តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅឆ្នាំ២០២៤ខាងមុខ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្របំណុលរដ្ឋចំនួន ៤៤០ប៊ីលានរៀល ឬស្មើនឹងប្រមាណ១០៨លានដុល្លារ ខណៈគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ ការលក់បណ្ណបំណុលរដ្ឋសម្រេចបានប្រមាណតែ២៧លានដុល្លារប៉ុណ្ណោះ នៃផែនការបោះផ្សាយ២០០លានដុល្លារអាម៉េរិក។
ការបោះផ្សាយមូលបត្ររដ្ឋចំនួន១០៨លានដុល្លារនៅឆ្នាំក្រោយនេះ ត្រូវបានរាជរដ្ឋាភិបាលគូសបញ្ជាក់ថា គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។
ជុំវិញបញ្ហានេះ ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា តាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋចំនួន១០៨លានដុល្លារ នៅឆ្នាំ២០២៤នេះ ឯកឧត្តមមិនទាន់អាចវាយតម្លៃបាននោះទេថា តើនឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២៣ ឬយ៉ាងណា ដ្បិតការបោះផ្សាយមូលបត្ររដ្ឋ និងការលក់ទិញមូលបត្រនេះ គឺវាអាស្រ័យទៅលើស្ថានភាពទីផ្សារជាក់ស្តែង។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ អះអាងថា ទំនុកចិត្តរបស់វិស័យឯកជន ជាកត្តាសំខាន់ ហើយអត្រាការប្រាក់ក៏ជាកត្តាសំខាន់មួយទៀត សម្រាប់ធ្វើការពិចារណារបស់វិស័យឯក ជន។ ជាមួយគ្នានេះ រដ្ឋក៏នឹងគិតគូអំពីការផ្ដល់ជាការលើកទឹកចិត្តក្នុងកម្រិតណាមួយបន្ថែមទៀត សម្រាប់វិស័យឯកជនដែលចង់ចូលរួមទិញបណ្ណបំណុលរដ្ឋផងដែរ។ ទោះយ៉ាងណា ឯកឧត្តម បានបន្តទៀតថា ការជួញដូរមូលបត្ររដ្ឋនេះមិនមានការបង្ខិតបង្ខំឡើយ ហើយវាគឺជាវិធីសាស្ត្រមួយ ក្នុងការប្រមូលប្រភពទុនពីបរទេស ក្នុងន័យកាត់បន្ថយការខ្ចីបំណុលក្រៅស្រុក។
យ៉ាងណាក៏ដោយចុះ សម្រាប់ឆ្នាំ២០២៤ខាងមុខ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ពាន់៧រយលាន SDR ដែលស្មើនឹងប្រមាណ២ពាន់៣រយលានដុល្លារផងដែរ ដែលទំហំនេះ គឺរក្សាពិតានដូចក្នុងឆ្នាំ២០២៣ ដើម្បីយកមកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍជាតិ។
តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំខាងលើនេះ រាជរដ្ឋាភិបាលអះអាងថា នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេសស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។ គួរជម្រាបថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈប្រមាណជាង ១០ពាន់លានដុល្លារ។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៤៕