រាប់វិស័យនេះ។
អ្នកជំនាញរូបនេះយល់ឃើញថា ការរឹតបន្តឹងលើការផ្តល់កម្ចីសម្រាប់វិស័យអចលនទ្រព្យក្នុងកាលៈទេសៈបច្ចុប្បន្ន វាជារឿងមួយល្អ ព្រោះវាអាចជួយការពារហានិភ័យជូនអតិថិជន និងប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់កម្ចីក្នុងវិស័យមួយនេះ។ ជារឿងល្អ ក៏ដោយសារតែកន្លងមកនេះមានបញ្ហាជាច្រើនបានកើតឡើងទាក់ទងនឹងកម្ចីក្រៅប្រព័ន្ធ ឬការទទួលកម្ចីផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ។ ម្យ៉ាងទៀត ការពង្រឹងគុណភាពលើការផ្តល់កម្ចីសម្រាប់វិស័យអចលនទ្រព្យនេះ គឺដើម្បីធ្វើឱ្យវិស័យយនេះមានស្ថិរភាព និងភាពច្បាស់លាស់មកវិញ ដោយសារតែការប្រើប្រាស់កម្ចីដែលមានគុណភាពទៅលើវិស័យអចលនទ្រព្យនេះ នឹងអាចកាត់បន្ថយបញ្ហាជាច្រើនដែលអាចកើតមានជាយថាហេតុ។
ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង ប្រធានអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL យល់ឃើញថា ការរឹតបន្តឹងការផ្តល់ឥណទានលើការទិញផ្ទះ ឬអចលនទ្រព្យក្នុងកាលៈទេសៈបច្ចុប្បន្នពីសំណាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ វាមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់មកលើទីផ្សារអចលនទ្រព្យប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយហានិភ័យដល់វិស័យហិរញ្ញវត្ថុផងដែរ។
អ្នកជំនាញរូបនេះអះអាងថា ការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យមិនបានត្រឹមត្រូវ វាមិនត្រឹមតែផ្តល់ហានិភ័យដល់វិស័យអចលនទ្រព្យនោះទេ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុផងដែរ តាមរយៈការជំរុញឱ្យកម្ចីមិនដំណើរការមានការកើនឡើង។
គួរបញ្ជាក់ថា កាលពីពេលទៅថ្មីៗ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ក្រោយលោកជំទាវមើលឃើញពីទន់ខ្សោយរបស់វិស័យនេះ ដែលទីផ្សារផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋានមានការថយចុះ គួបផ្សំលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះក៏មានការថមថយ។ ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ក្រោយកំណើនឥណទានមានការថយចុះ គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានធ្វើឱ្យឥណទានមិនដំណើរការកើនឡើងលឿន ដែលទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។
បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ ក្នុងនោះទំហំកម្ចីជាង៥៣% ត្រូវបានផ្តល់លើការទិញផ្ទះ ជាង៤៥% ជាកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាង១% ជាកម្ចីសម្រាប់បណ្ណឥណទាន៕