ទីផ្សារជ័រកៅស៊ូ

តម្លៃជ័រកៅស៊ូនៅថៃ ដាំក្បាលចុះ ក្រោយការដាក់ពន្ធរបស់លោក ត្រាំ ទាញទម្លាក់តម្រូវការរថយន្តថ្មីៗ


តម្លៃជ័រកៅស៊ូធម្មជាតិ របស់ប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយបានធ្លាក់ចុះចន្លោះពី១០ ទៅ២០% បណ្ដាលមកពីការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខណៈភាពមិនប្រាកដប្រជាសេដ្ឋកិច្ចចេះតែកើនឡើង ដោយសារបញ្ហាពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បានបង្អាក់ចំណង់ចំណូលចិត្តរបស់អតិថិជនសម្រាប់រថយន្តថ្មីៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ទីផ្សារជ័រកៅស៊ូ
ដោយ

តម្លៃជ័រកៅស៊ូធម្មជាតិ ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់ធ្វើសំបកកង់យានយន្តរបស់ថៃ អាចឡើងថ្លៃមកវិញ ឬបន្តធ្លាក់ចុះបន្ថែមទៀត វាអាស្រ័យលើការចរចារបស់រដ្ឋាភិបាលថៃ ជាមួយសហរដ្ឋអាម៉េរិក លើបញ្ហាពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់លើប្រទេសថៃ និងប្រទេសរាប់សិបផ្សេងទៀត។

បើតាមអាជ្ញាធរកៅស៊ូថៃ តម្លៃជ័រកៅស៊ូនៅប្រទេសថៃ ដែលជាអ្នកផលិតជ័រកៅស៊ូធំបំផុតនៅលើពិភពលោកបានរងសម្ពាធ និងធ្លាក់ចុះខ្លាំងតាំងពីថ្ងៃទី៨ ខែមេសា មកម្ល៉េះ។ បច្ចុប្បន្នតម្លៃជ័រកៅស៊ូអាចលក់បានចន្លោះពី១,៦៥ដុល្លារ ទៅ១,៧៤ដុល្លារ ក្នុងមួយគីឡូក្រាម ដោយបានធ្លាក់ចុះប្រមាណពី១០ ទៅ២០% បើធៀបនឹងកម្រិតឡើងថ្លៃខ្ពស់បំផុតជាង២ដុល្លារក្នុងមួយគីឡូក្រាមកាលពីចុងខែមីនា។

សូមរំលឹកថា លោក ដូណាល់ ត្រាំ បានដាក់ពន្ធបន្ថែម២៥% លើការនាំចូលរថយន្ត និងបានប្រកាសពីផែនការអនុវត្តពន្ធនេះដូចគ្នាចំពោះគ្រឿងបន្លាស់រថយន្តបរទេសនៅក្នុងខែឧសភានេះផងដែរ។ ការយកពន្ធទាំងនេះបានធ្វើឱ្យតម្រូវការរថយន្តថ្មីចុះខ្សោយ ដែលបានជះផលប៉ះពាល់អវិជ្ជមានដល់តម្លៃជ័រកៅស៊ូធម្មជាតិ នៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅប្រទេសថៃ។

លោក តេតស៊ូយ៉ា កាណេកូ (Tetsuya Kaneko) ប្រធានអ្នកស្រាវជ្រាវនៅវិទ្យាស្ថានម៉ារូបេនី (Marubeni) ដែលផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង បាននិយាយថា តម្លៃជ័រកៅស៊ូអន្តរជាតិ នឹងអាស្រ័យលើលទ្ធផលចរចាចុងក្រោយលើបញ្ហាពន្ធបដិការ ដែលពេលនេះលោក ត្រាំ បានពន្យារអនុវត្តរយៈពេល៩០ថ្ងៃ ហើយតម្លៃជ័រកៅស៊ូរបស់ថៃ វាអាស្រ័យលើការចរចារវាងប្រទេសថៃ និងសហរដ្ឋអាម៉េរិក៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន ខាតបង់រាប់រយលានដុល្លារ ចំពេលមានភាពមិនច្បាស់លាស់នៃការកើតមានសង្គ្រាមពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ធំៗបីរបស់រដ្ឋចិន បានរងការខាតបង់ធ្ងន់ធ្ងរ ដោយក្រុមហ៊ុននីមួយៗខាតបង់មិនក្រោមជាង១០០លានដុល្លារឡើយនៅក្នុងត្រីមាសទី១ឆ្នាំ២០…

តើពន្ធបដិការរបស់លោក ត្រាំ ជះឥទ្ធិពលយ៉ាងណាមកលើការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក?

វិធានការពន្ធបដិការ ដែលដាក់ដោយរដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ