បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អ៊ីនធឺហ្វេក (Interfax) អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានលើកឡើងបែបឌឺដងថា លោក ដូណាល់ ត្រាំ ត្រូវតែប្រញាប់ចាត់វិធានការ ព្រោះតាមព័ត៌មានមិនច្បាស់ការណ៍មួយបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចមានការស្ទង់មតិបន្ទាន់មួយ ដែលប្រជាជនហ្គ្រីនលែនទាំង៥៥,០០០នាក់ អាចនឹងបោះឆ្នោត ដើម្បីចូលរួមជាមួយរុស្ស៊ី ហើយពេលនោះនឹងគ្មានរូបផ្កាយតូចៗដាក់បន្ថែមនៅលើទង់ជាតិសហរដ្ឋអាម៉េរិកទៀតនោះទេ។
ការលើកឡើងបែបនេះធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ បានសើរើពីការព្យាយាមរបស់អាម៉េរិកក្នុងការចូលគ្រប់គ្រងកោះហ្គ្រីនលែន ដែលជាទឹកដីគ្រប់គ្រងដោយស្វយ័តមួយរបស់ដាណឺម៉ាក និងបានអះអាងថា ក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែគ្រប់គ្រងកោះនេះ ព្រោះវាមានសារៈសំខាន់សម្រាប់សន្តិសុខអាម៉េរិក និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី។ តែយ៉ាងណាគោលបំណងរបស់អាម៉េរិក ត្រូវបានប្រទេសដាណឺម៉ាក និងហ្គ្រីនលែនជំទាស់យ៉ាងដាច់អហង្ការ។
ដោយឡែក វិមានក្រឹមឡាំងមិនបានធ្វើអត្ថាធិប្បាយជុំវិញការជំរុញឡើងវិញរបស់លោក ត្រាំ ក្នុងការចង់ក្រសោបកោះនេះមកគ្រប់គ្រងនោះទេ គ្រាន់តែបញ្ជាក់ថា អាកទិកជាតំបន់ដែលអាចផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រដល់រុស្ស៊ី ហើយរុស្ស៊ី កំពុងតាមដានការប៉ះទង្គិចពាក្យសម្តីលើបញ្ហាកោះហ្គ្រីនលែនយ៉ាងចិត្តទុកដាក់។
ជាមួយគ្នានេះក្រសួងការបរទេសចិន កាលពីថ្ងៃទី១២ ខែមករា ក៏បានចេញមករិះគន់សហរដ្ឋអាម៉េរិកផងដែរ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក មិនគួរប្រើប្រាស់ប្រទេសដទៃធ្វើជាលេស ដើម្បីស្វែងរកអត្ថប្រយោជន៍នៅកោះហ្គ្រីនលែននោះទេ ហើយបាននិយាយការពារខ្លួនថា សកម្មភាពរបស់ខ្លួននៅក្នុងតំបន់អាកទិក គឺធ្វើឡើងដោយស្របតាមច្បាប់អន្តរជាតិ៕
អត្ថបទៈ សួន ឡង់ទី