កាលពីខែមុន លោក លូកាសេនកូ និងលោក ពូទីន បានប្រាប់ឱ្យដឹងថា អាវុធនុយក្លេអែរយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូបានទៅដល់ប្រទេសបេឡារុស្សហើយ ហើយគ្រាប់ដែលនៅសេសសល់នឹងត្រូវដាក់ពង្រាយបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំនេះ។ វាជារឿងមួយគួរឱ្យភ្ញាក់ផ្អើលនិងព្រួយបារម្ភសម្រាប់ប្រទេសលោកខាងលិច ដែលប្រទេសក្បែរខាងអ៊ុយក្រែនមួយនេះមានអាវុធប្រល័យលោកដែរ។
នៅក្នុងការថ្លែងកាលពីថ្ងៃ៣០ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ BelTA ជាការប្រារព្ធពិធីបុណ្យឯករាជ្យជាតិបេឡារុស្សពីរបបណាស៊ីអាល្លឺម៉ង់ ដែលត្រូវចំថ្ងៃទី០៣ ខែកក្កដា, លោក លូកាសេនកូ ប្រធានាធិបតីបេឡារុស្ស បាននិយាយថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេស ជា«គំនិតផ្តួចផ្តើមដ៏រឹងមាំ»របស់លោក ហើយបានបន្តថា អាវុធទាំងនោះ«ស្ថិតនៅកន្លែងគួរឱ្យទុកចិត្ត»។ លោក លូកាសេនកូ បាននិយាយក្នុងសម្ដីដើមថា៖ «ខ្ញុំប្រាកដថាយើងនឹងមិនចាំបាច់ប្រើប្រាស់ពួកវាឡើយ នៅពេលដែលពួកគេនៅទីនេះ។ ហើយគ្មានសត្រូវណានឹងហ៊ានឈ្លានពានទឹកដីរបស់យើងទេ»។
លោក លូកាសេនកូ ដូចប្រធានាធិបតីរុស្ស៊ីដែរ តែងតែលើកឡើងថា ពួកប្រទេសលោកខាងលិចព្យាយាមបំផ្លាញប្រទេសរបស់លោក ហើយការដាក់ពង្រាយអាវុធនុយក្លែអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីពេលនេះគឺចាំបាច់សម្រាប់បង្ការអ្នកឈ្លានពាននាពេលអនាគត។ កាលពីខែមិថុនា លោកបានឱ្យដឹងថា អាវុធនុយក្លេអ៊ែរមួយចំនួនស្ថិតក្នុងប្រទេសរបស់លោក ហើយបានព្រលយថាលោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធទាំងនោះទេ ប្រសិនបើចាំបាច់ ប៉ុន្តែថានឹងពិគ្រោះជាមួយរុស្ស៊ីជាមុន។
លោក ស៊ើរហ្គេរ រីយ៉ាប់ក៉ូវ (Sergei Ryabkov) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឱ្យដឹងកាលពីថ្ងៃសុក្រនោះដែរថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅបេឡារុស្សមិនរំលោភលើសន្ធិសញ្ញាមិនសាបព្រោះអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ឡើយ ដោយហេតុថារុស្ស៊ីនៅតែរក្សាការគ្រប់គ្រងអាវុធទាំងនោះ។ លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានតាស (Tass) របស់រុស្ស៊ីថា ការដាក់ពង្រាយនៅបេឡារុស្សគឺធ្វើឡើងដោយមានការ«បង្ខំ»ឱ្យរុស្ស៊ីធ្វើដូច្នេះ។
លោក លូកាសេនកូ កាលពីខែកុម្ភៈឆ្នាំមុន បានអនុញ្ញាតឱ្យលោក ពូទីន ប្រើប្រាស់ទឹកដីប្រទេសបេឡារុស្ស ដើម្បីបើកការវាយលុកលើរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន ហើយបានគាំទ្រសង្គ្រាមនោះ។ កាលពីសប្តាហ៍មុន លោកក៏បានសម្របសម្រួលបញ្ឈប់ការបះបោររបស់ក្រុមទាហានស៊ីឈ្នូលរុស្ស៊ីក្នុងក្រុមវ៉ែកនើ និងបានទទួលយកលោក ព្រីហ្កូហ្ស៊ីន និងទាហានរបស់លោកឱ្យមកឈរជើងក្នុងប្រទេសបេឡារុស្ស។
ប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រទេសប៉ូឡូញដែលនៅជិតខាងប្រទេសបេឡារុស្ស គឺលោក ចាស្សិក ស៊ីវៀរ៉ា (Jacek Siewiera) បាននិយាយថា យុទ្ធជនក្រុម វ៉ែកនើ ដែលផ្លាស់ទីទៅប្រទេសបេឡារុស អាចប្រើប្រាស់ជនអន្តោប្រវេសន៍មកពីទ្វីបអាហ្រ្វិក និងប្រទេសដទៃទៀតដើម្បីធ្វើឱ្យមានអស្ថិរភាពនៅអឺរ៉ុបភាគកណ្តាល និងភាគខាងកើត។
នៅក្នុងសុន្ទរកថារបស់គាត់កាលពីថ្ងៃសុក្រ លោក លូកាសេនកូ បាននិយាយថា អ្នកនយោបាយប្រឆាំងបេឡារុស្សមុខដដែលៗ ដែលឥឡូវនេះភាគច្រើនកំពុងនិរទេសខ្លួន និងដែលបានបរិហារការដាក់ពង្រាយអាវុធនុយក្លេអ៊ែរខ្នាតតូចរបស់រុស្ស៊ី ក៏ធ្លាប់បានរិះគន់ចំពោះការសាងសង់ដោយរុស្ស៊ីនូវរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដែរ។ ឥឡូវ រោងចក្រនេះកំពុងដំណើរការនៅក្នុងប្រទេសបេឡារុស្ស៕