ទីផ្សារទុរេន

ចម្ការទុរេននៅចិន ចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ តើវាអាចប៉ះពាល់ដល់ប្រទេសនាំចេញនៅអាស៊ានយ៉ាងណាដែរ?


ចិន ដែលជាទីផ្សារទុរេនធំបំផុតនៅលើពិភពលោក ដោយជារៀងរាល់ឆ្នាំបានចំណាយប្រាក់រហូតដល់៧,៥ពាន់លានដុល្លារលើការនាំចូលទុរេនពីអាស៊ីអាគ្នេយ៍ អាចនឹងកាត់បន្ថយការនាំចូលនាពេលអនាគត។ មូលហេតុ គឺដោយសារបច្ចុប្បន្ន ចម្ការទុរេននៅខេត្តហៃណាន ចាប់ផ្តើម​ហុចផល និងកំពុងពង្រីកផ្ទៃដីដាំដុះកាន់តែធំ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន CNA ។
ទីផ្សារទុរេន
ដោយ

ទីផ្សារទុរេននៅប្រទេសចិន មានសម្ទុះតម្រូវការកើនឡើងយ៉ាងកំហុក ដោយកាលពីឆ្នាំ២០២៥ ចិន បាននាំចូលទុរេនស្រស់ប្រមាណជិត២លានតោន ដែលមានទំហំទឹកប្រាក់ប្រមាណ៧,៥ពាន់លានដុល្លារ ដោយប្រភពផ្គត់ផ្គង់ចម្បង គឺមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា ចិន អាចនឹងកាត់បន្ថយការនាំចូលនាពេលខាងមុខ ព្រោះចម្ការទុរេនក្នុងស្រុកបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។
តម្រូវការទុរេនស្រស់ក្នុងប្រទេសចិន បានចាប់ផ្តើមផ្ទុះឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ ហើយទីផ្សារដែលមានអ្នកបរិភោគជាង១ពាន់លាននាក់មួយនេះ បានរីកធំធាត់ជាបន្តបន្ទាប់។ កត្តានេះហើយ ដែលជំរុញឱ្យចិនចាប់ផ្តើមសិក្សា និងអភិវឌ្ឍការដាំដុះទុរេនជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ២០២៣ មក។
តាមពិតទៅទុរេនមិនមែនជាផ្លែឈើចម្លែកសម្រាប់ប្រជាជនចិន នោះទេ ដោយប្រជាជននៅកោះហៃណាន បានស្គាល់ និងសាកល្បងដាំដំណាំនេះតាំងពីទស្សវត្សរ៍ឆ្នាំ១៩៥០ម្ល៉េះ ប៉ុន្តែភាពជោគជ័យមានកម្រិត និងមិនទាន់មានការពេញនិយម។ កាលណោះការដាំដុះធ្វើឡើងត្រឹមជាការសាកល្បង និងស្រាវជ្រាវបច្ចេកទេសតែប៉ុណ្ណោះ។
លុះដល់តម្រូវការទីផ្សារកើនឡើងដល់កម្រិតកំពូល ហើយប្រជាជនចិន កាន់តែច្រើនបានស្គាល់រសជាតិទុរេន កោះហៃណាន ក៏បានសម្រេចចិត្តប្រែក្លាយការដាំដុះទៅជាចម្ការទុរេនពាណិជ្ជកម្មលើផ្ទៃដីប្រមាណ ៣,៣០០ហិកតា។ បច្ចុប្បន្នដើមទុរេនប្រមាណ៣០% នៃផ្ទៃដីដាំដុះដំបូងនេះបានចាប់ផ្តើមប្រមូលផលហើយ ហើយសម្ទុះនៃការប្រមូលផល និងការពង្រីកផ្ទៃដីបន្ថែមកំពុងបន្តយ៉ាងសកម្ម។
បច្ចុប្បន្នប្រទេសនាំចេញទុរេនធំៗនៅអាស៊ីអាគ្នេយ៍ ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី កម្ពុជា និងឡាវ សុទ្ធសឹងតែពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន។ ប្រសិនបើចិន អាចផ្គត់ផ្គង់ទុរេនក្នុងស្រុកបានកាន់តែច្រើន នោះផលប៉ះពាល់អាចនឹងកើតឡើងលើបណ្តាប្រទេសទាំងនេះ។
ប្រសិនបើចិន កាត់បន្ថយការនាំចូល សូម្បីតែ១០% ឬ ២០% នោះទុរេនរាប់ម៉ឺនតោននៅអាស៊ីអាគ្នេយ៍នឹងគ្មានទីផ្សារ។ ប្រសិនបើគ្មានទីផ្សារជំនួស វានឹងបង្កជាបញ្ហាការផលិតលើសតម្រូវការធ្វើឱ្យតម្លៃទុរេនធ្លាក់ថ្លៃខ្លាំងនៅក្នុងប្រទេសនីមួយៗ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នក​ជំនាញ​អះអាថា រថយន្តអគ្គិសនី កំពុងវាយលុក និងអង្រួនឧស្សាហកម្មយានយន្តពិភពលោកឱ្យរញ្ជួយ

រថយន្តអគ្គិសនី (EV) កំពុងក្លាយជាកាតាលីករ និងជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មយានយន្តពិភពលោក។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ