ទន្ទឹមនឹងតម្លៃស្រូវនៅកម្ពុជាកើនឡើង ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក៏មានស្ថានភាពល្អប្រសើរផងដែរ ពោលគឺនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបានជាង៣៦ម៉ឺនតោន ស្មើនឹងជាង៥០% នៃផែនការ៧០ម៉ឺនតោន គិតជាទឹកប្រាក់មានតម្លៃសរុបជាង២៥០លានដុល្លារអាមេរិក។ ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មបានវាយតម្លៃខ្ពស់ចំពោះវិស័យស្រូវ-អង្ករនាឆ្នាំនេះ និងរំពឹងថា តម្លៃស្រូវអាចនឹងបន្តប្រសើរឡើងបន្ថែមទៀត។
យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃអង្ករនៅតាមប្រទេសមួយចំនួនក្នុងតំបន់ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោកបានហាមមិនឲ្យមានការនាំចេញអង្ករមួយចំនួន ក្នុងគោលបំណងរក្សានូវសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ យ៉ាងណាមិញតម្លៃស្រូវនៅកម្ពុជាដែលជាប្រទេសផលិតស្រូវមួយក្នុងចំណោមបណ្ដាប្រទេសផលិតស្រូវជាច្រើនទៀត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង យល់ឃើញថា ស្ថានភាពវិស័យស្រូវ អង្ករ នាឆ្នាំនេះ មានភាពវិជ្ជមានគួរឲ្យកត់សម្គាល់ ។ ការអះអាងរបស់ប្រធានមន្ទីរកសិកម្មព្រៃវែងបែបនេះ ដោយសារលោកបានកត់សម្គាល់ឃើញថា បច្ចុប្បន្ន តម្លៃជី និងថ្នាំកសិកម្ម ហាក់មានការថយចុះ ស្របពេលដែលតម្លៃស្រូវកើនឡើង ដែលអាចធ្វើឲ្យកសិករទទួលបានផលចំណេញកាន់តែច្រើន។
បើតាមប្រធានមន្ទីរកសិកម្មព្រៃវែងរូបនេះ បច្ចុប្បន្នតម្លៃស្រូវនៅខេត្តព្រៃវែងអាចលក់ចេញជាមធ្យមចន្លោះពី១ ១០០រៀល ទៅ១ ៣០០រៀលក្នុង១គីឡូក្រាម។ ខេត្តព្រៃវែង ដែលជាខេត្តជាប់ព្រំប្រទល់នឹងប្រទេសវៀតណាម មានការពេញនិយមធ្វើស្រូវមិនប្រកាន់រដូវ ដែលមានរយៈពេលខ្លី និងអាចទទួលបានទិន្នផលខ្ពស់ ហើយសមស្របសម្រាប់នាំចេញទៅប្រទេសវៀតណាម។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំមន្ទីរកសិកម្មរូបនេះ ក្នុងមួយឆ្នាំៗខេត្តព្រៃវែងផលិតស្រូវបានជាច្រើនលានតោនសម្រាប់នាំចេញទៅប្រទេសវៀតណាម។ ជាក់ស្តែងត្រឹមតែ ៧ខែប៉ុណ្ណោះ ស្រូវប្រមាណ១លាន៤សែនតោនត្រូវបាននាំចេញពីខេត្តព្រៃវែងទៅកាន់ប្រទេសវៀតណាម។
ដោយឡែក សម្រាប់តម្លៃស្រូវនៅខេត្តតាកែវ ឯណោះវិញ ក៏មិនសូវខុសគ្នាប៉ុន្មានពីខេត្តព្រៃវែង នោះដែរ ពោលតម្លៃស្រូវនៅខេត្តតាកែវនៅឆ្នាំនេះ ក៏មានការកើនឡើងដូចគ្នា។ នេះបើតាមការគូសបញ្ជាក់របស់លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ។ បើតាមប្រធានមន្ទីរកសិកម្មរូបនេះ បច្ចុប្បន្នតម្លៃស្រូវមិនប្រកាន់រដូវនៅខេត្តមានព្រំប្រទល់វៀតណាមមួយនេះ អាចលក់ក្នុងតម្លៃជាមធ្យម១ពាន់២រយរៀលក្នុង១គីឡូក្រាម ខណៈកាលពីមុនតម្លៃស្រូវអាចលក់ចេញត្រឹមតែ១ពាន់រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។ បើតាមលោក ញឹប ស្រ៊ន ការកើនឡើងនូវតម្រូវការស្រូវរបស់ប្រទេសវៀតណាម បានធ្វើឲ្យតម្លៃស្រូវប្រសើរជាងមុន និងជំរុញឲ្យការនាំចេញស្រូវទៅកាន់វៀតណាម កាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ជាក់ស្ដែងការនាំចេញស្រូវពីខេត្តតាកែវ ទៅប្រទេសវៀតណាមអាចមានចន្លោះពី៤ពាន់តោនទៅ៥ពាន់ក្នុងមួយថ្ងៃៗ។
ជាមួយគ្នានេះលោកជំទាវ អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា វិបត្តិសាកលលោកបានធ្វើឲ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមានការកើនឡើង ដែលធ្វើឲ្យកម្ពុជាកំពុងសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្រូវស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ។
យ៉ាងណាមិញលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាយល់ឃើញថា ការកើនឡើងតម្លៃស្រូវនៅកម្ពុជា គឺជារឿងដ៏ល្អប្រសើរ ព្រោះអាចធ្វើឲ្យកសិករទទួលបានផលចំណេញខ្ពស់ តាមរយៈការលក់ស្រូវទៅឲ្យឈ្មួញ។ សម្រាប់លោក លន់ យ៉េង វាជារឿងធម្មតានៅពេលកសិករសម្រេចចិត្តលក់ស្រូវរបស់ពួកគេ នៅពេលស្រូវចាប់ផ្ដើមឡើងថ្លៃ ហើយកត្តានេះមិនបានធ្វើឲ្យមានផលប៉ះពាល់ដល់ការប្រមូលទិញស្រូវរបស់សហព័ន្ធស្រូវអង្ករ ដើម្បីនាំចេញនោះទេ។
សូមបញ្ជាក់ថា នៅរយៈពេល៧ខែក្នុងឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបានជាង៣៦ម៉ឺនតោនគិតជាទឹកប្រាក់ជាង២៥០លានដុល្លារអាមេរិក ដែលស្មើនឹងជាង៥០%នៃផែនការ៧០ម៉ឺនតោន។ ក្នុងនោះ អង្ករភាគច្រើនដែលបាននាំចេញទៅកាន់ទីផ្សារគោលដៅ គឺប្រភេទអង្ករក្រអូប ដែលមានរហូតជាង៨២% នៃអង្ករនាំចេញសរុប ខណៈអង្ករសគ្រាប់វែងមានជាង១២%។ ប្រទេសចិន នៅតែជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជា ហើយក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន សម្រេចបានក្នុងបរិមាណជាង១៤ម៉ឺនតោន។ដែលគិតជាទឹកប្រាក់មានជាង៩០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕