លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានលើកឡើងថា ការរំដោះចិញ្ចើមផ្លូវ និងចំណែកផ្លូវនៅតំបន់ជុំវិញផ្សារដើមគ និងផ្សារនាគមាស គឺជាចំណាត់ការមួយល្អ បើទោះបីមានអាជីវករមួយចំនួននៅតែមិនទាន់យល់ព្រមជាមួយចំណាត់ការនេះក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋបាលរាជធានីភ្នំពេញ គួរដល់ពេលហើយ ដែលត្រូវរំដោះចិញ្ចើមផ្លូវគ្រប់ខណ្ឌទាំងអស់ក្នុងក្រុងភ្នំពេញ ដើម្បីឆ្លើយតបជាមួយចក្ខុវិស័យក្នុងការលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ។ តែយ៉ាងណាលោកជឿជាក់ថា វិធានការនេះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួនដែលធ្លាប់ទទួលបានផលប្រយោជន៍ពីការរំលោភចិញ្ចើមផ្លូវសារធារណៈ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការគាំទ្រចំពោះវិធានការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅតំបន់ជុំវិញផ្សារដើមគរបស់រដ្ឋបាលរាជធានីភ្នំពេញ តែលោកក៏បានបង្ហាញកង្វល់ចំពោះជីវភាពរបស់ពលរដ្ឋអ្នកលក់ដូរតូចតាច ដែលរងផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានលើកជាយោបល់ថា រដ្ឋបាលរាជធានីភ្នំពេញ គួរអនុវត្តវិធានការនេះ នៅតំបន់នានាទូទាំងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងដែលជាបេះដូងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានស្នើដល់ភាគីពាក់ព័ន្ធគួរតែអនុវត្តវិធានការដូចគ្នានលើទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ឬអគារធំៗមួយចំនួនដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋទូទៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់អាជីវករដែលកំពុងលក់ដូរលើចិញ្ចើមផ្លូវ ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះ និងបាត់បង់សណ្ដាប់ធ្នាប់។ ជាដំណោះស្រាយ សាលាក្រុងបានដាក់ចេញនូវជម្រើសមួយចំនួនសម្រាប់អាជីវករនៅតំបន់ផ្សារដើមគ ដូចជា ការផ្លាស់ប្តូរទៅលក់នៅទីតាំងផ្សារដើមគថ្មី និងស្វែងរកទីតាំងឯកជនផ្សេងទៀត ដែលមិនប៉ះពាល់ដល់ផ្លូវសាធារណៈ។ បន្ថែមពីលើនេះ សម្រាប់ក្រុមអាជីវករ ដែលមានជីវភាពខ្វះខាតខ្លាំងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសន្យានឹងផ្តល់ការឧបត្ថម្ភជាស្បៀងអាហារ ដើម្បីសម្រួលដល់ការលំបាកក្នុងដំណាក់កាលអន្តរកាល នៃការរៀបចំសណ្ដាប់ធ្នាប់ថ្មីនេះផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា