អឺរ៉ុបក្លាយជាតំបន់មានអ្នកឆ្លងកូវីដ-១៩

អឺរ៉ុបក្លាយជាតំបន់មានអ្នកឆ្លងកូវីដ-១៩ លើស៥០លានករណីដំបូងគេក្នុងពិភពលោក


ទ្វីបអឺរ៉ុបបានក្លាយជាតំបន់ដំបូងគេក្នុងពិភពលោក ដែលមានករណីវិជ្ជមានកូវីដ១៩សរុបលើស ៥០លានករណី គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលការរកឃើញមេរោគបំប្លែងខ្លួន ឌែលតា ដែលមានកម្រិតឆ្លងខ្ពស់ ក៏បានកើនឡើងច្រើនផុតកំណត់ត្រាប្រចាំថ្ងៃផងដែរ។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អឺរ៉ុបមានអ្នកឆ្លងកូវីដលើស៥០លានករណី
ដោយ

ទិន្នន័យរបស់ Reuters ដដែលបានបង្ហាញថា​ តំបន់អឺរ៉ុបទាំងមូល​មានអ្នកឆ្លង​ជំងឺកូវីដ១៩ថ្មីៗចំនួនជាង ១លាននាក់​នៅក្នុងរយៈពេល៨ថ្ងៃ ខណៈដែលអ្នកស្លាប់​សរុប​នៅតំបន់អឺរ៉ុប មានចំនួន​ជាង​១លាន៣សែននាក់​ហើយ គិតចាប់តាំងពីវត្តមាននៃកូវីដ១៩ដំបូងមក។

គិតមកដល់ម៉ោងនេះ អឺរ៉ុបនៅតែជាតំបន់​ដែលរងផលប៉ះពាល់​ពីកូវីដ១៩ខ្លាំងជាងគេ បើធៀបនឹងឧបទ្វីប ឬតំបន់ផ្សេងៗទៀត​ក្នុងពិភពលោក ដោយក្នុងនោះ ករណីឆ្លងនៅអឺរ៉ុប មានប្រហែល​២៧% នៃករណី​ឆ្លងសកល ចំណែកឯ​ករណីស្លាប់វិញមាន​ ៣១%នៃអ្នកស្លាប់ទូទាំងពិភពលោក។

កំណត់ត្រា​តួលេខអាក្រក់បំផុត ដែលអឺរ៉ុប​បានកត់ត្រាទុក គឺនៅក្នុងពេលតែ ១៩៤ថ្ងៃប៉ុណ្ណោះ ដែលតួលេខអ្នកឆ្លង​បានកើនឡើងនៅអឺរ៉ុប​បានហក់ឡើងពី ២៥លាននាក់ ដល់​៥០លានយ៉ាងលឿនស្លេវតែម្ដង។

បើគេនិយាយតាមប្រទេសដោយឡែកវិញ ក្នុងចំណោមប្រទេសនៅអឺរ៉ុបទាំងអស់ ចក្រភពអង់គ្លេសជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេ ជាមួយនឹងវិធានការបិទខ្ទប់ប្រើពេលយូរជាងគេ មានករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដ៏ច្រើន ដោយប្រទេសនេះ​ទើបតែបានដកចេញនូវវិធានការរឹតបន្តឹងទាំងស្រុងកាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះឯង។

យ៉ាងណាមិញ មិនមែនប្រទេសនៅអឺរ៉ុបទាំងអស់សុទ្ធតែមានវាសនា​ដូចអង់គ្លេសនោះទេ។ ជាក់ស្តែង បារាំង បានដាក់ចេញ​វិធានការការពារ​សាជាថ្មីម្តងទៀតហើយ និងដែលជាវិធានការ​ដ៏តឹងរឹង​ជាងគេបំផុតនៅអឺរ៉ុប។

បារាំងនឹងផ្តើមដាក់ចេញ​វិធានការ​សុវត្ថិភាព ដោយតម្រូវឲ្យ​ពលរដ្ឋសូម្បីតែធ្វើដំណើរ​នៅក្នុងប្រទេសខ្លួនឯង ក៏ត្រូវមានលិខិតបញ្ជាក់ពីការបានចាក់វ៉ាក់សាំងរួច និងបញ្ជាក់ថា ខ្លួនអវិជ្ជមានកូវីដ១៩ដែរ។ ដើម្បីអាចធ្វើដំណើរតាមរថភ្លើង និងយន្តហោះទៅតាមខេត្តឆ្ងាយៗ ចូលញ៉ាំអាហារ មើលកុន និងចូលក្នុងមន្ទីរពេទ្យបាន ពលរដ្ឋបារាំងចាំបាច់ត្រូវតែមានលិខិតបញ្ជាក់នេះ។

ទន្ទឹមនឹងនេះ នៅមានប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀតដូចជា ហូឡង់ និងប្រទេសក្រិចជាដើម ក៏បាននិងកំពុងដាក់​ចេញវិធានការ​រៀងៗខ្លួនផងដែរ ក្រោយពីបាន​កត់ត្រាពីកំណើន​ករណីវិជ្ជមាន​ក្នុងចំនួនគួរឲ្យព្រួយបារម្ភ។

សូមជម្រាបថា ជាមួយនឹងកំណើនករណី​ឆ្លងកូវីដ១៩យ៉ាងលឿនរហ័សនៅអឺរ៉ុប ប្រទេសជាច្រើនក្នុងតំបន់មួយនេះ បានបង្កើនល្បឿន​ និងសម្រុកចាក់វ៉ាក់សាំងកាន់តែច្រើនផងដែរ សូម្បីតែក្មេងជំទង់មិនទាន់ពេញវ័ញ។ ជាក់ស្តែង នៅទូទាំងទ្វីបអឺរ៉ុប ការចាក់វ៉ាក់សាំងទាំងពីរដូស​សម្រេចបាន ៤៤%ហើយ ស្មើនឹងជាង ៤៣០លានដូស ឈរនៅលំដាប់ទី២បន្ទាប់ពីប្រទេសចិន ដែលបាន​ចាក់ជាង​១ពាន់៤រយលាន​ដូស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញ ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្រោយសម្ទុះចាក់វ៉ាក់សាំងហក់ឡើងដល់៦០%

ព័ត៌មាន
គិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ កម្ពុជាបានចាក់វ៉ាក់សាំង បានដល់ទៅជាង៦០% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ១០លាននាក់ ខណៈដែលការចាក់វ៉ាក់សាំងប…

អភិបាលខេត្តកណ្តាល ពន្យល់ពីការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោល

ព័ត៌មាន
អភិបាលខេត្តកណ្តាលបានអះអាងថា ការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រខេត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ