រូបិយប័ណ្ណ

ប្រាក់យន់ហក់ឡើងថ្លៃជាលំដាប់ ខណៈចិន កំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណនេះ ដើម្បីប្រជែងប្រាក់ដុល្លារអាម៉េរិក


ប្រាក់យន់ចិន នៅឆ្នាំ២០២៥ បានហក់ឡើងថ្លៃខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០២០ មក ទោះបីជាសេដ្ឋកិច្ចចិន ចុះខ្សោយ អត្រាការប្រាក់ទាប និងការវិនិយោគបរទេសធ្លាក់ចុះយ៉ាងណាក្ដី។ ក្រុមអ្នកវិភាគមើលឃើញថា កត្តានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងរបស់ក្រុងប៉េកាំង ក្នុងការជំរុញការប្រើប្រាស់ប្រាក់យន់ចិន ឱ្យកាន់តែទូលំទូលាយនៅទូទាំងពិភពលោកដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណ
ដោយ

ប្រាក់យន់ចិន បានហក់ឡើងថ្លៃជិត៣% បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ នេះ បើប្រៀបធៀបនឹងការធ្លាក់ថ្លៃ៥% ក្នុងឆ្នាំ២០១៨ អំឡុងសង្គ្រាមពាណិជ្ជកម្ម ដែលបញ្ឆេះឡើងដោយសហរដ្ឋអាម៉េរិក។ ក្រុមអ្នកវិភាគនិយាយថា ការហក់ឡើងថ្លៃជាលំដាប់នៃប្រាក់យន់របស់ចិន សម្រាប់ឆ្នាំ២០២៥ នេះ ភាគច្រើនដោយសារតែធនាគារកណ្ដាលចិន កំណត់អត្រាប្ដូរប្រាក់ខ្ពស់ប្រចាំថ្ងៃ ខណៈដែលបណ្ដាធនាគាររដ្ឋចិន ធ្វើអន្តរាគមន៍ទិញចូល ឬលក់ចេញប្រាក់ដុល្លារអាម៉េរិក ដើម្បីរក្សាអត្រាប្ដូរប្រាក់យន់កុំឱ្យធ្លាក់ចុះ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា ក្រុងប៉េកាំង ធ្វើអន្តរាគមន៍បែបនេះ ដើម្បីបង្ហាញថា ប្រាក់យន់ចិន មានស្ថិរភាព និងអាចជឿទុកចិត្តបាន ស្រដៀងអ្វីដែលក្រុងប៉េកាំង ធ្លាប់បានធ្វើអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៨។ ការធ្វើបែបនេះគាំទ្រដល់គោលដៅរយៈពេលវែងរបស់ប្រទេសចិន ក្នុងការពង្រីកការប្រើប្រាស់ប្រាក់យន់ចិន ឱ្យកាន់តែទូលំទូលាយនៅទូទាំងពិភពលោក ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក។

ទិន្ននន័យរបស់ធនាគារសម្រាប់ការទូទាត់ជាអន្តរជាតិ បានបង្ហាញថា ការប្រើប្រាស់ប្រាក់យន់ ចិន កំពុងកើនឡើង ដោយការជួញដូរប្រាក់យន់ប្រចាំថ្ងៃធៀបនឹងប្រាក់ដុល្លារ បានកើនឡើង ៦០% ចាប់តាំងពីឆ្នាំ២០២២ ឈានដល់៧៨១ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ៨% នៃការជួញដូររូបិយប័ណ្ណទូទាំងពិភពលោក។ វិធានការអន្តរាគមន៍របស់បណ្ដាធនាគាររដ្ឋចិន បានជួយរក្សាការប្រែប្រួល នៃអត្រាប្ដូរប្រាក់ឱ្យនៅទាប។

ទោះជាយ៉ាងណា អត្រាប្ដូរប្រាក់នៃប្រាក់យន់ ចិន គឺមិនស្មើគ្នានោះទេ ដោយវាបានធ្លាក់ថ្លៃ ៧,៧% បើធៀបនឹងប្រាក់អឺរ៉ូ ហើយក្រុមអ្នកវិភាគនិយាយថា ប្រាក់យន់ចិន នឹងមិនអាចក្លាយជារូបិយប័ណ្ណសកលដោយពិតប្រាកដនោះឡើយ លុះត្រាតែប្រទេសចិន បន្ធូរបន្ថយការរឹតបន្តឹងយ៉ាងតឹងរ៉ឹងរបស់ខ្លួនលើរំហូរប្រាក់ចេញ និងចូលប្រទេសចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមសត្វក្នុងស្រុកបន្តស្នើឱ្យអាជ្ញាធររឹតបន្តឹងលើការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វក្នុងស្រុក

ក្រុមអ្នកចញ្ចឹមសត្វក្នុងស្រុកនៅតែបង្ហាញពីការព្រួយបារម្ភចំពោះការនាំចូលសាច់បង្កកមកទីផ្សារកម្ពុជា ដែលបាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ