បើទោះបីជាមិនបានបញ្ចេញឈ្មោះ លោក ដូណាល់ ត្រាំ ចំៗក៏ដោយ ប៉ុន្តែក្រសួងការបរទេសរុស្ស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង ដែលកំពុងកើនឡើងជុំវិញអ្វី ដែលរុស្ស៊ីហៅថា ជាកោះនៃសេរីភាព។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ី សូមប្រកាសជាថ្មីនូវសាមគ្គីភាពដ៏រឹងមាំជាមួយរដ្ឋាភិបាល និងប្រជាជនគុយបា។ ជាមួយគ្នានេះរុស្ស៊ី បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ការព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគំរាមកំហែង និងការប្រើប្រាស់វិធានការបង្ខិតបង្ខំជាឯកតោភាគី ដែលរំលោភលើច្បាប់អន្តរជាតិ។
គួររំឭកថា ចាប់តាំងពីឡើងកាន់អំណាចលោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើប្រទេសគុយបា តាមរយៈការហ៊ុមព័ទ្ធ និងរារាំងការដឹកជញ្ជូនប្រេង ដែលធ្វើឱ្យប្រព័ន្ធផលិតថាមពលអគ្គិសនីរបស់កោះនេះរងការខូចខាតយ៉ាងដំណំ។
ពាក់ព័ន្ធនឹងបញ្ហានេះ វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រទេសគុយបា ហើយទីក្រុងមូស្គូ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយគ្រប់រូបភាព រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្បៀងអាហារ ដែលចាំបាច់បំផុត។
គួរបញ្ជាក់ថា ប្រទេសគុយបា និងរុស្ស៊ី គឺជាសម្ពន្ធមិត្តយុទ្ធសាស្ត្រដ៏ស្អិតរមួតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៥៩ ក្រោមការដឹកនាំរបស់លោក ហ្វ៊ីដែល កាស្ត្រូ (Fidel Castro)។ ក្នុងបរិបទបច្ចុប្បន្ន រុស្ស៊ីហាក់បង្ហាញជំហរច្បាស់លាស់ក្នុងការមិនបោះបង់ចោលមិត្តចាស់របស់ខ្លួន នៅចំពោះមុខការគាបសង្កត់ពីសំណាក់រដ្ឋបាលលោក ត្រាំ ឡើយ៕
អត្ថបទៈ សួន ឡង់ទី