កត្តានេះបានជំរុញឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងជំរុញការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបង្គោលអង់តែន និងខ្សែកាប ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអ៊ិនធឺណិត និងសេវាទូរសព្ទ ក៏ដូចជាលើកកម្ពស់សិទ្ធិក្នុងការទទួលបានព័ត៌មាន។
ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍ បានចាត់ទុកសិទ្ធិទទួលបានព័ត៌មាន វាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិក្នុងសម័យសង្គមឌីជីថល។
ប៉ុន្តែវាទាមទារឲ្យពលរដ្ឋត្រូវមានចំណេះដឹង
ដើម្បីអាចវិភាគឲ្យបានស៊ីជម្រៅលើព័ត៌មានទាំងនោះ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្ត
ឬប្រកបអាជីវកម្មណាមួយ។
ព្រោះបច្ចុប្បន្នភាពសម្បូរបែបនៃព័ត៌មានវាមានទាំងព័ត៌មានពិត
និងព័ត៌មានក្លែងក្លាយនៅលាយឡំជាមួយគ្នា។
ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានលើកឡើងពីផែនការ និងការងារដែលក្រសួងកំពុងធ្វើ និងគ្រោង ដើម្បីលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។ ក្រសួងបាននិងកំពុងខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក និងបង្គោលសេវាទូរសព្ទ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងនូវប្រព័ន្ធអ៊ិនធឺណិត និងសេវាទូរសព្ទ ដែលជាមធ្យោបាយទំនាក់ទំនង និងទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
ទន្ទឺមនឹងនេះ ក្រសួងប្រៃសណីយ៍ ក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កម្រិតអក្ខរកម្មឌីជីថលនៅកម្ពុជាផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យមានសិទ្ធគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន និងយកផលប្រយោជន៍ពីព័ត៌មានទាំងនោះប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវ។
ការលើកឡើងខាងលើរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ធ្វើឡើងពេលក្នុងពិធីប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលប្រចាំឆ្នាំ២០២១ កាលពីពេលថ្មីៗ៕