តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Business Insider បានឲ្យដឹងថា ធនាគារចិននានាកាន់តែស្ទាក់ស្ទើរក្នុងការដោះស្រាយការទូទាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសរុស្ស៊ី ដោយសារបញ្ហា កង្វះខាតប្រាក់យន់របស់ទីក្រុងម៉ូស្គូ កាន់តែអាក្រក់ទៅៗនៅមួយរយៈចុងក្រោយនេះ។ មកដល់ពេលនេះមានសេចក្តីរាយការណ៍ថា ក្រោមទណ្ឌកម្មជាបន្តបន្ទាប់ដែលដាក់ដោយសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក កាលពីខែមុនថា ធនាគាររុស្ស៊ីនានា បានដកប្រាក់យន់របស់ពួកគេមកទូទាត់ស្ទើរតែអស់ទៅហើយនៅពេលនេះ។
មកដល់ពេលនេះអាម៉េរិក កាន់តែគឃ្លើន ហើយសកម្មភាពនេះកំពុងតែកសាងនូវស្ថានភាពដ៏លំបាក សម្រាប់រុស្ស៊ីក្នុងការទទួលបានប្រាក់យន់នៅក្នុងការទូទាត់សេដ្ឋកិច្ច។ ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យរុស្ស៊ីខ្វះខាតប្រាក់យន់កាន់តែធ្ងន់ធ្ងរ ដោយសារធនាគារចិន អាចនឹងបដិសេធទាំងស្រុងក្នុងការដំណើរការទូទាត់ប្រាក់ពីប្រទេសរុស្ស៊ី។
តាមព័ត៌មាន អាជ្ញាបណ្ណដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅថ្ងៃទី១២ ខែតុលា បានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការតែមួយចំនួនប៉ុណ្ណោះ។ នៅពេលនេះការជួញដូរប្រាក់ដុល្លារ និងប្រាក់អឺរ៉ូនៅលើទីផ្សារប្តូរប្រាក់ទីក្រុងម៉ូស្គូ ត្រូវបានបិទរួចហើយជាមួយនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ប៉ុន្តែនៅពេលដែលអាជ្ញាបណ្ណរតនាគារផុតកំណត់ ប្រតិបត្តិការបំប្លែងទាំងអស់ រួមទាំងធនាគារចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេផងដែរ នឹងត្រូវបញ្ឈប់ ហើយតួនាទីរបស់ពួកគេនៅលើទីផ្សារប្តូរប្រាក់នៅទីក្រុងមូស្គូ ក៏នឹងត្រូវបិទផងដែរ។
ស្ថិតក្នុងស្ថានភាពបែបនេះ នឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរដល់ទីក្រុងមូស្គូ ដែលពឹងផ្អែកលើរូបិយប័ណ្ណរបស់ប្រទេសចិន ក្រោមការរឹតបន្តឹងពាណិជ្ជកម្មរបស់លោកខាងលិច។ នៅពេលនេះប្រាក់យន់បានបង្កើតសកម្មភាពសេដ្ឋកិច្ចជិត១00% នៃប្រតិបត្តិការប្តូរប្រាក់បរទេសទាំងអស់នៅលើទីផ្សារប្តូរប្រាក់ម៉ូស្គូ។
បច្ចុប្បន្នធនាគាររុស្ស៊ីនានាស្ទើរតែអស់ប្រាក់យន់របស់ពួកគេ ដោយសារក្រុមហ៊ុនចិន មានការស្ទាក់ស្ទើរក្នុងការធ្វើជំនួញជាមួយ។ តាមស្ថិតិដែលគេបានរាយការណ៍កាលពីខែមុន ធនាគារចិនកំពុងកាន់កាប់ប្រាក់យន់រាប់ពាន់លានដុល្លាររួចទៅហើយដោយសារតែការទូទាត់ជាមួយនឹងរុស្ស៊ី៕
ដោយៈ សរ សុជាតិ