នាវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤» នាពេលថ្មីៗនេះ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ វាបានផ្ដល់នូវការយល់ដឹងយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយអំពីសមិទ្ធិផលនៃដំណើរការកែទម្រង់ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល២០ឆ្នាំកន្លងមកនេះ។
ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលពីរទសវត្សរ៍មកនេះ គឺជាខ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនខ្ពស់រយៈពេលវែងរហូត៧% មុនកើតមានវិបត្តិកូវីដ-១៩។
ជារួមឯកឧត្តម ចាន់ សុធី កត់សម្គាល់ឃើញថា នៅ៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចបានលទ្ធផលល្អក្នុងការប្រមូលចំណូលជាមួយកំណើន១ភាគ៣ ដែលបានបង្ហាញពីភាពល្អប្រសើរនៃការគ្រប់គ្រងថវិការដ្ឋ ហើយវាជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងការប្រមូលចំណូលរបស់កម្ពុជា មានការកើនឡើង ការចំណាយសាធារណៈ ក៏មានការកើនឡើងដូចគ្នានៅ៥ឆ្នាំចុងក្រោយនេះ។ កត្តាសំខាន់ដែលធ្វើឲ្យការចំណាយសាធារណៈមានការកើនឡើង រួមមានតម្រូវការចំណាយលើកម្មវិធីពិសេសសម្រាប់ការអនុវត្តកម្មវិធីអន្តរាគម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច, ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយនៅក្នុងរយៈពេល៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាអស់ប្រមាណ៣ពាន់៤៤៦លានដុល្លារ។
ក្រៅពីចំណាយលើការអនុវត្តអន្តរាគមលើសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏បានចំណាយទៅលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនទៀត ដូចជាការឧបត្ថម្ភសម្រាប់ថ្នាក់ក្រោមជាតិ, ការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការស៊ីហ្គេម, ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់២០២២ និងការបោះឆ្នោតសកលនីតិកាលទី៧ ជាដើម។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេលជាង២០ឆ្នាំមកនេះ ទទួលបានសមិទ្ធផលធំៗចំនួន៥ រួមមាន៖ ទី១.ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា, ទី២.ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។
ទី៣.រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក«ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»,ទី៤.ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង និងទី៥.ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ៕