នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បាននិយាយច្បាស់ៗថា រុស្ស៊ីមាន «សិទ្ធិការពារទឹកដីទាំងមូលរបស់ខ្លួន»។ ដោយការអះអាងថា គឺធ្វើឡើងឆ្លើយតបទៅនឹង ទីក្រុងវ៉ាស៊ីនតោន ដែលបានផ្គត់ផ្គង់ ដោយបើកចំហដល់អ៊ុយក្រែននូវប្រព័ន្ធគ្រាប់រ៉ុក្កែតកម្រិតខ្ពស់ (GMLRS) ដែលបាញ់ចេញពីគ្រាប់រ៉ុក្កែត (HIMARS) ហើយអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ទៅ៨០គីឡូម៉ែត្រ។
លោកស្រី Zakharova បានសង្កត់ធ្ងន់ថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទាំងនេះដល់យោធាអ៊ុយក្រែន នោះអាមេរិកនឹងដើរឆ្លងកាត់ខ្សែបន្ទាត់ក្រហម ហើយនឹងក្លាយជាភាគីនៃជម្លោះទល់មុខជាមួយសហព័ន្ធរុស្សី»។
ទោះយ៉ាងណា មន្ត្រីអាមេរិកកាលពីពេលកន្លងទៅ បានចេញមុខមកនិយាយថា អ៊ុយក្រែនបានសន្យាថា នឹងមិនប្រើគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដើម្បីវាយប្រហារទឹកដីរុស្ស៊ីឲ្យហួសពីតំបន់ជម្លោះនោះទេ។
គួររលឹកបន្តិចថា កាំជ្រួច HIMARS ក៏អាចប្រើដើម្បីបាញ់ជាមួយកាំជ្រួចយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ATACMS) ដែលអាចបាញ់បានចម្ងាយដល់ទៅ ៣០០ គីឡូម៉ែត្រ។
អ៊ុយក្រែនបានស្នើសុំ និងទទួលសព្វាវុធក្នុងបរិមាណច្រើនពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីជាជន្ទល់ដ៏រឹងមាំក្នុងការទប់ទល់នឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដែលត្រូវបានបញ្ជូនចូលប្រទេសខ្លួនគិតតាំងពីខែកុម្ភៈនោះ។
ទោះបីជាយ៉ាងណា ទីក្រុងមូស្គូនិយាយថា គោលដៅនៃការបញ្ចូនកងទ័ពចូលវាយប្រហារប្រទេសអ៊ុយក្រែន ឬអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នោះ គឺដើម្បីផ្តួលរលំ«របបណាស៊ីបែបថ្មី» នៃរដ្ឋាភិបាលទីក្រុងកៀវ និងការពារផលប្រយោជន៍សន្តិសុខជាតិ ចំពោះការពង្រីកខ្លួននៃអង្គការណាតូមកទល់នឹងព្រំប្រទល់ប្រទេសខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលលោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បានច្រានចោលការអះអាងទាំងអស់នេះថា ជាលេសគ្មានមូលដ្ឋានសម្រាប់ការធ្វើសង្គ្រាមឈ្លានពានប្រទេសតូចតាមបែបចក្រពត្តិនិយម និងជាមហិច្ឆតាផ្ទាល់របស់លោក ពូទីន តែប៉ុណ្ណោះ៕