ក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារ ខេប៊ីប្រាសាក់ នឹងចូលរួមជាដៃគូ Pride Partner នៃគម្រោង “Dare to Stay” ដែលជាខ្សែភាពយន្ត Micro Drama ចំនួន 50 ភាគ បង្កើតឡើងដោយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង OMG Studios (Oceanus Media Global)។ គម្រោងនេះប្រើប្រាស់រឿងស្នេហារវាងតួអង្គកូរ៉េ និងខ្មែរ ដែលមានភាពទាក់ទាញ ដើម្បីណែនាំទស្សនិកជនឱ្យស្គាល់ពីជីវិតរស់នៅបែបទំនើបរបស់កម្ពុជា ការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទំនើប បដិសណ្ឋារកិច្ច និងគោលដៅទេសចរណ៍ចម្រុះរបស់កម្ពុជា។
ពិធីចុះហត្ថលេខានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការគាំទ្រគំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងពង្រឹងរូបភាពវិជ្ជមានរបស់ប្រទេសក្នុងចំណោមទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។
ថ្លែងក្នុងពិធីនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា៖
«ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការក្លាយជាដៃគូ Pride Partner នៃគម្រោងខ្សែភាពយន្ត ‘Dare to Stay’។ គម្រោងនេះមិនគ្រាន់តែជាខ្សែភាពយន្ត Micro Drama ប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រាប់រឿងរ៉ាវអំពីកម្ពុជាដែលមានភាពទំនើប រស់រវើក មានការតភ្ជាប់ និងមានភាពជឿជាក់ ទៅកាន់ពិភពលោក។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយ យើងជឿជាក់ថា យើងមានតួនាទីក្នុងការចូលរួមគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងអាជីវកម្ម និងសហគមន៍ដែលរួមចំណែកដល់កំណើនរបស់ប្រទេសជាតិ»។
លោកបានបន្ថែមថា៖ «តាមរយៈភាពជាដៃគូនេះ យើងរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រព័ន្ធអេកូឡូស៊ីនៃដៃគូពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ យើងក៏មានសេចក្តីរីករាយដែលមានឱកាសផ្សព្វផ្សាយធនាគារ ខេប៊ីប្រាសាក់ និងសេវាធនាគាររបស់យើងតាមរយៈបណ្តាញផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយអាជីវកម្មនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍»។
ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ «យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ KB PRASAC ដែលបានចូលរួមជាមួយ CTB ក្នុងបេសសកម្មផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក។ CTB មានមហិច្ឆតាធំមួយក្នុងការប្រាប់រឿងរ៉ាវរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្បាស់ និងដោយភាពជឿជាក់។ ហើយយើងមិនអាចសម្រេចបេសសកម្មនេះបានតែម្នាក់ឯងបានឡើយ។ យើងត្រូវការដៃគូពីវិស័យឯកជន ដែលយល់ច្បាស់ថា វិស័យទេសចរណ៍គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ជួយគាំទ្រដល់អាជីវកម្ម បង្កើតការងារ និងនាំមកនូវឱកាសកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា»។
កម្ពុជាមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើន ដែលត្រូវប្រាប់ទៅពិភពលោក។ យើងមានសម្បត្តិវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប ធម្មជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ហើយយើងក៏មានរាជធានី និងទីក្រុង ដែលបង្ហាញថាកម្ពុជាពោរពេញដោយថាមពល ក្មេងវ័យ ទំនើប និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ យើងក៏កាន់តែមានបច្ចេកវិទ្យាឌីជីថល សេវាធនាគារ ការតភ្ជាប់ ដ៏ងាយស្រួលសម្រាប់អ្នកដំណើរ។ ខ្សែភាពយន្ត Micro Drama ប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដែលអាចអ្នកមើលចូលចិត្តតាមដានសាច់រឿង ស្រលាញ់តួអង្គ ចាប់អារម្មណ៍លើទីកន្លែងដែលពួកគេឃើញ និងបំផុសគំនិតឱ្យអ្នកមើលមកទស្សនា និងស្វែងយល់ពីតំបន់ទេសចរណ៍ទាំងនោះដោយផ្ទាល់»។
ភាពជាដៃគូនេះក៏នឹងអនុញ្ញាតឱ្យធនាគារ ខេប៊ីប្រាសាក់ ចូលរួម និងភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្ម និងដៃគូនានានៅក្នុង ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍កម្ពុជា បង្កើតឱកាសសម្រាប់ស្វែងរកកិច្ចសហការនានា និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងសេវាធនាគារឌីជីថលដែលសមស្របដល់អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
គម្រោង “Dare to Stay” ត្រូវបានរៀបចំឡើងដើម្បីឈានទៅដល់ទស្សនិកជនតាមរយៈវេទិកាឌីជីថលដ៏ពេញនិយមសម្រាប់មាតិកាវីដេអូខ្លី រួមមាន TikTok, Instagram Reels និង YouTube Shorts ដោយការចាប់ផ្តើមដំបូងផ្តោតលើទស្សនិកជននៅកម្ពុជា មុននឹងពង្រីកការផ្សព្វផ្សាយទៅកាន់ សាធារណរដ្ឋកូរ៉េ តំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី និងទស្សនិកជនអន្តរជាតិផ្សេងទៀត។
សម្រាប់ធនាគារ ខេប៊ីប្រាសាក់ គម្រោងនេះក៏ជាឱកាសមួយក្នុងការបង្ហាញនូវតួនាទីរបស់ សេវាធនាគារឌីជីថល ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងជីវិតរស់នៅសម័យទំនើបរបស់ប្រជាជនកម្ពុជា ដែលស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
អនុស្សរណៈនៃការយោគយល់នេះ គឺជាជំហានមួយទៀតក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈភាពជាដៃគូដែលភ្ជាប់អាជីវកម្ម សហគមន៍ និងឱកាសនានា។
តាមរយៈកិច្ចសហការនេះ ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមប្រឹក្សាទេសចរណ៍កម្ពុជា មានសេចក្តីសង្ឃឹមថានឹងរួមចំណែកគាំទ្រដល់ភាពជោគជ័យនៃគម្រោងខ្សែភាពយន្ត “Dare to Stay” និងរួមគ្នាចែករំលែករឿងរ៉ាវវិជ្ជមាន និងសហសម័យអំពីប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅប្រទេស។