អត្រាភាពក្រីក្រកើនឡើង ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ច?

អត្រាភាពក្រីក្រកើនឡើង ជះឥទ្ធិពលអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២?


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នៅតែរក្សាបានកំណើនរឹងមាំ បើទោះបីជា របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជានៅ២ឆ្នាំចុងក្រោយនេះ បានកើនឡើងវិញ ដោយសារតែការអូសបន្លាយនៃវិបត្តិកូវីដ១៩ គួបផ្សំបញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែនយ៉ាងណាក្ដី។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទោះយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ច ទទួលស្គាល់ថា វិបត្តិសាកលកូវីដ១៩ និងការអូសបន្លាយសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ពិតជាបាននិងកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យអត្រាពលរដ្ឋក្រីក្រនៅកម្ពុជា មានការកើនឡើងក៏ពិតមែន ប៉ុន្ដែ បញ្ហានេះ មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ទាំងមូលនោះទេ ដោយក្នុងនោះ គេសង្កេតឃើញថា ការប្រមូលចំណូលពន្ធផ្ទៃក្នុង ដោយអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្ដកើនឡើងជាបន្តជាបន្ទាប់។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្រសួងផែនការក៏បានចាប់ផ្ដើមគណនាពីអត្រាភាពក្រីក្រជាថ្មី ក្រោយទទួលបាននូវរបាយការណ៍ថ្មីរបស់ធនាគារពិភពលោកដែលបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានកើនឡើងអំឡុងនៃវិបត្តិកូវីដ១៩។ បើតាមឯកឧត្តមបណ្ឌិត ផាន់ ផល្លា ក្រសួងផែនការបានរកឃើញថា ភាពក្រីក្រនៅកម្ពុជា បានកើនឡើង១៧% នៅអំឡុងមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ខណៈរយៈពេល២ឆ្នាំ នៃរាតត្បាតកូវីដ១៩ ចំនួនប្រជាជនក្រីក្រដែលទទួលបានការឧបត្ថមសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានកើនឡើងពីចំនួន ២លាន២សែននាក់ រហូតដល់ចំនួន ២លាន៧សែន ពោលគឺកើនឡើងបន្ថែម៥សែននាក់។ បើទោះជាបែបនេះក្ដី ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះមើលឃើញថា នៅតែមានភាពល្អប្រសើរ និងរឹងមាំ ដោយផ្អែកលើវិស័យសំខាន់ៗ មួយចំនួន ជាពិសេស វិស័យកាត់ដេរ វិស័យមិនមែនកាត់ដេរ និងវិស័យទេសចរណ៍ ជាដើម ដែលសុទ្ធសឹងជាវិស័យដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច សុទ្ធតែមានភាពល្អប្រសើរ។ ឯកឧត្តម បានពន្យល់បន្តថា ជារួម បើពិនិត្យមើលលើស្ថានភាពទាំងមូល រួមមាន ទុនបម្រុងអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ច និងការនាំចេញ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នៅតែមានភាពរឹងមាំ ដែលធ្វើឲ្យចំណូលប្រមូលពីអគ្គនាយកដ្ឋានពន្ធដារ មានកំណើនជាបន្តបន្ទាប់។

ទោះជាបែបនេះ ក្ដី បើតាមសេដ្ឋវិទូ ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត បានគូសបញ្ជាក់នៅថ្ងៃទី ៧ ខែធ្នូថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ អាចនឹងមានការកំណើនយឺតជាងការរំពឹងទុក ដោយសារតែការនាំចេញប្រឈមនឹងការថយចុះពិសេសវិស័យកាត់ដេរ និងវិស័យអចលនទ្រព្យក៏មានការស្រុតចុះផងដែរ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមជុំវិញកិច្ចការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២២ ផងដែរ។ ឯកឧត្តម គង់ វិបុល បង្ហាញនូវក្ដីរំពឹងថា ការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២២នេះ នឹងសម្រេចបានក្នុងរង្វង់ ១១៥% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងរយៈ ១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជិត៣ពាន់លានដុល្លារ កើនលើសផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ប្រមាណ ៤% និងរំពឹងថា នៅពេញមួយឆ្នាំនេះ៕




អត្ថបទបន្ទាប់


គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន សម្រចបាន៨០%ហើយ និងគ្រោងបញ្ចប់ឆ្នាំក្រោយ

ព័ត៌មាន
ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យជាមួយខេត្តស្រះកែវប្រទេសថៃ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការ…

សេដ្ឋវិទូធនាគារពិភពលោក បារម្ភពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ ខណៈការបញ្ជាទិញធ្លាក់ចុះ និងស័យអចលនទ្រព្យស្រុតចុះ

ព័ត៌មាន
សេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានសម្តែងការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយថា នឹងមានកំណើនយឺតជាងអ្វីដែលគេធ្លាប់រំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ