ថ្លែងក្នុងបទសម្ភាសមួយដែលចេញផ្សាយដោយកាសែតក្នុងស្រុករុស្ស៊ី Izvestia លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានឆ្លើយតបនឹងសំណួរអំពីសង្គ្រាមនាពេលខាងមុខជាមួយណាតូថា «វាអាស្រ័យលើជម្រើសរបស់សម្ព័ន្ធអាត្លង់ទិចខាងជើងថា ត្រូវធ្វើយ៉ាងដូម្តេច! តែដូចរុស្ស៊ីធ្លាប់បានបញ្ជាក់ច្បាស់ហើយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារផលប្រយោជន៍រុស្ស៊ីគ្រប់មធ្យោបាយទាំងអស់»។
លោកបានលើកឡើងក្នុងសំដីដើមថា ទំនាក់ទំនងរុស្ស៊ី និងណាតូនឹងមិនអាចស្តារដូចដើមឡើងវិញបាននោះទេ ហើយបើលោកខាងលិចគិតថា ទំនាក់ទំនងនេះអាចនឹងប្រែមកល្អវិញ នោះគឺជាកំហុសហើយ។
លោក Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលជាអ្នកទទួលខុសត្រូវលើការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាម៉េរិក បានបន្ថែមថា កាលៈទេសៈបច្ចុប្បន្នមិនអំណោយផលទាល់តែសោះចំពោះការចរចាអាវុធជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាម៉េរិករំពឹងឈ្នះការប្រណាំងប្រជែងសព្វាវុធនាពេលអនាគតជាមួយម៉ូស្គូ នោះអាម៉េរិកពិតជាយល់ច្រឡំហើយ។ រុស្ស៊ីនឹងមិនចុះចាញ់នឹងការបង្កហេតុ ហើយនឹងធានាសន្តិសុខរុស្ស៊ីនៅគ្រប់តម្លៃទាំងអស់។
ទោះជាយ៉ាងណា លោក Ryabkov សង្កត់ធ្ងន់ថា ការលើកឡើងរបស់លោកនេះមិនបានមានន័យថា ទីក្រុងមូស្គូគំរាមកំហែងចង់បានជម្លោះយោធាជាមួយណាតូទេ ប៉ុន្តែលោកថា ជម្លោះនៅអ៊ុយក្រែនកំពុងរុញឱ្យណាតូគិតដូច្នោះ ហើយជម្រើសវាឋិតនៅលើណាតូតែម្ខាងទេ រុស្សីនឹងមិនចាប់ផ្តើមជំហានបែបនោះមុនឡើយ។
មែនទែនទៅ ការថ្លែងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីកើតឡើង ចំពេលដែលទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិចជាច្រើន កាន់តែយ៉ាប់យ៉ឺន និងតានតឹងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុន។
ក្រៅពីនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមានលោកខាងលិចថា លោកមិននិយាយកុហកទេ លោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែ ប្រសិនបើបូរណភាពទឹកដីរបស់រុស្ស៊ីត្រូវបានគំរាមកំហែង ហើយក៏បានបញ្ជូនសារថា រុស្ស៊ីអាចនឹងងាកទៅបន្តការសាកល្បងនុយក្លេអ៊ែឡើងវិញទៀតផង៕