នៅក្នុងសារវីដេអូតាមរយៈថេលេក្រាមក្នុងការអបអរជ័យជំនះ លោក ព្រីហ្គូហ្សីន បាននិយាយថា «ក្នុងប្រតិបត្តិការដណ្ដើមកាន់កាប់២២៤ថ្ងៃ ទីបំផុតយើងបានធ្វើវាហើយ»។ យ៉ាងណា កាសែតCNNមិនអាចធ្វើការបញ្ជាក់ស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិនៃតំបនបាកមុតបាននៅឡើយទេ ខណៈដែលកងកម្លាំងអ៊ុយក្រែនបានជំទាស់នឹងការប្រកាសជោគជ័យរបស់រុស្ស៊ីនេះ ព្រោះថាកងទ័ពខ្លួននៅតែបន្តគ្រប់គ្រង និងទប់ទល់បាននៅឡើយក្នុងផ្នែកខ្លះនៃទីក្រុងនោះ។
បើតាមលោកស្រី ហានណា ម៉ាឡៃអ៊ើ (Hanna Maliar) បាននិយាយនៅក្នុងសារថេលេក្រាមជិតមួយម៉ោងក្រោយពីទាហានវែកន័រប្រកាសពីជ័យជំនះថា មែនទែនទៅ ស្ថានការជួរមុខនៃតំបន់ទីក្រុងបាកម៉ុតពិតជាមានសភាព«ធ្ងន់ធ្ងរ» ប៉ុន្តែកងទ័ពអ៊ុយក្រែននៅតែបន្តរក្សាការពារបាននៅភាពខាងលិចនៃតំបន់បាកមុត។
ទីក្រុងម៉ូស្គូបានប្រើប្រាស់កងកម្លាំង និងសព្វាវុធក្នុងទំហំដ៏ធំ ដើម្បីបំបាក់ខ្សែការពាររបស់អ៊ុយក្រែននៅក្នុងទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់នេះ ប៉ុន្តែក្នុងពេលជាច្រើនខែកន្លងមកនេះរុស្ស៊ីបានបរាជ័យម្តងហើយម្តងទៀតក្នុងការកម្ទេចកងទ័ពទីក្រុងកៀវ។ បើតាមសារចុងក្រោយរបស់លោក ព្រីហ្គូហ្សីន, ក្រុមទាហានស៊ីឈ្នូលរបស់លោកនឹងប្រគល់តំបន់បាកមុតនេះទៅឱ្យកងទ័ពរុស្ស៊ីកាន់កាប់បន្តនៅថ្ងៃទី២៥ឧសភា។ លោកថា យើងកំពុងត្រួតពិនិត្យទីក្រុងនេះ ហើយក៏កំពុងបង្កើតខ្សែបណ្តាញខ្សែការពារ មុននឹងប្រគល់ទៅឱ្យកងទ័ពជាតិរុស្ស៊ី។
ក្រោយការប្រកាសពីជោគជ័យដ៏ស្រួចស្រាល់នេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា លោក វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរសមត្ថភាពក្រុមវែកន័រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនៃរបស់កងកម្លាំងរុស្ស៊ីគ្រប់ជាន់ថ្នាក់ផ្សេងទៀត ក្នុងការវាយរំដោះទីក្រុងបាកមុតនេះ។ ការប្រយុទ្ធនេះត្រូវបានប្រៀបធៀបទៅនឹងការប្រយុទ្ធដែលគេឃើញនៅក្នុងសង្គ្រាមលោកលើកទីមួយ នៅពេលទាហានប្រយុទ្ធគ្នាក្នុងភក់ជ្រាំ និងលេណដ្ឋាន ហើយដើមឈើ និងអគារត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើងធំ។
ទីក្រុងបាកមុតជាតំបន់យុទ្ធសាស្ត្រសម្រាប់កងទ័ពរុស្ស៊ី ដែលស្ថិតនៅភាគឦសាននៃតំបន់ដូណិត នឹងមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីតំបន់លូហាន។ វាបានក្លាយជាមុខព្រួញដ៏សំខាន់ក្នុងការវាយលុកពីសំណាក់រុស្ស៊ី។ ទោះជាយ៉ាងណា មិនទាន់មានទិន្នន័យផ្លូវការពីចំនួនអ្នកស្លាប់និងអ្នករងរបួសក្នុងការប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងកម្លាំងអ៊ុយក្រែននៅតំបន់នេះទេ។
ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកអាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ (Alexander Grushko) បានព្រមានកាលពីថ្ងៃសៅរ៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការបញ្ជូនយន្តហោះចម្បាំងទំនើបៗ ទៅកាន់ប្រទេសអ៊ុយក្រែននឹងបង្កឱ្យមាន«ហានិភ័យដ៏ធំ»។ ការអត្ថាធិប្បាយរបស់លោកអុនរដ្ឋមន្ត្រីរូបនេះនៅក្នុងបទសម្ភាសន៍ជាមួយ TASS កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងអន្តរជាតិរួមគ្នាមួយ ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យចេះប្រើយន្តហោះចម្បាំងទំនើបរួមទាំងយន្តហោះចម្បាំង F-16s ផងដែរ ដោយវាអាចជាការបើកផ្លូវសម្រាប់ប្រទេសបស្ចិមលោក ពិសេសអាមេរិក ឱ្យបញ្ជូនយន្តហោះចម្បាំងមកឱ្យអ៊ុយក្រែនក៏ថាបាន៕