បាតុភូតអែលនីណូ

ទោះរងបាតុភូតអែលនីណូ តែកម្ពុជា នៅតែរំពឹងអាចឈានទៅសម្រេចផែនការនាំចេញអង្ករឱ្យបាន១លានតោន


ទោះបីជាការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករកម្ពុជា នៅឆ្នាំនេះ បានរងការគំរាមកំហែងពីកត្តារួមផ្សំមួយចំនួនដូចជាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់អាកាសធាតុពីបាតុភូតអែលនីណូយ៉ាងណាក្តី ក៏សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា មហិច្ឆតានាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំនេះនឹងអាចសម្រេចបានជោគជ័យ។ ការបង្ហាញជំនឿចិត្តយ៉ាងមុតមាំបែបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ រហូតដល់ទៅជាង៧០ម៉ឺនតោនរួចស្រេចហើយនៅក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។
បាតុភូតអែលនីណូ
ដោយ

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតមាំថា មហិច្ឆតានាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងអាចសម្រេចលទ្ធផលជាផ្លែផ្កានៅក្នុងឆ្នាំ២០២៦ នេះ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីសម្រេចគោលដៅជាប្រវត្តិសាស្ត្រនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្មតាំងពីដើមឆ្នាំមកម្ល៉េះ តាមរយៈការបើកច្រក និងពង្រីកទីផ្សារនាំចេញថ្មីៗបន្ថែមទៀត។

ជាក់ស្តែងត្រឹមតែរយៈពេល៧ខែដើមឆ្នាំនេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណជាង៧០ម៉ឺនតោនរួចទៅហើយ។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្នការបង្កបង្កើនផលស្រូវក្នុងស្រុកហាក់រងការគំរាមកំហែងខ្លះៗពីបាតុភូតអាកាសធាតុអែលនីណូក៏ដោយ ប៉ុន្តែលទ្ធភាពនៃការផលិតអង្ករប្រមាណ៣០ម៉ឺនតោនបន្ថែមទៀតសម្រាប់នាំចេញក្នុងរយៈពេល៥ខែចុងក្រោយនេះ គឺមិនមានឧបសគ្គរាំងស្ទះនោះឡើយ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មយល់ឃើញថា ប្រសិនបើមានការសហការគ្នាល្អរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអ្នកផលិត និងក្រុមហ៊ុននាំចេញ ព្រមទាំងតួអង្គផ្សេងៗទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសន្យាទិញលក់ និងអនុវត្តឱ្យបានត្រឹមត្រូវស្មោះត្រង់នោះ ផែនការនាំចេញអង្ករចំនួន១លានតោនរបស់កម្ពុជានឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៦ នេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានព្រមានថា ប្រសិនបើរាជរដ្ឋាភិបាល មិនអាចដោះស្រាយបញ្ហាប្រព័ន្ធស្រោចស្រពប្រកបដោយគុណភាពទេនោះ កសិករនៅតែបន្តប្រឈមនឹងការខ្វះខាតទឹកក្នុងការដាំដុះដំណាំស្រូវឱ្យបានពេញមួយឆ្នាំ ខណៈបាតុភូតអែលនីណូកំពុងបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើកសិកម្មនៅក្នុងពិភពលោក តំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០២៥ កន្លងទៅ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៩៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង៦០០លានដុល្លារ កើនឡើងប្រមាណ៤៦% បើធៀបនឹងឆ្នាំ២០២៤។ អង្ករដែលកម្ពុជា នាំចេញភាគច្រើនជាប្រភេទអង្ករប្រណីតរួមមានអង្ករផ្ការំដួល និងអង្ករសែនក្រអូបជាដើម៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រ…

មេរោគកំពុងរាលដាលតាម Telegram! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់វិធីការពារ​គណនីពីការលួចចូល

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងខ្លាំងនៃការចែកចាយមេរោគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ