ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម

ឆ្នាំ២០១៦ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​ថយ​ចុះ ប៉ុន្តែ សកម្ម​ភាព​ពាណិជ្ជ​កម្ម​មិន​ថយ​ចុះ​ទេ


ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​បើក​ក្រុមហ៊ុន​ថ្មី និង​សហគ្រាស​ឯកជន នៅ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៦ មាន​ការ​ថយ​ចុះ ប៉ុន្តែ សកម្មភាព​ពាណិជ្ជ​កម្ម ជាក់​ស្តែង​មិន​មាន​ការ​ធ្លាក់​ចុះ​ទេ។ នេះ​បើ​​យោង​​តាម​​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម លោក ប៉ាន សូរស័ក្តិ។
ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​របាយការណ៍​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ​ថា ឆ្នាំ​២០១៦ មាន​ចំនួន​សរុប ២​ពាន់​៩៣៧ ក្រុមហ៊ុន​ មាន​ការ​ថយ​ចុះ ២៦ ភាគ​រយ ខណៈ​សហគ្រាស​ឯកត្ត​បុគ្គល​ចំនួន ៧៨៦ សហគ្រាស​ថយ​ចុះ ៤០​ភាគរយ។

ទោះ​បី​ជា​តួលេខ​បង្ហាញ​ថា វា​មាន​ការ​ថម​ថយ​ចុះ​នៃ​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​នៅ​ឆ្នាំ​​២០១៦​បែប​នេះ​ក្តី ប៉ុន្តែ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា ការ​ធ្លាក់​ចុះ​ចំនួន​ក្រុមហ៊ុន​ថ្មី​ចុះ​បញ្ជី​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់​ចុះ​ស្ថានភាព​ពាណិជ្ជ​កម្ម​ជាក់​ស្តែង​នោះ​ឡើយ។

លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​អះអាង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ពី​កំណើន​ការ​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម​បើក​ក្រុមហ៊ុន​ថ្មី ពីសំណាក់​វិនិយោគិន ពាណិជ្ជករ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ហាក់​ដូចជា​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ដោយសារ​តែ​ប្រទេស​កម្ពុជា​បាន​បើក​ទូលាយ​១០០​ភាគ​រយ នូវ​ច្បាប់​វិនិយោគ គួប​ផ្សំ​ជាមួយ​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥  ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អ៊ិនថឹណិត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ប្រព័ន្ធ​ចុះ​បញ្ជី​ថ្មី​នេះ នៅ​មិន​ទាន់​អនុវត្ត​បាន​ល្អ​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ មិន​ទាន់​ល្អ ដោយសារ​តែ​ម្ចាស់​សហគ្រាស​មួយ​ចំនួន​លើក​ឡើង​ថា ការចុះ​បញ្ជី​អាជីវកម្ម​តាម​អនឡាញ នៅ​តែ​មាន​ភាព​ស្មុគ​ស្មាញ និង​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​មាន​ភាព​យឺត​យ៉ាវ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជ​កម្ម បង្ហាញ​ថា ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​សា​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន ១​ម៉ឺន ៩០៤​ក្រុមហ៊ុន និង​ ១​ពាន់​២៤១​សហគ្រាស ខណៈ​ការ​ផ្តល់​សេវា​កម្ម​នាំ​ចេញ នាំ​ចូល ប្រតិបត្តិការ​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្ម សម្រាប់​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ មាន ៤០​រោងចក្រ រោងចក្រ​ស្បែក​ជើង ៧ រោង​ចក្រ និង ១២៨ ផ្សេង​ទៀត ជា​ក្រុមហ៊ុន និង​រោងចក្រ​តូចៗ។

នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ពាក្យ​ស្នើ​សុំ​សម្រាប់​ចុះ​បញ្ជី​ម៉ាក​ផលិត​ផល​សរុប ចំនួន ៤​ពាន់​៣២៨ ធ្លាក់​ចុះ​ជិត​២៨% បើប្រៀប​ធៀប​ទៅ​នឹង​ពាក្យ​ដែល​បាន​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​កាល​ពី​ឆ្នាំ​២០១៥។

ក្នុង​នោះ ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​ផលិត​ផល​របស់​ក្រុមហ៊ុន​ក្នុង​សុ្រក​មាន​ចំនួន ១​ពាន់​៣៧០ ធ្លាក់​ចុះ​ជាង ១% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ និង​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​ពី​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា មាន​ចំនួន​២​ពាន់​៩៥៨ ធ្លាក់​ចុះ ២៧,៥៣%៕




អត្ថបទបន្ទាប់


រំដោះ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ជា​ការសាកល្បង​សមត្ថភាព​ចៅសង្កាត់​ថ្មី?

ព័ត៌មាន
លទ្ធផល​នៃ​ការ​បោះឆ្នោតឃុំ​សង្កាត់​ឆ្នាំ​២០១៧នេះ បង្ហាញថា ក្នុង​រាជធានីភ្នំពេញ ចៅសង្កាត់​ជាច្រើន​ត្រូវ​បាន​ប្ដូរ​ថ្មី​។ តើ​ចៅ​សង្កាត់​ថ្មី​…

ការ​នំាចេញ​-នាំ​ចូល​ទំនិញ​កម្ពុជា​ថម​ថយ​កម្លាំង​ក្នុង​ឆ្នាំ​២០១៦

ព័ត៌មាន
ឆ្នាំ​២០១៦​មួយ​ឆ្នាំ​ពេញ ការ​នំា​ចេញ​-​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​លើ​ពិភព​លោក ហាក់​មាន​កំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ