លោក Yoon Suk Yeol

អតីតប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ុល ត្រូវតុលាការកាត់ទោសឱ្យជាប់គុក៣០ឆ្នាំពីបទប្រឌិតជម្លោះ


ពិភពនយោបាយអន្តរជាតិ និងដែនដីអាស៊ីខាងកើត កំពុងតែរញ្ជួយញាប់ញ័រយ៉ាងខ្លាំង បន្ទាប់ពីតុលាការកូរ៉េខាងត្បូង បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រមួយ ដោយកាត់ទោសអតីតប្រធានាធិបតី លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) ឱ្យជាប់ពន្ធនាគាររហូតដល់ទៅ៣០ឆ្នាំ។ ការកាត់ទោសដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននេះ ធ្វើឡើងក្រោមបទចោទប្រកាន់ដ៏គួរឱ្យរន្ធត់ គឺបទរំលោភអំណាច និងប្រឌិតជម្លោះសង្គ្រាមខុសច្បាប់ តាមរយៈការលួចបញ្ជូនយន្តហោះដ្រូនគ្មានមនុស្សបើកចូលទៅក្នុងទឹកដីប្រទេសកូរ៉េខាងជើង។
លោក Yoon Suk Yeol
ដោយ

ក្រុមព្រះរាជអាជ្ញា បានលាតត្រដាងថា សកម្មភាពដ៏គ្រោះថ្នាក់នេះ ធ្វើឡើងក្នុងគោលបំណងបង្កាត់ភ្លើងសង្គ្រាម និងបង្កើតស្ថានការណ៍ក្លែងក្លាយ ដើម្បីធ្វើជាលេសប្រកាសច្បាប់អាជ្ញាសឹក ក្តោបក្តាប់អំណាចផ្ដាច់ការ កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ប៉ុន្តែត្រូវបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian, AFP និងទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃសុក្រ ទី១២ ខែមិថុនា នេះ។

យោងតាមការសម្រេចសាលក្រមពីតុលាការកណ្តាលក្រុងសេអ៊ូល បានរកឃើញថា អតីតប្រធានាធិបតីលោក យូន ស៊ុកយ៉ុល ពិតជាមានទោសទណ្ឌកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរពីបទរំលោភអំណាចប្រាកដមែន។ តុលាការបានបញ្ជាក់ថា លោកបានសមគំនិតលាក់កំបាំង ក្នុងការរៀបចំប្រឌិតប្រតិបត្តិការឈ្លានពានក្លែងក្លាយ ដោយប្រើយន្តហោះដ្រូនហោះចូលទឹកដីកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៤។ បើតាមក្រុមព្រះរាជអាជ្ញាពិសេសបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងបង្កើតព្រឹត្តិការណ៍ឱ្យដូចជាមានសង្គ្រាមផ្ទុះឡើងនេះ បានរុញច្រានសន្តិសុខជាតិកូរ៉េខាងត្បូង ឱ្យធ្លាក់ចូលក្នុងហានិភ័យដ៏គ្រោះថ្នាក់បំផុត។

ទោះជាយ៉ាងណាក៏ដោយ លោក យូន ស៊ុកយ៉ុល ដែលបច្ចុប្បន្នកំពុងតែជាប់ឃុំឃាំងនៅក្នុងពន្ធនាគារស្រាប់ពីបទល្មើសផ្សេងនោះ បានចេញមុខបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ក្រុមមេធាវីការពារក្តីរបស់លោក បានព្យាយាមជួយដោះសារថា លោក យូន មិនបានបញ្ជា ឬដឹងឮលើប្រតិបត្តិការដ្រូននោះឡើយ ហើយរឿងរ៉ាវនេះ ក៏មិនមានការពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនោះដែរ។ ផ្ទុយទៅវិញ ក្រុមមេធាវីបានបង្វែរដានថា វាគ្រាន់តែជាវិធានការវាយបក និងឆ្លើយតបទៅនឹងទង្វើរបស់កូរ៉េខាងជើង ដែលបានបង្ហោះប៉េងប៉ោងផ្ទុកកាកសំណល់ និងសំរាមកខ្វក់ ឆ្លងកាត់ព្រំដែនចូលមកយាយីបំពុលកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនខែតែប៉ុណ្ណោះ។

គួររំឮកផងដែរថា កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅរបបដឹកនាំក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន បានចោទប្រកាន់ចំៗថា ក្រុងសេអ៊ូល បានលបបង្ហោះយន្តហោះដ្រូនចូលទៅក្នុងដែនអាកាសក្រុងព្យុងយ៉ាង រហូតដល់ទៅ៣លើក ដើម្បីទម្លាក់ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង។ កាលណោះ លោក គីម យ៉ុងហ៊ុន (Kim Yong-hyun) ដែលជារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានចេញមុខបដិសេធបែបស្រពេចស្រពិល និងមិនច្បាស់លាស់ មុនពេលក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍បិទបាំងថា ខ្លួនមិនអាចបញ្ជាក់ ឬបដិសេធការចោទប្រកាន់ទាំងនេះបានឡើយ ដែលវាបានធ្វើឱ្យភាពតានតឹងរវាងបងប្អូនសត្រូវកូរ៉េទាំងពីរហក់ឡើងកម្តៅដល់ចំណុចកំពូល ប៉ុន្តែសំណាងល្អដែលមិនទាន់ឈានដល់ការផ្ទុះអាវុធដាក់គ្នា៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ធនាគារពិភពលោក ព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះដល់កម្រិតទាបបំផុត បើការផ្គត់ផ្គង់ប្រេងរងការរំខានអាក្រក់ជាជាងបច្ចុប្បន្ន

សង្គ្រាមមិនត្រឹមតែបំផ្លាញអាយុជីវិតមនុស្សនៅលើសមរភូមិនោះទេ ប៉ុន្តែវាកំពុងតែរាលដាលមកដុតកម្ទេចឆ្នាំងបាយរបស់មនុស្សរាប់ពាន់លាននាក់នៅទូទាំងភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ