មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃទី១៣ ខែមិថុនា ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនត្រឹមតែគ្រោងជួបមេដឹកនាំនៅមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏ត្រៀមខ្លួនអង្រួនវេទិកាពិភពលោកតាមរយៈការស្កាត់ជួបមេដឹកនាំឥស្សរជនសំខាន់ៗជាច្រើនទៀត រួមទាំងមេដឹកនាំអ៊ុយក្រែនផងដែរនៅក្នុងទឹកដីនៃប្រទេសបារាំង ខណៈដែលប្រទេសនេះនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅសប្តាហ៍ក្រោយ។ តាមផែនការលោក ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុង អេវីយ៉ង់ ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
តាមគម្រោងដែលបានរៀបចំទុកលោក ត្រាំ នឹងជួបចរចាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំនៃប្រទេសអេហ្ស៊ីប កាតា អេមីរ៉ាតអារ៉ាប់រួម បារាំង និងឥណ្ឌា។ មិនតែប៉ុណ្ណោះ លោក ក៏ត្រៀមជជែកជាមួយមេដឹកនាំអឺរ៉ុបជាច្រើនរូបទៀត ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ជម្លោះពន្ធគយ សង្គ្រាមអ៊ុយក្រែន និងសម្ព័ន្ធភាពយោធាណាតូ (NATO) ដែលជាបញ្ហា លោក បានបង្កព្យុះភ្លៀង និងធ្វើឱ្យកក្រើកពិភពលោកទាំងមូល ចាប់តាំងពីលោកបានវិលត្រឡប់មកគ្រងសេតវិមានជាថ្មីនៅដើមឆ្នាំ២០២៥។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រភពសម្ងាត់បានបង្ហើបថា លោក ត្រាំ អាចនឹងជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី មេដឹកនាំកំពូលរបស់អ៊ុយក្រែន ទោះបីជាកម្មវិធីនៃជំនួបនេះមិនត្រូវបានប្រកាសជាផ្លូវការនៅក្នុងរបៀបវារៈក៏ដោយ។ គេជឿជាក់យ៉ាងមុតមាំថា មេដឹកនាំទាំងពីរនឹងស្កាត់ជួបគ្នាដោយសម្ងាត់ ដើម្បីជជែកពីវាសនានៃសង្គ្រាមដ៏រ៉ាំរ៉ៃនៅអ៊ុយក្រែន។
របៀបវារៈដ៏ក្តៅគគុកដែលលោក ត្រាំ ត្រៀមយកទៅដាក់លើតុចរចាជាមួយមេដឹកនាំពិភពលោកទាំងនោះ រួមមានវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា, ជោគវាសនាសង្គ្រាមនៅអ៊ុយក្រែន, គំនាប និងការគំរាមកំហែងលើអង្គការណាតូ និងសង្គ្រាមពាណិជ្ជកម្ម និងពន្ធ។ ក្រៅពីរបៀបវារៈសន្តិសុខពិភពលោក លោក ត្រាំ ក៏គ្រោងនឹងលើកឡើងពីបញ្ហាស្នូលសំខាន់ៗដែលជាដង្ហើមសេដ្ឋកិច្ច រួមមាន វិបត្តិសេដ្ឋកិច្ចសកល, ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់, បញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងការងើបឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI៕
ដោយៈ សរ សុជាតិ