សង្គ្រាមនៅជម្ឈិម

ស្ថានភាពសង្គ្រាមនៅជម្ឈិមកាន់តែអាក្រក់ ក្រោយក្រុមហ៊ូធីបើកការវាយប្រហារលើអ៊ីស្រាអែល ខណៈកងទ័ពម៉ារីនអាម៉េរិកទៅដល់សមរភូមិ


ហានិភ័យ នៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាកាន់តែខិតជិតមកដល់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយប្រហារដោយផ្ទាល់លើអ៊ីស្រាអែលជាលើកដំបូង។ ការវិវត្តន៍ថ្មីនេះ កើតឡើងចំពេលដែលកងកម្លាំងយោធាសហរដ្ឋអាម៉េរិក បានធ្វើដំណើរទៅដល់តំបន់សមរភូមិ ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត។
សង្គ្រាមនៅជម្ឈិម
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូនកងទ័ពម៉ារីនរាប់ពាន់នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈសង្គ្រាមបានអូសបន្លាយអស់រយៈពេល១ខែហើយ។ កងកម្លាំងយោធាអាម៉េរិកឈុតដំបូងបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃសុក្រ ទី២៧ ខែមីនា តាមរយៈនាវាដឹកជញ្ជូនទ័ពឡើងគោក។

ជាមួយគ្នានេះ កាសែត Washington Post បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាម៉េរិកថា មន្ទីរបញ្ចកោណកំពុងរៀបចំផែនការប្រតិបត្តិការលើគោក ដែលអាចអូសបន្លាយពេលច្រើនសប្តាហ៍ ដោយប្រើប្រាស់អង្គភាពប្រតិបត្តិការពិសេស និងកងទ័ពថ្មើរជើង។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធិបតី ដូណាល់ ត្រាំ នឹងផ្តល់ភ្លើងខៀវឱ្យបញ្ជូនកម្លាំងជើងគោកចូលក្នុងទឹកដីអ៊ីរ៉ង់ ផ្ទាល់ឬយ៉ាងណានោះទេ។

លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកអាចសម្រេចគោលដៅយោធាបាន ទោះមិនប្រើកងទ័ពជើងគោកក៏ដោយ ប៉ុន្តែការបញ្ជូនកម្លាំងទៅកាន់តំបន់នោះ គឺដើម្បីផ្តល់ជម្រើសយុទ្ធសាស្ត្រឱ្យបានច្រើនបំផុតសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដោះស្រាយស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ មានការរំពឹងថា មន្ទីរបញ្ចកោណនឹងបញ្ជូនទាហានកងពលធំលេខ៨២បន្ថែម ដែលជាកម្លាំងវាយលុកផ្លូវអាកាសដ៏មានឥទ្ធិពលបំផុតរបស់អាម៉េរិក។

ដោយឡែកនៅសមរភូមិម្ខាងទៀត អ៊ីស្រាអែលបានអះអាងថា មីស៊ីលមួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន សំដៅមកលើទឹកដីខ្លួន ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។ អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក យ៉ាយ៉ា សារី (Yahya Saree) បានប្រកាសជាចំហថា នេះគឺជាការវាយប្រហារលើកទី២ ហើយក្រុមរបស់លោកនឹងបន្តវាយប្រហារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការចូលរួមវាយប្រហាររបស់ក្រុមហ៊ូធី មិនត្រឹមតែបង្កើនកម្ដៅសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់សន្តិសុខនាវាចរណ៍សកលផងដែរ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសកាលពីពេលថ្មីៗនេះ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វិបត្តិប្រេងឥន្ធនៈកំពុងសម្លាប់ឧស្សាហកម្មនេសាទថៃតម្លៃ៧ពាន់លានដុល្លារឱ្យជិតគាំងដំណើរការ

ឧស្សាហកម្មនេសាទដ៏មហិមារបស់ប្រទេសថៃ ដែលមានតម្លៃរាប់ពាន់លានដុល្លារកំពុងស្ថិតក្នុងស្ថានភាពដង្ហក់ និងប្រឈមនឹងការគាំងដំណើរការទាំងស្រុង ដោយសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ