ក្រុមអ្នកស្រាវជ្រាវបានព្រមានថា បាតុភូតអែលនីណូ កំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១៥០ឆ្នាំចុងក្រោយនេះ។ យោងតាមអត្ថបទស្រាវជ្រាវ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រដ៏ល្បី Nature បានឱ្យដឹងថា ថាមពលកម្ដៅ ដែលបញ្ចេញពីបាតុភូតនេះនៅឯមហាសមុទ្រ រួមផ្សំជាមួយនឹងការប្រែប្រួលអាកាសធាតុដែលបង្កដោយមនុស្ស នឹងធ្វើឱ្យស្ថានភាពអាកាសធាតុពិភពលោកក្នុងឆ្នាំ២០២៧ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
លោក ហ្សិក ហូសហ្វាឌ័រ (Zeke Hausfather) អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៅវិទ្យាស្ថាន Berkeley Earth មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា បាតុភូតអែលនីណូ នឹងជំរុញឱ្យសីតុណ្ហភាពជាមធ្យមនៅលើពិភពលោកក្នុងឆ្នាំ២០២៧ កើនឡើងរហូតដល់១,៧អង្សាសេ ខណៈដែលកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតកន្លងមក គឺមិនទាន់ឈានដល់កម្រិត១,៥អង្សាសេនៅឡើយទេ។ លោកបានអះអាងថា នេះអាចជាគ្រោះមហន្តរាយអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។
បច្ចុប្បន្នតាមការកត់ត្រារបស់អ្នកវិទ្យាសាស្ត្រ បាតុភូតអែលនីណូ កំពុងបង្ហាញវត្តមាននៅមហាសមុទ្រប៉ាស៊ីហ្វិក ស្របពេលដែលចរន្តទឹកក្តៅបាន និងកំពុងរំកិលទៅទិសខាងកើតឆ្ពោះទៅកាន់តំបន់សមុទ្រទឹកត្រជាក់។ តាមការព្យាករណ៍ កម្រិតហានិភ័យនៃបាតុភូតនេះអាចនឹងស្ទុះឡើងរហូតដល់៦៣% ចាប់ពីចុងឆ្នាំ២០២៦ រហូតដល់ខែឧសភា ឆ្នាំ២០២៧។
ពាក់ព័ន្ធនឹងវិបត្តិដ៏គួរឱ្យបារម្ភនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) បានអំពាវនាវថា ពិភពលោកត្រូវតែចាត់ទុកបញ្ហានេះជាការព្រមានអាសន្នអាកាសធាតុដ៏ម៉ឺងម៉ាត់បំផុត ព្រោះប្រសិនបើប្រហែស ឥទ្ធិពលនៃបាតុភូតអែលនីណូ នឹងប្រៀបដូចជាការចាក់សាំងដុតកម្ដៅ និងកំឡោចភពផែនដីបន្ថែមលើសង្គ្រាម និងវិបត្តិពិភពលោក ដែលកំពុងតែកើតមានស្រាប់៕
ដោយៈ សរ សុជាតិ