ប្រមុខការទូតរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ បានចេញមកព្រលះចំៗថា លោកខាងលិចកំពុងប្រលែងលេងជាមួយភ្លើងដោយបើកផ្លូវឱ្យអ៊ុយក្រែន អាចវាយប្រហារចូលកាន់ជ្រៅទៅក្នុងទឹកដីរុស្ស៊ី តាមរយៈការបំពាក់មីស៊ីលទំនើបដល់ប្រទេសនេះ ហើយបានព្រមានសហរដ្ឋអាម៉េរិកថា សង្រ្គាមលោកលើកទី៣ មិនគួរត្រូវបានលើកយកមកនិយាយនៅអឺរ៉ុបផ្ដេសផ្ដាសនោះឡើយ។ លោក ឡារ៉ូវ អះអាងថា រុស្ស៊ីនឹងបញ្ជាក់ជាថ្មីថា ការប្រលែងលេងជាមួយភ្លើងរបស់លោកខាងលិច គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់តំបន់អឺរ៉ុប។
ក្រោយអ៊ុយក្រែន បើកការវាយប្រហារចូលទៅក្នុងតំបន់ ឃ័រ ( Kursk ) ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា ដែលជាការលុកលុយចូលទឹកដីរុស្ស៊ីដំបូងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា នឹងមានការឆ្លើយតបដ៏ស័ក្តិសមពីរុស្ស៊ីចំពោះការវាយប្រហារនេះ។
ចាប់តាំងពីរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ លោក ពូទីន បានព្រមានម្តងហើយម្តងទៀតអំពីហានិភ័យនៃសង្គ្រាមដ៏ទូលំទូលាយ ដែលពាក់ព័ន្ធនឹងមហាអំណាចនុយក្លេអ៊ែដ៏ធំបំផុតរបស់ពិភពលោក ទោះបីជាលោកបាននិយាយថា រុស្ស៊ីមិនចង់មានជម្លោះជាមួយសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកក៏ដោយ។
ដោយឡែកលោក វ្ល៉ូឌីមៀ ហ្សាឡែនស្គី ប្រធានាធិបតីអ៊ុយក្រែនវិញបាននិយាយថា សង្គ្រាមជាមួយរុស្ស៊ីនៅទីបំផុតនឹងបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងគៀវ ត្រូវតែស្ថិតក្នុងជំហររឹងមាំ ហើយថា លោក នឹងបង្ហាញផែនការដល់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងអ្នកស្នងតំណែងរបស់លោកក្រោយការបោះឆ្នោតនៅអាម៉េរិកត្រូវបានបិទបញ្ចប់។
លោកបានអះអាង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការលុកលុយរយៈពេល៣សប្តាហ៍របស់ទីក្រុងគៀវចូលទៅក្នុងតំបន់ ឃ័រ របស់រុស្ស៊ី គឺជាផ្នែកមួយនៃផែនការនោះ ប៉ុន្តែវាក៏រួមបញ្ចូលនូវជំហានផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងការទូតផងដែរ។ លើសពីនេះ វាជាចំណុចសំខាន់នៃផែនការក្នុងការបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម៕
ដោយៈ សរ សុជាតិ