រុស្ស៊ី-ចិន

រុស្ស៊ីនិយាយថា បំពង់បង្ហូរឧស្ម័នទៅប្រទេសចិន នឹងជំនួសឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅអឺរ៉ុប


រដ្ឋមន្ត្រីថាមពលរុស្ស៊ីគឺលោក Alexander Novak បាននិយាយកាលពីថ្ងៃទី ១៥ ខែកញ្ញាថា បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិននឹងជំនួសឱ្យបំពង់បង្ហូរឧស្ម័នណតស្ទ្រីមទី២ (Nord Stream 2) ទៅកាន់តំបន់អឺរ៉ុប ដែលត្រូវបានរុស្ស៊ីបោះបង់ចោល លែងបង្ហូរប្រេងទៅអឺរ៉ុបទៀត នៅចំពេលមានជម្លោះនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA។
រុស្ស៊ីនិយាយថា បំពង់បង្ហូរឧស្ម័នទៅប្រទេសចិន នឹងជំនួសឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅអឺរ៉ុប

នៅ​ក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី Rossiya-1 ពាក់​ព័ន្ធ​នឹង​សំណួរ​ថា​តើ​ប្រទេស​រុស្ស៊ីនឹងជំនួសបំពង់​​បង្ហូរ​ឧស្ម័ន​ Nord Stream 2 ទៅ​កាន់​អឺរ៉ុប ​ដោយ​បំពង់​បង្ហូរ​ឧស្ម័ន Force Siberia ២​ ទៅ​តំបន់​អាស៊ី​ ឬ​យ៉ាង​ណា​នោះ? លោក Alexander Novak រដ្ឋមន្ត្រីថាមពលរុស្ស៊ីបានឆ្លើយតប​ថា «មែន​ហើយ ប្រទេស​រុស្ស៊ី​នឹង​ធ្វើ​បែប​នោះ​»​។

​​​រដ្ឋមន្ត្រីរុស្ស៊ី​រូប​នេះ​បាន​និយាយ​នៅ​ខាងក្រៅដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ូសបេគីស្ថាន​ ថា រុស្ស៊ី និង​ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ក្នុងពេលឆាប់ៗ​នេះស្តីពីការចែកចាយឧស្ម័ន «៥០​ពាន់លានម៉ែត្រគូប»​ ក្នុងមួយឆ្នាំតាម​រយៈ​បំពង់បង្ហូរ​ Force 2 នាពេលអនាគតនៅតំបន់​ស៊ីបេរី​​ប្រទេស​រុស្ស៊ី​។

បរិមាណឧស្ម័ន​បង្ហូរ​ទៅ​ចិន​នេះ​ គឺ​ជិត​ស្មើនឹង​​សមត្ថភាព​​បង្ហូរ​ឧស្ម័ន​​ជា​អតិបរមា​តាម​បំពង់​បង្ហូរ​ Nord Stream 1 ដែល​អាច​បង្ហូរ​​បាន​​ចំនួនសរុប​ ៥៥ ពាន់លានម៉ែត្រគូប​​ ប៉ុន្តែ​បំពង់​បង្ហូរ​នេះ​ត្រូវបានបិទតាំងពីថ្ងៃទី០២ ខែកញ្ញា​មក​ម្ល៉េះ​។ ការផ្គត់ផ្គង់ឧស្ម័ន​១ភាគ​៣​​របស់រុស្ស៊ីទៅ​កាន់​​សហភាពអឺរ៉ុប​ត្រូវ​ឆ្លងកាត់បំពង់បង្ហូរ​យុទ្ធសាស្ត្រ​មួយ​នេះ​ ដែលតភ្ជាប់ពី​ប្រទេស​រុស្ស៊ីទៅអាល្លឺម៉ង់។

​បំពង់​បង្ហូរ​ឧស្ម័ន​ Force Siberia 2 នេះ​នឹងជួយ​បង្កើន​​សេដ្ឋកិច្ច​​របស់​ចិន​​ដែលកំពុង​តែ​ស្រេក​ឃ្លាន​ថាម​ពល​​យ៉ាង​​ខ្លាំង ហើយ​ការសាងសង់បំពង់​បង្ហូរ​ឧស្ម័ន​នេះ​​គ្រោងនឹងចាប់ផ្តើមធ្វើ​នៅឆ្នាំ​២០២៤ ដែល​មួយ​ផ្នែក​នៃ​បំពង់​នេះនឹង​​ត្រូវ​​ឆ្លងកាត់​ប្រទេស​​ម៉ុងហ្គោលី។​

ដូច្នេះហើយ​វានឹង​ជំនួសឱ្យ​គម្រោង​ Nord Stream 2 ដែលមាន​ការ​គាំទ្រពី​ប្រទេសអាឡឺម៉ង់ជាយូរមកហើយនោះ។

លោក Novak រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បាននិយាយថា ការនាំចេញឧស្ម័នរបស់​រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប«នឹងធ្លាក់ចុះប្រហែល ៥០ ពាន់លានម៉ែត្រគូប» នៅក្នុងឆ្នាំ​២០២២។

ជាមួយគ្នានេះដែរ​ រដ្ឋមន្ត្រីថាមពល​រុស្ស៊ីរូប​នេះ​បាននិយាយថា ក្រុមហ៊ុន Gazprom ដែលជាប្រតិបត្តិករបំពង់បង្ហូរឧស្ម័ន​ Force of Siberia 1 ​ដែលតភ្ជាប់ពី​តំបន់ Chaiandina ទៅកាន់​ភាគឦសាននៃ​ប្រទេសចិនតាំងពីចុងឆ្នាំ២០១៩​​នោះ​​នឹង«បង្កើនការចែកចាយរបស់ខ្លួន»​​ដើម្បីឈានឱ្យ​ដល់«២០​ ពាន់លានម៉ែត្រ​​គូប»​ជារៀងរាល់ឆ្នាំ។

នៅត្រឹម​ឆ្នាំ២០២៥ ជា​ពេលដែបំពង់បង្ហូរប្រេងនេះនឹង​ឈានដល់​សមត្ថភាពអតិបរមា​នោះ​ វានឹងផលិតឧស្ម័នបាន​ ៦១ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ​ គឺ​ច្រើនជាង​បំពង់​ Nord Stream 1 ដែលក្នុងនោះ​ឧស្ម័ន​ ៣៨ ពាន់លានម៉ែត្រគូបនឹងបង្ហូរ​ទៅប្រទេសចិន​​តាម​កិច្ចសន្យា​ឆ្នាំ​២០១៤ ដែលបានចុះហត្ថលេខារវាង​ក្រុម​ហ៊ុន​ Gazprom និងក្រុម​ហ៊ុន​ចិន CNPC។​

ក្រសួងថាមពលរុស្ស៊ី​បាននិយាយនៅថ្ងៃទី ១៥ ខែកញ្ញាថា ភាគីទាំងពីរនេះ​ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសាងសង់ផ្លូវឆ្លងកាត់ថ្មីមួយ​ចេញ​ពីទីក្រុង​ Vladivostok នៅចុង​ភាគ​ខាងកើត​របស់រុស្ស៊ីទៅកាន់​តំបន់​ភាគខាងជើងប្រទេសចិន​​​ ដើម្បី​បង្ហូរ​ឧស្ម័នបន្ថែម​ចំនួន ១០​ ពាន់លានម៉ែត្រគូប​ផង​ដែរ​៕




អត្ថបទបន្ទាប់


រុស្ស៊ីព្រមានអាមេរិក «ពីការឆ្លងបន្ទាត់ក្រហម» បើនៅតែបន្តផ្តល់មីស៊ីលររយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន

ព័ត៌មាន
ក្រសួងការបរទេសរុស្ស៊ីបានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កញ្ញាថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានសម្រេចចិត្តផ្គត់ផ្គង់ឲ្យទីក្រុងកៀវ (Kyiv)…

កម្ពុជាបញ្ចប់ការរៀបចំផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម មានតម្លៃជិត៥០ពាន់លានដុល្លារ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសពីការបិទបញ្ចប់ការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ