ក្រុមហ៊ុនឧស្ម័ន Gazprom របស់រុស្ស៊ីបានអះអាងកាលពីពេលថ្មីៗនេះថា ចាប់ពីពេលនេះតទៅក្រុមហ៊ុនខ្លួនលែងបង្ហូរឧស្ម័នទៅផ្គត់ផ្គង់នៅក្នុងតំបន់អឺរ៉ុបទៀតហើយ បន្ទាប់ពីប្រទេសអ៊ុយក្រែនបានបដិសេធមិនបន្តកិច្ចព្រមព្រៀងស្តីពីការបង្ហូរឧស្ម័នឆ្លងកាត់ប្រទេសនេះ។ ការឈប់បង្ហូរឧស្ម័នរបស់រុស្ស៊ីនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបនោះទេ ពោលគឺមិនដូចឆ្នាំ២០២២ ឡើយ ដែលពេលនោះការធ្លាក់ចុះការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីបានជំរុញឱ្យតម្លៃឧស្ម័នហក់ឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ប្លុកនេះ។
បណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលទិញឧស្ម័នរបស់រុស្ស៊ីតាមរយៈអ៊ុយក្រែនដូចជាប្រទេសស្លូវ៉ាគី និងអូទ្រីសជាដើម នៅមួយរយៈចុងក្រោយបានរៀបចំការផ្គត់ផ្គង់តាមជម្រើសផ្សេងទៀត ខណៈប្រទេសហុងគ្រីនឹងបន្តទិញឧស្ម័នរុស្ស៊ីតាមរយៈបំពង់បង្ហូរមួយនៅក្រោមសមុទ្រខ្មៅ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី បានគូសបញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាមដោយចាត់ទុកការបិទបញ្ចប់ការបង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែនទៅកាន់អឺរ៉ុប ជាការបរាជ័យដ៏ធំបំផុតមួយរបស់ទីក្រុងម៉ូស្គូ ហើយបានជំរុញឱ្យសហរដ្ឋអាម៉េរិកផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតទៅកាន់អឺរ៉ុប។
អ្នកនាំពាក្យគណៈកម្មាការអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបបានត្រៀមខ្លួនសម្រាប់ការកាត់ផ្តាច់នេះរួចរាល់ហើយ ហើយបានអះអាងថា ហេដ្ឋារចនាសម្ពន្ធឧស្ម័នរបស់អឺរ៉ុបអាចបត់បែនបានគ្រប់គ្រាន់ក្នុងការទទួលបានឧស្ម័នបន្ថែមទៀតក្រៅពីឧស្ម័នរបស់រុស្ស៊ី ដោយពួកគេបាននាំចូលឧស្ម័នធម្មជាតិរាវ (LNG) សំខាន់ៗចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក ជឺម៉េន ហ្កាលូសឆេនកូ (German Galushchenko) បានចាត់ទុកការផ្តាច់ចរន្តផ្គត់ផ្គង់ឧស្ម័នរបស់អ៊ុយក្រែនលើឧស្ម័នរបស់រុស្ស៊ីនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ពិភពលោក។ ការមិនបន្តកិច្ចព្រមព្រៀងលើការបង្ហូរប្រេងឆ្លងកាត់ប្រទេសអ៊ុយក្រែននេះ នឹងធ្វើឱ្យក្រុមហ៊ុន Gazprom របស់រុស្ស៊ីខាតបង់ថវិការហូតដល់៥ពាន់លានដុល្លារ ខណៈអ៊ុយក្រែនក៏នឹងខាតបង់ប្រាក់រហូតដល់១ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សុខ មង្គល