សង្គ្រាមឈីបរវាងអាមេរិក-ចិន

សង្គ្រាមឈីបរវាងអាមេរិក និងចិនចាប់ផ្ដើមផ្ទុះរាលដាល កំពុងបង្កឲ្យក្រុមហ៊ុនពាក់ព័ន្ធកាន់តែច្រើនរងទុក្ខ


ក្នុងរយៈពេលមិនដល់មួយខែផង នៃការចេញវិធានការរបស់អាមេរិកក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន បានធ្វើឱ្យសង្គ្រាមឧស្សាហកម្មឈីបរវាងប្រទេសមហាអំណាចទាំងពីរនេះ ពុះកញ្ជ្រោលខ្លាំងឡើងៗហើយ ដោយក្នុងនោះយក្ស Apple បានផ្អាកផែនការប្រើឈីបក្រុមហ៊ុនចិន ហើយក្រោយមកត្រូវក្រុមហ៊ុនចិនសងសឹកវិញ ដោយបណ្តេញបុគ្គលិកជនជាតិអាមេរិកាំងទាំងអស់ចេញពីក្រុមហ៊ុនរបស់ខ្លួនផងដែរ។
រូបតំណាង៖ សង្គ្រាមឈីបរវាងអាមេរិក និងចិន
ដោយ

ជាមួយគ្នានេះ សង្គ្រាមឧស្សាហកម្មបន្ទះឈីបរវាងអាមេរិក​ និងចិននេះ វាក៏បាន​រាលដាល​ដល់​ក្រុមហ៊ុន​ឈីបធំៗផ្សេងៗទៀតដែរ ដូចជា​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​របស់​​កូរ៉េខាងត្បូងថ្មីៗនេះ បាន​លើកឡើង​ពីសេណារីយ៉ូដ៏អាក្រក់បំផុត​ អាចនឹងរុញច្រាន​ឲ្យ​ក្រុមហ៊ុន​​បិទរោងចក្រ​នៅប្រទេស​ចិនចោល ជាមួយ​នឹង​ការមើលឃើញពី​ការ​ខាតបង់​ប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់​​ ដោយសារតែ​​សង្គ្រាម​បច្ចេកវិទ្យា​មួយនេះផងដែរ។ នេះបើតាម​ការរាយការណ៍ដោយ​សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

យោងតាមការចុះផ្សាយ​របស់​កាសែត The Financial Times កាលពីថ្ងៃចន្ទ ទី២៤តុលាឱ្យដឹងថា ក្រុមហ៊ុនឈីបចិន Yangtze Memory Technologies Co (YMTC) បាន​បណ្តេញ​នយោជិក​ជនជាតិអាមេរិកាំង ចេញ​ពីតំណែង​សំខាន់ៗនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែគេ​មិនបាន​ដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាន​នាក់​ដែលត្រូវបានបណ្តេញចេញ។

សារព័ត៌មាននេះ បានដកស្រង់សម្តីចេញពីប្រភព​ម្នាក់​ដែល​ជិតស្និទ្ធ​នឹងក្រុមហ៊ុន​ចិន​នេះថា ការ​ស្នើឱ្យ​បុគ្គលិក​​ជនជាតិអាមេរិក លាឈប់​ពីក្រុមហ៊ុននេះ គឺ​ជាភាព​ចាំបាច់​សម្រាប់​ក្រុមហ៊ុន និង​ជាសិទ្ធិ​រុះរើបុគ្គលិក​ផងដែរ ស្របទៅតាម​ការតម្រូវថ្មី​របស់​អាជ្ញាធរអាមេរិក​លើការគ្រប់គ្រង​ការនាំចេញ​ផលិតផល​បច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន​។

គួររំលឹក​ថា កាលពី​សប្តាហ៍​មុន មាន​សេចក្តី​រាយការណ៍ថា ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស​អាមេរិក Apple បានផ្អាកផែនការប្រើប្រាស់​ឈីប​អង្គចងចាំ​ពីក្រុមហ៊ុនចិនដ៏ធំបំផុត YMTC នេះ ដើម្បីបំពាក់លើផលិតផលរបស់ខ្លួន ជាពិសេសគឺទូរសព្ទ iPhone។ ការផ្អាកផែនការនេះ បន្ទាប់ពីមានវិធានការ​តឹងរ៉ឹង​ដែលបានដាក់ដោយរដ្ឋាភិបាល​ក្រុងវ៉ាស៊ិនតោន ទៅលើក្រុម​ហ៊ុន​បច្ចេកវិទ្យា​​ផលិតផលបន្ទះឈីបរបស់ចិន។

ឈីបដែល Apple គ្រោងនឹងប្រើនេះ គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន YMTC ហើយម្យ៉ាងទៀតវាមានតម្លៃធូរថ្លៃប្រមាណ ២០% បើធៀបនឹង​ឈីបរបស់ Samsung។

គួរដឹងដែរថា ក្រុមហ៊ុន YMTC ក៏បានចាប់ផ្តើមងាកចេញបន្តិចម្តងៗ​ពីការពឹងផ្អែក​លើដង្ហើម​របស់​ក្រុមហ៊ុនអាមេរិកផងដែរ បន្ទាប់ពីបានឃើញមេរៀន​ជាក់ស្តែងរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្ម​កាលពី​ឆ្នាំ២០២០។

ជុំវិញ​វិធានការរឹតត្បិត​ការនាំចេញគ្រឿងបរិក្ខារផលិតឈីបរបស់អាមេរិកនេះដែរ ក៏បាន​ធ្វើឱ្យប៉ះពាល់​​ដល់​ក្រុមហ៊ុន​ឈីបធំៗ​របស់​កូរ៉េខាងត្បូងផងដែរ។ ក្រុមហ៊ុនកូរ៉េ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិត​ឈីប​អង្គចងចាំក្នុងប្រទេសចិន ក្នុងករណី ដែលក្រុមហ៊ុន​មានជួបផលប៉ះពាល់​ផ្នែកប្រតិបត្តិការខ្លាំង​ ដោយសារតែវិធានការរឹតបន្ដឹងរបស់អាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុន SK Hynix ក៏កំពុងរងគ្រោះនៃការធ្លាក់ចុះប្រាក់ចំណេញ ដោយសារតែ​បញ្ហាអតិផរណា​ផងដែរ។

ចំណែក​ក្រុមហ៊ុន​យក្សមួយទៀត គឺក្រុមហ៊ុន Samsung ក៏បង្ហាញ​ពីភាពមិនច្បាស់​លាស់​ពី​អនាគតរោងចក្រ​របស់ខ្លួន​នៅប្រទេស​ចិនផងដែរ បើទោះ​បីជាទទួល​បានភ្លើងខៀវ​ពីរដ្ឋាភិបាល​អាមេរិក ដែលអាចបន្តប្រើ​គ្រឿង​បរិក្ខារផលិតឈីប​របស់​ក្រុមហ៊ុនអាមេរិក រយៈពេល​១ឆ្នាំទៀត ដូច SK Hynix ក៏ដោយ។

វិធានការ​របស់​អាមេរិកនេះ ក៏នឹង​បង្ក​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន​ក្នុងស្រុកខ្លួនឯងដែរ ។ ក្នុងនោះ ​ក្រុមហ៊ុន KLA ដែលជាអ្នក​នាំមុខផ្គត់ផ្គង់​គ្រឿង​បរិក្ខារផលិតឈីប បាន​ព្រមាន​ពី​ផលប៉ះពាល់​ចំណូល​​របស់ខ្លួនដល់ ៩០០លានដុល្លារ​នៅឆ្នាំក្រោយ ដោយសារ​តែ​​ការរឹតត្បិត​ការនាំចេញ​ទៅប្រទេសចិន​នេះ។ រីឯក្រុមហ៊ុន LAM ក៏​ប៉ាន់ស្មាន​ថា ខ្លួន​នឹងទទួលរងផលប៉ះពាល់​ប្រាក់ចំណូល​ដល់ជាង ២ពាន់លាន​ដុល្លារផងដែរ។

ការប៉ះទង្គិច​លើឧស្សាហកម្មផលិតបន្ទះឈីប​ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម​បច្ចេកវិទ្យារវាង​មហាអំណាចលេខ១ និងលេខ២​របស់ពិភពលោកនេះ វាក៏បានធ្វើឲ្យប៉ះពាល់​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​សម្រាប់​ការផលិត​គ្រឿងឧបករណ៍អេឡិចត្រូនិកជាច្រើនផងដែរ ពិសេស​ឧស្សាហកម្ម​រថយន្ដ ទូរស័ព្ទដៃ និងកុំព្យូទ័រជាដើម ដោយសារតែការផលិតទាំងនេះ ត្រូវការបន្ទះឈីប​ជាគ្រឿង​បង្គុំជា​ចាំបាច់៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន និងអាមេរិក បញ្ចេញវោហារសាស្ត្រទន់ភ្លន់ដាក់គ្នាបន្ដិចវិញហើយ ជាសញ្ញាបង្ហាញពីជំនួបដែលអាចកើតឡើង?

ព័ត៌មាន
យោងទូរទស្សន៍រដ្ឋចិនដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បានឲ្យដឹងថា មេដឹកនាំនៃប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើ…

ធនាគារ ADB សន្សានឹងផ្ដល់ហិរញ្ញប្បទាន ៤០០លានដុល្លារថ្មីបន្ថែមទៀតឲ្យកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៤

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានសន្យាថា នឹងផ្ដល់ហិរញ្ញប្បទានចំនួន ៤០០លានដុល្លារបន្ថែមទៀតមកឲ្យកម្ពុជា ពីលើថវិកា ៤៨០លានដុល្លារ ដែលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ