រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្កេ ឡាវរ៉ូវ បាននិយាយនៅក្នុងសារជាវីដេអូមួយថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងសន្និសីទមិនរីកសាយភាពអាវុធនុយក្លេអ៊ែ នៅក្នុងក្រុងម៉ូស្គូថា សហរដ្ឋអាម៉េរិក និងអង្គការណាតូកំពុងឈ្លក់វង្វេងនឹងគំនិតធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ គំនិតនេះអាចនឹងបង្កើនហានិភ័យកាន់តែខ្លាំងឡើងក្នុងការប្រឈមមុខដាក់គ្នារវាងមហាអំណាចនុយក្លេអ៊ែ។
សម្រាប់លោក ឡាវរ៉ូវ បណ្ដាប្រទេសបស្ចិមលោកកំពុងរុញច្រានស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនឱ្យស្ថិតនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់ ដែលនឹងឈានដល់កម្រិតនៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែ ដែលវានឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។
សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាននិយាយថា ប្រទេសរុស្ស៊ីហ្នឹងហើយដែលកំពុងធ្វើឱ្យភាពតានតឹងនៅអឺរ៉ុបខាងកើត និងខាងលិចឡើងកម្ដៅកាន់តែខ្លាំង និងជាអ្នកចេញការព្រមានម្តងហើយម្តងទៀតពីគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែនេះ។
ការព្រមានរបស់រុស្ស៊ីនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ចេញប្រតិកម្មតបដោយខឹងសម្បារយ៉ាងខ្លាំងចំពោះសភាតំណាងរាស្ត្ររបស់អាម៉េរិកដែលបានអនុម័តកញ្ចប់ថវិកាជំនួយបរទេសចំនួន៦១ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ កាលពីចុងសប្តាហ៍មុន ទោះជាមានការជំទាស់ជាងពីរខែពីសមាជិកគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូសក៏ដោយ។
ឥឡូវនេះ សេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ជូនឡើងទៅកាន់ព្រឹទ្ធសភា ដែលត្រូវបានគេរំពឹងថា នឹងអនុម័តនៅក្នុងរង្វង់សប្តាហ៍នេះ មុនពេលបញ្ជូនវាទៅឱ្យប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដើម្បីចុះហត្ថលេខាលើច្បាប់នេះឱ្យចូលជាធរមាន។
ជំនួយនេះគឺជាខ្សែជីវិតសម្រាប់ប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរបស់ប្រទេសនេះកំពុងខ្វះខាតគ្រាប់កាំភ្លើងនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ដុនបាស ស្ថិតនៅភាគខាងកើត នៃប្រទេសនេះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងមានប្រៀបខ្លាំង៕
អត្ថបទ៖ សុខ មង្គល