លោក ស៊ូរ៉ាចិត កុងឈីប (Surachet Kongcheep) នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ DNA បាននិយាយថា នៅក្នុងឆ្នាំនេះគម្រោងខុនដូថ្មីៗជាច្រើននៅក្នុងទីក្រុងបាងកក បានដាក់លក់ក្នុងតម្លៃជាង៦ពាន់ដុល្លារអាម៉េរិក ក្នុង១ម៉ែត្រការ៉េ ខណៈកាលពីឆ្នាំ២០១៩ តម្លៃបែបនេះ គឺកម្រមានខ្លាំងណាស់។
លោក ស៊ូរ៉ាចិត បានបន្តថា គម្រោងខុនដូប្រណីតៗទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅក្នុងតំបន់កណ្ដាលរាជធានីបាងកក ជាពិសេសគឺស្ថិតនៅតាមបណ្ដោយទន្លេចៅប្រាយ៉ាតែម្ដង។លោកបានបន្ថែមថា អ្នកទិញកំពុងទិញយកខុនដូនៃគម្រោងទាំងនេះយ៉ាងឆាប់រហ័ស ទោះជាតម្លៃខ្ពស់ក៏ដោយ ក៏គម្រោងមួយចំនួនបានរាយការណ៍ថា មានការកក់ទុកមុន៦៥-៨៥%។
លោក ស៊ូរ៉ាចិត ក៏បានព្យាករដែរថា តម្លៃសម្រាប់ខុនដូប្រណីតថ្មីៗនឹងកើនឡើងដល់កម្រិតកំពូលរហូតដល់ជាង១៦លានដុល្លារក្នុងមួយយូនីតក្នុងពេលឆាប់ៗនេះ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សជាច្រើនបានចំណាយប្រាក់កាន់តែច្រើន ដើម្បីទិញដីនៅតាមទីតាំងសំខាន់ៗនៅក្នុងទីក្រុងបាងកក។
ក្រុមហ៊ុន Property DNA ក៏បានព្យាករដែរថា អ្នកទិញដែលមានទ្រព្យសម្បត្តិច្រើននឹងទិញយកខុនដូប្រណីតៗនៅតាមគម្រោងមួយចំនួនដូចជា គម្រោង One Bangkok នៅលើផ្លូវ Wireless Road និងគម្រោង Dusit Central Park នៅលើផ្លូវរ៉ាម៉ាទី៤ ជាដើម ហើយក្រុមហ៊ុនអចលនទ្រព្យមួយចំនួនក៏បានបង្កើតជាក្រុមជាមួយនឹងប្រតិបត្តិករនៅតាមសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីត្រួតពិនិត្យគម្រោងនេះ ដែលជំរុញឱ្យតម្លៃខុនដូរបស់គម្រោងទាំងនេះឡើងថ្លៃកាន់តែខ្ពស់៕
អត្ថបទ៖ សុខ មង្គល