បរិស្ថាន-ការបូមខ្សាច់

អ្នក​ភូមិ​កោះគរ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​​​ច្រាំង​ទន្លេ​បាក់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​បូម​ខ្សាច់


ខេត្ត​កណ្តាល៖ អង្គុយ​លើ​គ្រែ​ឈើ​ចាស់ បង់​ក្រមា​លើ​ស្មា និង​កំពុង​បី​ចៅ​បណ្ដើរ លោក​យាយ ហេង យេត វ័យ ៧៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល សម្តែង​អំពី​កង្វល់​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់ បណ្តាល​ឲ្យ​ច្រាំង​ទន្លេ បាក់​ជា​បន្ត​បន្ទាប់ ដែល​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកភូមិ។
អ្នក​ភូមិ​កោះគរ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​​​ច្រាំង​ទន្លេ​បាក់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​បូម​ខ្សាច់។
ដោយ

លោក​យាយ ហេង យេត ជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​មួយ​រូប ក្នុង​ចំណោម​ពលរដ្ឋ​រង​គ្រោះ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត ដែល​រស់នៅ​ក្នុង​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ថ្លែង​ទាំង​ទឹក​មុខ​ជ្រីវ​ជ្រួញ​ថា ៖ «ភ័យ​ខ្លាច​ខ្លាំង​ហ្មង តែ​ធ្វើ​ម៉េច យើង​ប្រជាជន។ ចេះ​តែ​ទ្រាំ​ទៅ ធ្វើ​ម៉េច​យើង​នៅ​មាត់​ទន្លេ​ហើយ»។

លោកយាយ​បាន​រស់នៅ​ក្នុង​ភូមិ​កោះគរ​នេះ យូរ​យារ​ណាស់​មក​ហើយ។ ហើយ​បើ​តាម​ការ​សង្កេត​រាប់​សិប​ឆ្នាំ​កន្លង​មក​នេះ មិន​ធ្លាប់​មាន​ករណី​បាក់​ច្រាំង​ទន្លេ​ធ្ងន់ធ្ងរ​ដូច​សព្វថ្ងៃ​បែប​នេះ​ទេ។ ប៉ុន្តែ ចាប់តាំង​ពី​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​បាក់​ច្រាំង​ទន្លេ​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ បណ្ដាល​ឲ្យ​គ្រួសារ​ខ្លះ​បាត់បង់​ដី​ធ្លី ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង ហើយ​ការ​ខូចខាត​ទាំងនោះ​មិន​ធ្លាប់​ទទួល​បាន​សំណង​ម្ដង​ណា​ឡើយ។

លោកយាយ យេត ថ្លែង​ថា ៖ «ខ្ញុំ​រស់​នៅ​នេះ​យូរណាស់​ហើយ​ហ្នឹង អត់​ធ្លាប់​បាក់​ហេ៎ ដល់​គេ​មក​បូម​ខ្សាច់​ហ្នឹង​ហ្មង។ រឿង​សំណង​ពិបាក​ដែរ​ហ្នឹង ទៅ​ទារ​គេ​ម៉េច។ ឮ​តែ​ដោះស្រាយៗ គ្មាន​បាន​ស្អី​ទេ។ អារឿង​បាក់​ដី គឺ​ដោយសារ​បូម​ខ្សាច់​ហ្នឹង​ហើយ គ្មាន​គ្រោះ​ធម្មជាតិ​អី​ទេ​»។ 

និយាយ​បណ្តើរ ដោយ​យូរៗ​លើក​ក្រមា​បក់​ឲ្យ​ចៅ​នៅ​ក្នុង​ដៃ​ម្ដង លោក​យាយ យេត បាន​រៀបរាប់​ទាំង​ជ្រួញ​ចិញ្ចើម​ថា សព្វថ្ងៃ លោក​យាយ​ក៏​ដូចជា​ក្រុម​គ្រួសារ​រស់នៅ​ក្នុង​​ការភ័យ​ខ្លាច​ខ្លាំង​តែ​ម្ដង តែ​ហេតុផល​ដែល​បន្ត​រស់នៅ​លើ​ដី​ដដែល​នោះ គឺ​ដោយសារ​តែ​គ្មាន​ជម្រើស​អ្វី​ផ្សេង។

ទិដ្ឋភាព​បាក់ច្រាំងទន្លេ ដែលបាន​បន្សល់ទុក នៅ​ខាងក្រោយ​ផ្ទះ​អ្នក​ស្រី យ៉ុង វណ្ណារី នៅក្នុង​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ រូបថត៖ ខេមបូចា

ដោយសារតែ​រឿងរ៉ាវ​បាន​កើត​ឡើង​សម្រាប់​អ្នក​ភូមិ​កោះគរ​ទាំង​មូល អ្នកស្រី យ៉ុង វណ្ណារី អាយុ ២៤ឆ្នាំ ដែល​ជា​ស្ត្រី​មេផ្ទះ​ម្នាក់ ក៏​បាន​រៀបរាប់​បញ្ហា​ដែល​បាន​កើត​ឡើង ខណៈ​កំពុង​លាង​ចាន​បណ្ដើរ​ថា សព្វថ្ងៃ អ្នកស្រី​និង​ក្រុម​គ្រួសារ កំពុង​រស់នៅ​ក្នុង​ការ​ភ័យ​ខ្លាច ដោយសារ​ដី​ក្រោយ​ផ្ទះ​ចាប់​ផ្ដើម​បាក់​បណ្ដើរៗ ហើយ​ផ្ទះ​របស់​អ្នកស្រី​ក៏​ចាប់​ផ្ដើម​ប្រេះ​ដល់​ខាង​ក្នុង​ដែរ។

អ្នកស្រី យ៉ុង វណ្ណារី ថ្លែងថា ៖ «ភ័យ​ដែរ​ហ្នឹង​ណា៎ ព្រោះអី​ប្រេះ​ដល់​ក្នុង ខ្លាច​តែ​ដេក​សុខៗ​វា [បាក់] ទៅ។ ភ័យ​រឿង​កូនៗ ខ្លាច​ទៅ​មាត់​ច្រាំង​មាត់​អី​ចឹង​ទៅ។ ពីមុនៗ​មក [ការ​បាក់​ដី] ក៏​វា​មិនដល់​ថ្នាក់​ហ្នឹង​ដែរ តាំងពី​ធំ​ដឹង​ក្ដី​មក​ វា​មិន​អ៊ីចឹង​ទេ»។

អ្នកស្រី​ក៏​ដូចជា​ពលរដ្ឋ​រងគ្រោះ​ទាំង​អស់ ចង់​បាន​ការដោះស្រាយ​ដោយ​ផ្ដល់​ជា​សំណង​ខ្លះៗ ជុំវិញ​ផល​ប៉ះពាល់​នៃ​ការ​បាក់​ច្រាំង​ទន្លេ​នេះ។ ហើយ​សព្វ​ថ្ងៃ​នេះ សូម្បី​តែ​បោក​ខោអាវ ងូត​ទឹក ឬ​ការ​ប្រើប្រាស់​បន្ទប់​ទឹក គឺ​អ្នកស្រី​ត្រូវ​ទៅ​ផ្ទះ​សាច់​ញាតិ ព្រោះ​លែង​ហ៊ាន​ចូល​បន្ទប់​ទឹក​ខ្លួន​ឯង​ដែល​ចាប់​ផ្ដើម​ប្រេះ​ដោយសារ​តែ​ការ​បាក់​ច្រាំង​ទន្លេ។

អ្នកស្រី វណ្ណារី ៖ «ចង់​ឲ្យ​គេ​មក​មើល ជួយ​ដោះស្រាយ ហើយ​ផ្ដល់​សំណង​ខ្លះ​ផង ព្រោះ​គ្នា​មាន​កន្លែង​ណា​នៅ។ បោក​ខោ​អាវ បត់​ដៃ​បត់​ជើង ងូត​ទឹក​អី ទៅ​ផ្ទះ​ក្មួយ​ណ៎»។

ទូក​បូមខ្សាច់​ដែលគេឃើញ​ចត នៅដង​ទន្លេ ស្ថិត​ក្នុង​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ រូបភាព៖ ខេមបូចា

មិនខុស​គ្នា​ពី​ការលើក​ឡើង​របស់​ពលរដ្ឋ​ខាង​លើ លោក សុខ ចាន់ត្រា អាយុ ៤២​ឆ្នាំ ដែល​ជា​ពលរដ្ឋ​រងគ្រោះ​មួយ​រូប​ដែរ​នោះ បាន​លើក​ឡើង​ពី​កង្វល់​ថា ការដេក​ពួន​រាល់​ថ្ងៃ​របស់​លោក​ពីរ​នាក់​ប្ដី​ប្រពន្ធ ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច ព្រោះ​ដី​ក្រោយ​ផ្ទះ​ចាប់​ផ្ដើម​បាក់​ស្រុត​ជា​បន្ត​បន្ទាប់ ក្រោយ​មាន​ការបូម​ខ្សាច់​ទន្លេ នា​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ចាន់ត្រា ថ្លែងថា ៖ «ការ​បាក់​ច្រាំង​នេះ ពួកខ្ញុំ​ជា​ប្រជា​ពលរដ្ឋ ដេក​រាល់​ថ្ងៃ​មាន​ការ​ភិត​ភ័យ។ បាក់​ច្រាំង​នេះ មិន​មែន​ជា​រឿង​ធម្មជាតិ​ទេ គេ​ហៅ​ថា ដោយសារ​ការ​បូម​ខ្សាច់។ មុនៗ ប្រជា​ពលរដ្ឋ​នៅ​ដង​ទន្លេ​ហ្នឹង អត់ទាន់​ដែល​មាន​បាក់​ច្រាំង​ធ្ងន់ធ្ងរ​អីចឹង​ទេ បូម​ខ្សាច់​ហើយ​​បាន​ប្រហែល​២​ឆ្នាំ ចាប់​ផ្ដើម​បាក់​បន្ត​បន្ទាប់”។ 

កាលពីថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០១៦ ក្រុមហ៊ុន ឡេង ជីន គ្រុប (LENG CHIN GROUP Co, Ltd) បាន​ទទួល​អាជ្ញាប័ណ្ណ​បើក​អណ្ដូង​រ៉ែ និង​បើក​ការដ្ឋាន​វាយ​ថ្ម លេខ ០៨៨ រថ.អធរ.ប្រក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ និង​បាន​ធ្វើ​វិសោធនកម្ម​ដោយ​ប្រកាស​លេខ ១៨៥ រថ.រស.ប្រក ចុះថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ២០១៧។ ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​បូម​ខ្សាច់​នៅ​ក្នុង​តំបន់​បាក់​ច្រាំង​ទន្លេ​ខាង​លើ កាលពី​អំឡុង​ឆ្នាំ​២០១៧។

យោងតាម​កិច្ច​សន្យា​ធ្វើ​ឡើង​រវាង​ភាគី​ក្រុមហ៊ុន ជាមួយនឹង​ប្រជាពលរដ្ឋ ដោយ​មាន​ការ​ដឹង​ឮ​ពី​មេឃុំ​រកា​ខ្ពស់ ដែល​ចុះ​កាល​បរិច្ឆេទ​ ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧ មាន​ចំណុច​មួយ សរសេរ​រៀបរាប់​ថា ៖ ក្នុង​ករណី ភាគី ក (ក្រុមហ៊ុន) ធ្វើការ​បូម​ខ្សាច់​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ ឬ​ខូចខាត​ដល់​ដំណាំ ដីធ្លី ផ្ទះ និង​សំណង់​ផ្សេងៗ​របស់​ភាគី ខ (ពលរដ្ឋ), ភាគី ក ត្រូវ​ទទួល​ខុសត្រូវ​សង​រាល់​ការ​ខូចខាត​ទាំង​អស់ ដល់ ភាគី ខ តាម​ការ​ខូចខាត​ជាក់ស្ដែង ស្រប​តាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ជាធរមាន។ ប៉ុន្តែ ជាក់ស្ដែង នៅពេល​បាក់​ច្រាំង​ទន្លេ បង្ក​ការ​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ ពលរដ្ឋ​នៅ​ភូមិ​កោះគរ​មិន​ធ្លាប់​ទទួល​បាន​សំណង​ម្ដង​ណា​ឡើយ។

បន្ទាប់ពី​មាន​ការ​បាក់​ស្រុត​ដី ធ្វើឲ្យ​លោក​ ចាន់ត្រា បាត់បង់​ដី​ក្រោយ​ផ្ទះ​ប្រមាណ​១០​ម៉ែត្រ មិន​អាច​ដាំ​ដំណាំ​ផ្សេងៗ​បាន​តទៅ​ទៀត និង​ធ្វើ​ឲ្យ​ពាងទឹក បង្គន់ ទុយោទឹក ដាច់​បាក់​ធ្លាក់​អស់។ ហើយ​លោក​មិន​សង្ឃឹម​ថា ទទួល​បាន​សំណង​សមរម្យ​ណាមួយ​ពី​ភាគី​ក្រុមហ៊ុន​នោះទេ។

លោក​បាន​ថ្លែង​ថា ៖ «ខ្ញុំ​អស់​ប្រហែល​១០​ម៉ែត្រ។ កាល​មិន​ទាន់​បាក់ ដី​ហ្នឹង​អាច​ដាំ​ជីរ​ស្លឹក​គ្រៃ ស្វាយ​អី​បាន​ខ្លះ។ បន្ទាប់​ពី​បាក់​ហើយ ពិបាក​រឿង​ទឹក​សម្រាប់​ប្រើប្រាស់ ទុយោ​ក៏​ដាច់​អស់ ពាង​អី​ក៏ធ្លាក់​ទៅ​អស់​ដែរ ពិបាក​បូម​ទឹក​ឡើង។ រឿង​សំណង ខ្ញុំ​មិន​សង្ឃឹម​សោះ​ហ្មង»។

ទាក់ទងនឹង​ផល​ប៉ះពាល់​នៃ​ការបូម​ខ្សាច់​នេះ សកម្មជន​អង្គការ​មាតា​ធម្មជាតិ កញ្ញា លឹម គឹមស័រ លើក​ឡើង​ថា ជា​ជាញឹក​ញាប់ អាជ្ញាធរ​តែងតែ​រក​លេស​ថា ការ​បាក់​ច្រាំង​ទន្លេ​គឺ​បណ្ដាល​មក​ពី​កត្តា​ធម្មជាតិ ទាំង​ដែល​ដើម​ចម​ពិត​ប្រាកដ​ គឺ​មនុស្ស​ជា​អ្នក​បង្ក។

កញ្ញា លឹម គឹមស័រ ៖ «បើយើង​និយាយ​ពី​រឿង​ខ្សាច់ ភាគច្រើន​ឲ្យ​តែ​ពេល​មាន​ការ​បាក់​ច្រាំង ប៉ះពាល់​ដល់​ប្រជាជន  អាជ្ញាធរ​តែងតែ​លើក​ហេតុផល​ថា វា​ជា​គ្រោះ​ធម្មជាតិ។ ប៉ុន្តែ ធាតុពិត វាមិនមែន​ជា​គ្រោះ​ធម្មជាតិ​ទេ ការពិត បើ​មនុស្ស​យើង​មិន​បំផ្លាញ​វា  ក៏​វា​មិន​មាន​គ្រោះ​ធម្មជាតិ​ហ្នឹង​កើត​ឡើង​ដែរ»។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​រូបនេះ​បន្តថា ការបូម​ខ្សាច់​ទន្លេ​នេះ បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​មាត់​ច្រាំង ហើយ​ពេល​មាន​បញ្ហា​កើត​ឡើង មិនដែល​ឃើញ​អាជ្ញាធរ​មាន​វិធានការ ឬក៏​ជួយ​ដល់​ជនរងគ្រោះ​ទាំង​នោះ​ឡើយ។

កញ្ញា គឹមស័រ ៖ «ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ ពេល​បាក់​ច្រាំង​ហ្នឹង គឺ​រងផល​ប៉ះពាល់ ផ្ទះ​គាត់​ធ្លាក់​ចូល​ទឹក ចូល​ដី គាត់​បាត់​បង់​ជម្រក​របស់​គាត់។ ហើយ​ប្រជាជន​ខ្លះ គាត់​ប្រើប្រាស់​ទឹក​ទន្លេ​ហ្នឹង​ទៀត។ អ៊ីចឹង​ពេល​គេ​បូម​ខ្សាច់ គេ​ទម្លាក់​ប្រេង​ចូល​ទៅ វា​ធ្វើ​ឲ្យ​ទឹក​កខ្វក់ ប្រជាជន​ប្រើប្រាស់​វា ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព»។

កញ្ញា​បន្ត​ថា ៖ «ជាក់ស្តែង រាល់ពេលមាន​បញ្ហា​ហ្នឹង​កើត​ឡើង យើង​ឃើញ​អាជ្ញាធរ​មាន​វិធានការ​ណា​មួយ​ឲ្យ​ច្បាស់​លាស់ ការពារ ឬក៏​ជួយ​ដល់​ប្រជាជន​ទេ? គឺ​អត់​មាន​ហ្មង!»។ 

បើតាម​កញ្ញា លឹម គឹមស័រ កញ្ញា​សំណូម​ពរ​ឲ្យ​ក្រសួង​បរិស្ថាន ក៏ដូចជា ក្រសួង​រ៉ែ និង​ថាមពល សិក្សា​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​ច្បាស់​លាស់​ឡើង​វិញ មិនមែន​សិក្សា​តាម​មើល​ឃើញ​នឹង​ភ្នែក​នោះ​ទេ។ មុន​ពេល​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ដល់​ក្រុមហ៊ុន​ណា​មួយ ក្រសួង​ត្រូវតែ​ពិនិត្យ​មើល ថា តើ​ក្រុមហ៊ុន​នោះ​អនុវត្ត​តាម​អាជ្ញាប័ណ្ណ​ដែរ​ ឬទេ។

ឆ្លើយតប​ទៅនឹង​បញ្ហា​ខាង​លើ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ បាន​ថ្លែង​ថា មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ឲ្យ​ក្រុមហ៊ុន​ណា​​មួយ គឺ​មាន​ការសិក្សា​ជា​ដំណាក់កាល​ថា តើ​បន្ទាប់​ពី​បូម​ហើយ នឹង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា បរិស្ថាន។

លោក​មាន​ប្រសាសន៍​ថា ៖ «មុន​ការ​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់ គឺ​ត្រូវមាន​ការសិក្សា។ ទី១ មាន​ការឯកភាព​ពី​សំណាក់​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ចំពោះ​ទីតាំង​ស្នើ​សុំ។ ទី២ ការ​ចុះ​វាយតម្លៃ​ផ្នែក​បច្ចេកទេស​របស់​មន្ត្រី​អគ្គនាយកដ្ឋានរបស់​ក្រសួង​រ៉ែ និង​ថាមពល។ ១​ចំណុច​ទៀត​ដែល​សំខាន់ គឺ​ការធ្វើ​កិច្ច​សន្យា​ការពារ​បរិស្ថាន ឬការសិក្សាពីផលប៉ះពាល់បរិស្ថាន។ បើស្ថិត​ក្នុង​ការសិក្សា​វាយ​តម្លៃ​របស់​យើង យើង​ឃើញ​ថា តំបន់​នោះ​មាន​ហានិភ័យ​បរិស្ថាន យើង​មិន​អនុញ្ញាត​ឲ្យ​ទេ»។ 

យ៉ាងណាក៏ដោយ  អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា មិន​មាន​ច្បាប់​ណាមួយ​ចែង​ពី​សំណង​ខូចខាត​ទៅ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ​ឡើយ។ ការផ្ដល់​ជូន​សំណង​ឬ​អត់ អាស្រ័យ​លើ​ការធ្វើ​កិច្ច​សន្យា​ជាក់ស្ដែង រវាង​ក្រុមហ៊ុន​បូម​ខ្សាច់ ជាមួយនឹង​ប្រជាពលរដ្ឋ​នៅ​តំប​ន់នោះ ចំណែក​អាជ្ញាធរ ឬ​ភាគី​ក្រសួង បាន​ត្រឹម​ចុះពិ​និត្យ ឬ​អន្តរាគមន៍​ជាក់ស្ដែង​តាម​ករណី​នីមួយៗ​ប៉ុណ្ណោះ។

លោក មុនីរ៉ាត់ ថ្លែងថា ៖ «ចង់ជម្រាប​ជូន​អីចេះ ចំពោះ​ការ​បូម​ខ្សាច់ សួរថា មាន​សំណង​នៃ​ការ​ខូចខាត​ប្រជាជន​បែប​ណា វា​មិន​ដូច​គ្នា​ទេ។ ក្រុមហ៊ុន​ខ្លះ គេ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​នោះ បើ​មាន​ការ​បាក់ច្រាំង​ប្រការ​ណាមួយ ក្រុមហ៊ុន​នឹង​ធានា​ការជួសជុល ប៉ះ​ប៉ូវ​សង​អី តាម​ការ​ព្រមព្រៀង​គ្នា តាម​ការ​ជាក់ស្តែង​នីមួយៗ។ ប៉ុន្តែ សួរ​ថា មាន​ច្បាប់​ចែង​ពី​សំណង​ខូចខាត​អី​យ៉ាង​ម៉េចៗ យើង​អត់​មាន​ច្បាប់​អី​ចែង​ច្បាស់​លាស់​ទេ»។ 

បើ​តាម​លោក យស មុនីរ៉ាត់ ការ​បូម​ខ្សាច់​ជួយ​ឲ្យ​មាន​លំហូរ​ទឹក ធ្វើ​ឲ្យ​មាន​ជម្រៅ​បាត​ស្ទឹង ព្រែក ឬទន្លេ ដែល​អាច​សម្រួល​ដល់​ចរន្ត​ទឹកហូរ និង​សម្រួល​ដល់​ការ​ធ្វើ​នាវាចរណ៍។

ឆ្លើយតប​ទៅនឹង​ការ​លើក​ឡើង​នូវ​ចំណុច​ចុង​ក្រោយ​របស់​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និងថាមពល សកម្មជន​បរិស្ថាន លោក សាន់ ម៉ាឡា បាន​ឲ្យ​ដឹង​ថា ការលើកឡើង​នោះ​ត្រូវ​មួយ​ផ្នែក ប៉ុន្តែ អ្វី​ដែល​សំខាន់ ភាគី​ក្រសួង​មិន​បាន​តាមដាន​ឲ្យ​បាន​ដិតដល់ ពី​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ទាំង​នោះ​ឡើយ។

លោក សាន់ ម៉ាឡា បាន​និយាយ​ថា ៖ «ការលើក​ឡើង​មួយ​ផ្នែក​របស់​ក្រសួង វា​ជា​ការ​ត្រឹមត្រូវ។ សម្រាប់​ទីតាំង​មួយ​ចំនួន បើ​សិន​មិន​មាន​ការបូម​ខ្សាច់​យក​ចេញ​ទេ ខ្សាច់​វា​អាច​ដុះ ហើយ​វា​បង្កើត​ទៅ​ជា​ការ​បាក់​ច្រាំង ដោយសារតែ​វា​រាំង​ខ្ទប់​ចរន្ត​ទឹកហូរ។ ក៏ប៉ុន្តែ កន្លងមក អ្វី​ដែល​យើង​មើល​ឃើញ​ហ្នឹង គឺ​តាមរយៈ​ការបូម តាមរយៈ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ហ្នឹង វា​អត់​មាន​សុក្រឹត​ភាព ហើយ​មិន​មាន​ការតាមដាន»។ 

លោក​បន្ត​ថា ៖ «ពេលខ្លះ ការបូម​ខ្សាច់​ហ្នឹង វា​លើស​ពី​អ្វី​ដែល​ច្បាប់​បាន​កំណត់។ អ៊ីចឹង​ហើយ វា​បង្ក​ជា​បញ្ហា​ច្រើន​ទៅ​ដល់​ប្រជាជន ក៏​ដូចជា​ប៉ះពាល់​ទៅ​ដល់​លំនៅដ្ឋាន​របស់​ពួកគាត់ ដែល​រស់នៅ​ប្រប​ជាមួយ​នឹង​ដង​ទន្លេ​ហ្នឹង មាន​ការបាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ ខូចខាត​ផ្លូវ​ថ្នល់​អី​ជាដើម»។ 

សកម្មជន​បរិស្ថាន​រូបនេះ​បន្ថែមថា រដ្ឋាភិបាល​គួរតែ​ចាប់​ផ្ដើម​បើក​ចំហ​ឲ្យ​បាន​ទូលាយ​ជាងមុន ត្រូវ​បង្ហាញ​ថា ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប៉ុន្មាន​ឆ្នាំ បូម​ពី​ទីតាំង​ណា​ដល់​ទីតាំង​ណា ជម្រៅ​ប៉ុណ្ណា ចំនួន​ប៉ុន្មាន​ម៉ែត្រគូប ឬ​ប៉ុន្មាន​តោន​ ជាដើម។ ហើយ​បន្ទាប់​ពី​បញ្ចប់​ប្រតិបត្តិការ ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ត្រូវ​បង្ហាញ​ពី​របាយការណ៍ EIA របស់​ខ្លួន។

បើយោងតាម​តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័រ World's Top Exports ​ឬ​ហៅកាត់​ថា (WTEx) ដែល​ស្រាវជ្រាវ​អំពី​ការ​នាំចេញ​របស់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បាន​បង្ហាញ​តួលេខ​ស្តីពី​ការនាំចេញ​ខ្សាច់​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ថា កម្ពុជា ដែល​ជា​ប្រទេស​ដ៏​តូច​បំផុត​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ចំណោម​ប្រទេស​ទាំង​១៥ ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី៧ នាំ​មុខ​ប្រទេស​មួយ​ចំនួន​មក​ពី​តំបន់​អឺរ៉ុប និង​អាហ្វ្រិក។

កម្ពុជា​បាន​នាំចេញ​ខ្សាច់​ដែល​មាន​ទឹកប្រាក់​សរុប ចំនួន ៣៤​លាន ៦​សែន​ដុល្លារ​អាមេរិក បន្ទាប់​ពី​ប្រទេស​បារាំង​ដែល​ជាប់​លំដាប់​ថ្នាក់​ទី៦ ដោយ​នាំ​ចេញ​ខ្សាច់​ក្នុង​ទឹកប្រាក់​ចំនួន ៥៤លាន ៧​សែន​ដុល្លារ។ បើ​ប្រៀប​ធៀប​ពី​ឆ្នាំ២០១៤ ការនាំ​ខ្សាច់​កម្ពុជា​កើន​ឡើង​ចំនួន​ជាង ៤៦០០​ភាគរយ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំចេញ​ខ្សាច់​ដ៏​រហ័ស​បំផុត។ ក្នុងចំណោម​ប្រទេស​ទាំង​១៥​នេះ សហរដ្ឋ​អាមេរិក​ជាប់​លំដាប់​ថ្នាក់​លេខ១ ដោយ​នាំ​ចេញ​ខ្សាច់​ជា​ទឹក​ប្រាក់ សរុប ៥៣៤​លាន ១​សែន​ដុល្លារ។ 

គួរបញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​កក្កដា ឆ្នាំ២០១៧ ក្រសួង​រ៉ែ​និង​ថាមពល បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បាន​បញ្ឈប់​ការនាំ​ចេញ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ រួមទាំង​ខ្សាច់​ល្បាយ​ភក់ នៅ​ខេត្ត​កោះកុង ចេញ​ទៅ​ក្រៅ​ប្រទេស៕

អត្ថបទដើម​ជា​ភាសាអង់គ្លេស ដោយ​ Mouv Mara និង Ban Chantha ចេញ​ផ្សាយ​នៅ​លើ​សារព័ត៌មាន CamboJaNews.com។ ផ្សាយ​ឡើងវិញជា​ភាសា​ខ្មែរ ដោយ​មាន​ការអនុញ្ញាត​ពី ខេមបូចា 



អត្ថបទបន្ទាប់


រដ្ឋាករទឹកស្វយ័តភ្នំពេញរំពឹងការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថល នឹងកើនឡើងដល់៨០% នៅឆ្នាំខាងមុខ!

ព័ត៌មាន
វិស័យបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ក្នុងនោះការទូទាត់តាមអេឡិចត្រូនិក ឬហៅថា E-Payment ក៏កំពុងមា…

សម្តេច ហ៊ុន សែន បង្ហាញផែនការបង្កើតផ្សារគំរូជាប់ព្រំដែនវៀតណាមចំនួន២ទៀត ដោយប្រើលុយជាតិផ្ទាល់ មិនពឹងលុយជំនួយពីវៀតណាម

ព័ត៌មាន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នឹងបង្កើតផ្សារគំរូជាប់ព្រំដែនជាមួយវៀតណាមចំនួន២ទៀត នៅក្នុងទឹកដីខេត្តកំពត និងស្វាយរៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ