អ្នកនាំពាក្យវិមានក្រឹមឡាំង ឌីមេទ្រី ប៉េសស្កូវ (Dmitry Peskov) និយាយថា ទីក្រុងម៉ូស្កូមិនប្រញាប់សម្រេចចិត្តពេកឡើយ ដោយគេត្រូវការពេលបន្ថែមទៀតដើម្បីពិនិត្យមើលការឆ្លើយតបរបស់អាមេរិក និងអង្គការណាតូ។ យ៉ាងណាមិញ ម៉ូស្កូសង្កេតឃើញថា ការផ្តល់ចម្លើយកាលពីថ្ងៃពុធពីសំណាក់អាមេរិក មិនបានឆ្លើយតបឲ្យដិតដល់ ទៅនឹងការទាមទារចំបងរបស់រុស្សីឡើយ ជាហេតុធ្វើឲ្យគេមិនសូវមានសុទិដ្ឋិនិយមខ្ពស់ប៉ុន្មានទេ ក្នុងការដោះស្រាយវិបត្តិលើកនេះ។
គួររំឭកថា សហរដ្ឋអាមេរិក និងអង្គការណាតូ មិនបានយល់ស្របទាំងស្រុងទៅតាមការចង់បានរបស់រុស្សីឡើយ ពិសេសជុំវិញបេក្ខភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ និង ឥទ្ធិពលរបស់អង្គការយោធាមួយនេះនៅក្នុងតំបន់អឺរ៉ុបខាងកើត។ រុស្សីទាមទារឲ្យណាតូបញ្ឈប់សកម្មភាពយោធា និងដកទ័ពចេញពីប្រទេសទាំង១៤ ដែលជាអតីតសមាជិកសហភាពសូវៀត គួបផ្សំនឹងការឈប់បញ្ចូលសមាជិកថ្មីៗទៀត ទៅក្នុងអង្គការណាតូទៀត ពិសេសគឺ អ៊ុយក្រែនតែម្តង។ អាមេរិក និងណាតូទាត់ចោលសំណើនេះ និងជំនួសមកវិញដោយការសន្យារក្សាឲ្យបានសន្តិសុខក្នុងតំបន់។យ៉ាងណាមិញ ការប្រតិកម្មពីវិមានក្រឹមឡាំងបង្ហាញថា រុស្ស៊ីមិនបានច្រានចោលទាំងស្រុងលើការឆ្លើយតបរបស់អាមេរិក និងណាតូនោះទេ ហើយរុស្សីក៏មិនបានបិទទ្វារចរចាតាមរយៈផ្លូវការទូតនោះដែរ។
ក្រោយប្រតិកម្មពីម៉ូស្កូ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោននិយាយថា ខ្លួននិងសម្ព័ន្ធមិត្តសង្ឃឹមថា រុស្ស៊ីនឹងបន្តសិក្សាពីការឆ្លើយតបរបស់ពួកគេឲ្យបានស៊ីជម្រៅ ហើយត្រលប់មករកតុចរចាវិញ។ យ៉ាងណាមិញ វិមានក្រឹមឡាំងធ្លាប់បានថ្លែងចំៗជារឿយៗហើយថា វិធីដ៏ល្អបំផុតដើម្បីអាចបន្ថយភាពតានតឹងនៅអ៊ុយក្រែនបាន គឺណាតូ ត្រូវតែដកទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់អឺរ៉ុបខាងកើត។
សូមជម្រាបថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងចេញមុខផ្តល់ចម្លើយដោយផ្ទាល់បន្ថែមទៀត នាពេលខាងមុខ ទៅលើចម្លើយជាលាយលក្ខណ៍អក្សររបស់អាមេរិក និងណាតូ។ យ៉ាងណាក្តី ក្រុមបស្ចិមប្រទេស បានត្រៀមខ្លួនឆ្លើយតបដូចគ្នា នឹងគ្រប់ចម្លើយទាំងអស់ពីរុស្ស៊ី។ ប្រមុខអង្គការណាតូបានបញ្ជាក់ពីការហុចដៃរករុស្ស៊ី ប៉ុន្ដែក៏ត្រៀមខ្លួននឹង តទល់ជាមួយរុស្ស៊ីផងដែរ ប្រសិនបើស្ថានការណ៍ចាំបាច់៕