របាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា បានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជា រកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង២៧០លានដុល្លារ មានការកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចេញជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ជាង២៦៩លានដុល្លារ ជាមួយបរិមាណនាំចេញជាង១៧ម៉ឺនតោន ខណៈការនាំចេញឈើកៅស៊ូ សម្រេចបានទឹកប្រាក់ជាង២លានដុល្លារ ជាមួយបរិមាណនាំចេញជាង១ម៉ឺនម៉ែត្រគូប។
ទន្ទឹមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូជាមធ្យមគិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺជ័រកៅស៊ូអាចលក់បានក្នុងតម្លៃជាង១៦០០ដុល្លារក្នុង១តោន កើនឡើងប្រមាណជាង១៤០ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យការនាំចេញជ័រកៅស៊ូ និងតម្លៃលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងនៅ៧ខែឆ្នាំនេះ គឺដោយសារការផ្គត់ផ្គង់ផលិតផលជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ មានតិចជាងតម្រូវការប្រើប្រាស់ ក្រោយប្រទេសផលិតកៅស៊ូធំៗមួយចំនួនដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ជាដើម បានកាត់បន្ថយការដាំដំណាំកៅស៊ូទៅដាំដំណាំដូងប្រេងជំនួសវិញ។
យ៉ាងណាមិញ សម្រាប់ការដាំដុះដំណាំកៅស៊ូនៅកម្ពុជា បច្ចុប្បន្នវិញ អ្នកជំនាញរូបនេះវាយតម្លៃថា គឺមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ហើយប្រសិនបើតម្លៃកៅស៊ូនៅតែបន្តកើនឡើងទៀតនោះ លោកជឿជាក់ថា កសិករនឹងបង្កើនការដាំដុះបន្ថែមទៀតផងដែរ។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ដែរថា វត្តមានរបស់រោងចក្រផលិតសំបកកង់រថយន្តមួយចំនួននៅកម្ពុជា ក៏បានជួយស្រូបទាញផលិតផលជ័រកៅស៊ូក្នុងស្រុកបានមួយចំណែកផងដែរ ហើយនៅពេលថ្មីៗនេះទៀតសោត រោងចក្រផលិតសំបកកង់រថយន្តទាំងនេះ ក៏បានបង្ហាញចេតនាចង់បង្កើនបរិមាណទិញជ័រកៅស៊ូនៅក្នុងស្រុកបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតរបស់ខ្លួនផងដែរ។
សូមជម្រាបថា ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។ បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្ម មានជាង៤ម៉ឺន៦ពាន់ហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ច មានជាង១៨ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូ មានប្រមាណ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា៕