វិស័យកសិកម្ម

តើកសិករធ្វើស្រែគួរដល់ពេលផ្លាស់ប្តូរពូជស្រូវ OM របស់វៀតណាម មកប្រើពូជក្នុងស្រុក ឬយ៉ាងណា?


ក្រុមកសិករ ដែលធ្វើស្រែដោយប្រើប្រាស់ពូជស្រូវ OM ដែលជាពូជស្រូវនាំចូលពីប្រទេសវៀតណាម នៅឆ្នាំនេះ កំពុងជួបបញ្ហាទីផ្សារ និងតម្លៃស្រូវមានការធ្លាក់ចុះ ក្រោយឈ្មួញវៀតណាម កាត់បន្ថយការចុះប្រមូលទិញ ដោយសារបរិមាណស្រូវនៅក្នុងប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងស្ថិតក្នុងកម្រិតឆ្អែត។ នេះមិនមែនជាលើកទី១ នោះទេ ដែលស្រូវប្រភេទ OM ជួបបញ្ហាទីផ្សារ និងធ្លាក់ថ្លៃ ពោលគឺបញ្ហានេះបានកើតឡើងស្ទើររៀងរាល់ឆ្នាំនៅពេលប្រមូលម្តងៗ។
វិស័យកសិកម្ម
ដោយ

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មមួយរូបដែរនោះកត់សម្គាល់ឃើញថា ជាទូទៅកសិករធ្វើស្រែនៅកម្ពុជា ភាគច្រើនប្រើប្រាស់ពូជណា ដែលមានតម្រូវការទីផ្សារខ្ពស់ និងផ្នែកតាមបទពិសោធន៍ដែលខ្លួនមាន។ ពាក់ព័ន្ធការលើកទឹកចិត្តឱ្យកសិករងាកមកធ្វើស្រែដោយប្រើប្រាស់ពូជស្រូវក្នុងស្រុកដូចជាស្រូវរំដួល និងសែនក្រអូបជាដើម អ្នកជំនាញរូបនេះបានចោទជាសំណួរថា ប្រសិនបើកសិករគ្រប់រូបងាកប្រើប្រាស់ពូជក្នុងស្រុកទាំងអស់គ្នា តើភាគីពាក់ព័ន្ធហ៊ានធានាទីផ្សារស្រូវជូនកសិករកម្រិតណា ព្រោះតម្រូវការមានការកំណត់?

​ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា បញ្ហារឿងតម្លៃស្រូវធ្លាក់ថ្លៃនេះ វាជាបញ្ហាចាក់ស្រឹះមួយរបស់កសិករ ដែលបានកើតមានឡើងជាច្រើនឆ្នាំមកហើយ។ លោកកត់សម្គាល់ឃើញថា កាលពីឆ្នាំមុនទីផ្សារ និងតម្លៃស្រូវប្រភេទ OM មិនមានបញ្ហាក៏ដោយសារតែមានឈ្មួញវៀតណាមចុះមកប្រមូលទិញច្រើន តែឆ្នាំនេះពួកគេបានកាត់បន្ថយបរិមាណទិញ។ សម្រាប់អ្នកជំនាញរូបនេះ ការជ្រើសរើសពូជស្រូវសម្រាប់ដាំដុះរបស់កសិករ វាអាស្រ័យទៅតាមតំបន់ និងប្រភេទដីដែលកសិកររស់នៅ។ យ៉ាងណាក៏ដោយ លោកស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយផ្សព្វផ្សាយឱ្យបានទូលាយពីការជ្រើសរើសពូជស្រូវក្នុងស្រុក និងបញ្ជាក់ពីការធានាទីផ្សារ និងតម្លៃស្រូវប្រភេទនោះជូនកសិករឱ្យបានច្បាស់លាស់។

​យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់លោក ភោក ភា ប្រធានសហគមន៍កសិកម្មភូមិ៣មានជ័យ និងជាកសិករធ្វើស្រែម្នាក់នៅស្រុកគិរីវង់ ខេត្តតាកែវ កត្តាដែលធ្វើឱ្យកសិករនៅស្រុកគិរីវង់ ភាគច្រើនបន្តធ្វើស្រែដោយប្រើប្រាស់ពូជស្រូវ OM គឺដោយសារនៅតំបន់របស់លោកមានទឹកជំនន់ ដូច្នេះហើយពិបាកក្នុងការប្រើប្រាស់ពូជស្រូវក្នុងស្រុក។ ម្យ៉ាងទៀតដោយសារពូជស្រូវ OM អាចផ្តល់ផលខ្ពស់ និងចំណាយពេលដាំដុះតិចជាងពូជស្រូវក្នុងស្រុក។ តែយ៉ាងណាលោក ក៏បានបំផុសគំនិតដល់ក្រុមកសិករធ្វើស្រែឱ្យសាកល្បងពូជស្រូវក្នុងស្រុកផងដែរ។

​ពាក់ព័ន្ធទីផ្សារស្រូវនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ស្រូវដែលកំពុងធ្លាក់ថ្លៃបច្ចុប្បន្នជាប្រភេទស្រូវ OM ដែលភាគច្រើនផលិតសម្រាប់នាំចេញទៅប្រទេសវៀតណាម តែសម្រាប់ស្រូវដែលប្រើប្រាស់ពូជក្នុងស្រុកនៅរក្សាបានតម្លៃល្អប្រសើរ ដោយសារវាមានតម្រូវការខ្ពស់។ ការធ្លាក់ចុះតម្លៃស្រូវ OM នាពេលបច្ចុប្បន្ននេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា គឺដោយសារបរិមាណផលិតស្រូវប្រភេទនេះនៅឆ្នាំនេះហាក់លើសតម្រូវការ ស្របពេលឈ្មួញវៀតណាមកាត់បន្ថយការនាំចូល។ ទន្ទឹមនឹងនេះ ឯកឧត្តម បន្តលើកទឹកចិត្តឱ្យកសិករពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក ដ្បិតវាមានទីផ្សារល្អ។

​គួរបញ្ជាក់ថា បើតាមការអះអាងរបស់ក្រុមកសិករតម្លៃស្រូវប្រភេទ OM នៅឆ្នាំនេះបានធ្លាក់ថ្លៃមកនៅក្នុងរង្វង់៧០០រៀលក្នុង១គីឡូក្រាម ខណៈកាលពីឆ្នាំមុននៅពេលមានតម្រូវការខ្ពស់ពីវៀតណាមស្រូវប្រភេទនេះអាចលក់បានរហូតដល់ជាង១ពាន់រៀលក្នុង១គីឡូក្រាម ដែលជំរុញឱ្យកសិករបង្កើនការដាំដុះពូជស្រូវប្រភេទនេះកាន់តែច្រើននៅឆ្នាំនេះ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋលើកលែងពន្ធអាករពិសេសលើផលិតផលស៊ីម៉ង់ត៍២ឆ្នាំ ដើម្បីជួយឧស្សាហកម្មស៊ីម៉ង់ត៍ក្នុងស្រុក

រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអាករពិសេសលើផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥ ដល់ដំណា…

តើមានកត្តាអ្វីជំរុញមេផ្សារហ៊ុនរំពឹងតម្លៃជួញដូរភាគហ៊ុននៅកម្ពុជា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០២៥នេះ?

ទោះបីនៅក្នុងឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា មិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក ពោលគឺទាំងទំហំជួញដូរ និងតម្លៃភាគហ៊ុនមានទំនោរធ្លាក់ចុះគួរឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ