វិនិយោគ​ជប៉ុន​នៅ​កម្ពុជា

ជប៉ុន​បោះទុន​ជិត​៤០​លាន​ដុល្លារ ហក់​ចូល​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា


ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​មួយ​របស់​ជប៉ុន គ្រោង​នឹង​ពង្រីក​ខ្លួន​ចូល​ក្នុង​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​កត់​សម្គាល់​ឃើញ​ពី​ការ​លូតលាស់​យ៉ាង​លឿន​នៃ​កំណើន​តម្រូវការ​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ពិសេស ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែ​ម្ដង។ នេះ​បើ​តាម​គេហទំព័រ​ដ៏​ល្បី​របស់​ជប៉ុន Nikkei ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។
រូបភាព​នៃ​អគារ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Dai-ichi Life Holdings នៅទីក្រុង​តូក្យូ។
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​ពីគេហ​ទំព័រ​ខាង​លើ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ ឈ្មោះ Dai-ichi Life Holdings នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​ដើម្បី​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ខ្លួន​មួយ​នៅ​កម្ពុជា នៅ​ក្នុង​ខែ​មីនា​នេះ​ហើយ។ 

ក្រុមហ៊ុននេះ ក៏​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជប៉ុន​ដំបូង​គេ​មួយ ដែល​មាន​បំណង​ចាប់​ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា នា​ខែ​មេសា​ឆ្នាំ​នេះ ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៣៧,៧​លាន​ដុល្លារ​អាមេរិក។

តាម​ប្រសាសន៍​របស់​ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ១១​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ចំនួន ៧​ក្រុមហ៊ុន។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​មាន​ចំនួន​៨ ក្រុមហ៊ុន​ទីផ្សារ​ធានា​រ៉ាប់រង​ចំនួន​១២ ក្រុមហ៊ុន​ភ្នាក់ងារ​ធានា​រ៉ាប់រង​ចំនួន​១៦ ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ចំនួន​១ និង​ក្រុមហ៊ុន​វាយ​តម្លៃ​ហានិភ័យ​ចំនួន​២។ 

ជាមួយ​គ្នា​នេះ គិត​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ទល់​ឆ្នាំ​២០១៧ កន្លង​ទៅ វិស័យ​ធានា​រ៉ាប់រង​បាន​បោះទុន​ជា​ទឹក​ប្រាក់​សរុប​ចំនួន ១១២​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ផ្នែក​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន ៥៤,៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ធានា​រ៉ាប់រង​អាយុ​ជីវិត ៤៩,៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន ៧,៣​លាន​ដុល្លារ​សហរដ្ឋ​អាមរិក។

ការ​ឈាន​ជើង​ចូល​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Dai-ichi Life Holdings នឹង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សក្ដានុពល​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ខណៈ​ដែល​កន្លង​មក ក្រុមហ៊ុន​ធានា​រ៉ាប់រង​បរទេស​ជាច្រើន បាន​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​បន្ត​បន្ទាប់ ដោយសារ​តែ​ការ​សម្លឹង​ឃើញ​ពី​ការ​កំណើន​ដ៏​ច្រើន​នៃ​ចំនួន​ប្រជាជន​វ័យ​ក្មេង​របស់​កម្ពុជា និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។ តួយ៉ាង ក្រុមហ៊ុន​​ធានា​រ៉ាប់រង Bangkok Life Assurance ដែល​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Japan’s Nippon Life Insurance ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​នៅ​ពីក្រោយ​នោះ ក៏​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ ខណៈ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អន្តរជាតិ​ដ៏​ធំ AIA ក៏​បាន​ចូល​មក​កម្ពុជា​រួចរាល់​ហើយ​ដែរ។

បើតាម​ឯកឧត្តម ងី តាយី វិស័យ​ធានា​រ៉ាប់រង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សសរ​ស្តម្ភ​មួយ​បន្ទាប់​ពី​វិស័យ​ធនាគារ និង​ទីផ្សារ​មូលបត្រ ហើយ​វិស័យ​ទាំង​បី​នេះ គឺ​ជា​ដៃគូ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​វិស័យ​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ការ​រីក​ចម្រើន៕




អត្ថបទបន្ទាប់


លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សេវា​​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ នឹង​បើក​ដំណើរការ​នៅ​ខែ​មេសា

ព័ត៌មាន
នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ការធ្វើ​ដំណើរ​ទៅ​មក ព្រែកព្នៅ-​ភ្នំពេញ-​តាខ្មៅ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ២៥គីឡូម៉ែត្រ​ (ព្រែកព្នៅ-​តាខ្មៅ) ដ…

លោក ង៉ែត ជូ៖ ការទិញរបស់បង់រំលស់ ជំរុញឲ្យមនុស្សមានទម្លាប់មើលងាយលុយ

ព័ត៌មាន
«ការទិញរបស់របរប្រើប្រាស់ដោយការបង់រំលស់ បានធ្វើឲ្យមនុស្សមើលងាយលុយ ឬ មើលស្រាលលុយ ព្រោះ មនុស្សអាងតែបង់រំលស់ ឬ ខ្ចីគេ»។ នេះជាការលើកឡើងរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ