ការនាំចេញប្រេង

ប្រេងរុស្ស៊ីកំពុងត្រូវគេលាយបញ្ចូលគ្នាជាមួយប្រេងដទៃនៅសិង្ហបុរី ដើម្បីការនាំចេញឡើងវិញ គេចពីទណ្ឌកម្ម


ទណ្ឌកម្មរបស់បណ្តាប្រទេសបស្ចិមលោក ពិសេសសហរដ្ឋអាមេរិកទៅលើការនាំចេញប្រេងរបស់រុស្ស៊ីដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូក្នុងការបន្តកម្លាំងធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺកំពុងរាលដាលពាសពេញពិភពលោក។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានឱ្យដឹងថា តម្រូវការស៊ីទែនស្តុកប្រេងក្នុងប្រទេសសិង្ហបុរីកំពុងកើនឡើង ជាសញ្ញាមួយបង្ហាញថា ប្រេងរបស់រុស្ស៊ីកំពុងត្រូវបានគេលាយបញ្ចូលគ្នា និងនាំចេញឡើងវិញនៅក្នុងទីផ្សារសកល ដើម្បីគេចផុតពីទណ្ឌកម្មប្រេង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ប្រេងរបស់រុស្ស៊ីកំពុងត្រូវបានចែកចាយយ៉ាងសកម្មក្នុងប្រទេសសឹង្ហបុរី
ដោយ

យោងតាមនាយកប្រតិបត្តិនៃប្រតិបត្តិករស៊ីទែនប្រេងក្នុងប្រទេសសិង្ហបុរីបានប្រាប់កាសែត South China Morning Post ថា ទំហំស៊ីទែននៅក្នុងកំពង់ផែ​នានា​ក្នុងប្រទេសសិង្ហបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែគេអាចទទួលបានប្រាក់ចំណេញច្រើន និងតម្រូវការកើនឡើងពីការលាយបញ្ចូលគ្នា​រវាងប្រេងឥន្ធនៈរបស់រុស្ស៊ីដែលមានតម្លៃថោក ជាមួយនឹងការដឹកជញ្ជូន​ពីប្រភពផ្សេងៗ​ទៀត។ ពួកគេបាននិយាយថា ការធ្វើបែបនេះ គឺដើម្បីបិទបាំងប្រភពដើមផលិតផល​ប្រេង​របស់រុស្ស៊ី។

មែនទែនទៅ បើទោះបីជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់​អាមេរិកមែន សិង្ហបុរីមិនបាន​ហាមឃាត់​ការនាំចូលប្រេង ឬផលិតផល​ពាក់ព័ន្ធ​ជាមួយប្រេង ពីប្រទេសរុស្ស៊ីទេ ទោះបីជាស្ថាប័នហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅក្នុងប្រទេសមួយនេះ ត្រូវបានហាមឃាត់​មិនឱ្យ​ផ្តល់​ហិរញ្ញប្បទាន ឬធ្វើប្រតិបត្តិការ​ទូទាត់​ជាមួយទំនិញ និងក្រុមហ៊ុនរបស់រុស្ស៊ីក៏ដោយ។

បើតាមទីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី គេមិនបានផ្តល់ការអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយគ្រាន់តែបញ្ជាក់ឡើងវិញពីគោលនយោបាយ​កំណត់តម្លៃប្រេងរបស់ខ្លួន​លើប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការដោះស្រាយ និងការជួញដូរប្រេង​ឥន្ធនៈ​របស់រុស្ស៊ី នៅតែជា​បញ្ហារសើប​នៅក្នុងតំបន់ ដោយអ្នកទិញមួយចំនួន​មិនចង់ឱ្យ​គេឃើញថា ខ្លួនកំពុងទិញប្រេងរបស់​រុស្ស៊ីនោះទេ។

ជាក់ស្តែង លំហូរប្រេងឆៅ និងប្រេងឥន្ធនៈ​របស់រុស្ស៊ី​មកកាន់​តំបន់អាស៊ី និងមជ្ឈិមបូព៌ាបានហក់ឡើងខ្ពស់បំផុត ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន​ផ្ទុះឡើងមក។ ជាមួយគ្នានោះ លោកខាងលិច​បាននិងកំពុងរិះរកវិធីគ្រប់បែបយ៉ាង ដូចជាការបញ្ឈប់ការនាំចូលប្រេង និងការកំណត់ម្លៃប្រេងរុស្ស៊ី​ឱ្យនៅទាប ដើម្បីផ្តាច់​ប្រភពចំណូលដ៏សំខាន់នេះរបស់ទីក្រុងម៉ូស្គូ។ ប្រការនេះហើយទើបជំរុញ​ការនាំចេញ​ប្រេងរបស់រុស្ស៊ីនៅតែកើនឡើងដដែល ពីសេសតាមរយៈការលាយ​បញ្ចូលគ្នា និងចែកចាយឡើងវិញដូចជានៅប្រទេសសិង្ហបុរី និងទីក្រុង ហ្វូចៃរ៉ា(Fujairah) ក្នុងប្រទេសអារ៉ាប់រួមជាដើម ដែលពួកគេអាចបញ្ចូលគ្នា រួចវេចខ្ចប់ឡើងវិញ និងនាំចេញឡើងវិញទៅកាន់ទីផ្សារសកលលោក។

សូមជម្រាបថា និន្នាការនៃការដឹកជញ្ជូនប្រេងពីរុស្ស៊ីទៅកាន់តំបន់អាស៊ីគឺមានកាន់តែច្រើនឡើងៗ ខណៈមជ្ឈមណ្ឌលក្នុងការចែកចាយប្រេងឡើងវិញក៏នឹងបង្កើនសកម្មភាពរបស់ខ្លួនផងដែរនៅក្នុងសប្តាហ៍ខាងមុខនេះ ហើយស្របពេលដែលអឺរ៉ុបកំពុងរៀបចំទណ្ឌកម្មថ្មីរបស់ខ្លួនលើប្រេងរុស្ស៊ីនៅថ្ងៃទី៥ខែកុម្ភៈខាងមុខនេះ៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនៅពីក្រោយការឡើងថ្លៃលុយអឺរ៉ូធៀបនឹងលុយដុល្លារ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែចុងក្រោយនេះ?

លុយអឺរ៉ូបន្តឡើងថ្លៃ និងកាន់តែជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែមកនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។…

ស្រូវសាលីអូស្ត្រាលីរំពឹងទិន្នផលខ្ពស់នៅឆ្នាំនេះ នឹងជួយសម្រួលដល់តម្រូវការសាកលដែលកំពុងខ្វះខាត

ក្នុងឆ្នាំ២០២៣នេះដំណាំស្រូវសាលីក្នុងប្រទេសអូស្ត្រាលីនឹងមានទិន្នផលខ្ពស់បំផុតក្នុងកំណត់ត្រា ដោយសារតែរដូវកាលដាំដុះប្រព្រឹត្តទៅបានរលូន ដែលវានឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ