ប្រទេសធំៗនៅឥណ្ឌូប៉ាស៊ីហ្វិក - សមាជិកអាស៊ាន

ប្រទេសធំៗនៅឥណ្ឌូប៉ាស៊ីហ្វិកធ្លាក់ចុះឥទ្ធិពល ប៉ុន្ដែសមាជិកអាស៊ានកំពុងមានឥទ្ធិពលលេចធ្លោរកាន់តែខ្លាំង


យោងតាមទិន្នន័យពីសន្ទស្សន៍ឥទ្ធិពលប្រចាំពាក់កណ្តាលឆ្នាំចុងក្រោយរបស់ក្រុមអ្នកវិភាគនៅប្រទេសអូស្ត្រាលីដែលបានវាស់ស្ទង់ឥទ្ធិពលសេដ្ឋកិច្ចនៃប្រទេសចំនួន២៦នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានបង្ហាញថា សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងរុស្ស៊ី គឺជាប្រទេសដែលមានអំណាចកំពូលទាំងប្រាំចាប់តាំងពីឆ្នាំ២០១៨មក។ ប៉ុន្ដែ មានខ្លះនៃប្រទេសទាំងនេះ កំពុងមានទំនោរថមថយឥទ្ធិពលរបស់ខ្លួនគួរឲ្យកត់សម្គាល់។
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងមានសន្ទស្សន៍កំណើនកើនឡើង ខណៈចិន និងជប៉ុនធ្លាក់ចុះ

ដោយឡែក សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងមានភាពរីកចម្រើនខាងការទូតជាងពេលណាៗទាំងអស់ ខណៈពេលដែលប្រទេសចិនកំពុងងាកចេញពីគោលនយោបាយសូន្យកូវីដរបស់ខ្លួន ហើយឥទ្ធិពលបច្ចេកវិទ្យារបស់ជប៉ុននៅក្នុងតំបន់នៅតែបន្តធ្លាក់ចុះ។ នេះបើយោងតាមសន្ទស្សន៍ឥទ្ធិពលអាស៊ីឆ្នាំ២០២៣របស់វិទ្យាស្ថាន Lowy ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន NIKKEI។

អ្នកស្រី Susannah Patton អ្នកដឹកនាំគម្រោងនៃការវាស់ស្ទង់សន្ទស្សន៍ដដែលនេះ បាននិយាយថា ក្រោយពីស្រាកស្រានពីជំងឺរាតត្បាត ប្រទេសជាច្រើនកាន់តែពឹងផ្អែកខ្លាំងទៅលើដៃគូពាណិជ្ជកម្មចម្បងៗរបស់ពួកគេ ដែលប្រការនេះហើយ ធ្វើឱ្យការនាំចេញ មិនសូវមានភាពចម្រុះ។ វាបានប៉ះពាល់ដល់ភាពធន់ និងឥទ្ធិពលរបស់ប្រទេសទាំងមូលនៅក្នុងការវាស់វែងសន្ទស្សន៍ថាមពលប្រចាំតំបន់អាស៊ីឆ្នាំនៅ២០២៣នេះ។

វិទ្យាស្ថាន Lowy បានបង្ហាញថា ពិន្ទុរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុត ភាគច្រើនលើឥទ្ធិពលវប្បធម៌ សមត្ថភាពសេដ្ឋកិច្ច និងភាពធន់របស់ប្រទេស។ ទោះបីជាធ្លាក់ចុះមែន ប៉ុន្តែប្រទេសចិនតែងតែនាំមុខគេជានិច្ចសម្រាប់ចំណាត់ថ្នាក់សន្ទស្សន៍នៃទំនាក់ទំនងសេដ្ឋកិច្ច ដែលនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មល្អ និងការវិនិយោគរឹងមាំរបស់ខ្លួនជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ពិសេសគឺការវិនិយោគផ្ទាល់ទៅក្រៅប្រទេស។

ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដណ្ដើមដំណែងប្រទេសចិនក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់កំពូលសម្រាប់ កំរិតនៃភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ហើយនៅតែបន្តនាំមុខគេក្នុងវិធានការផ្សេងទៀត រួមមានបណ្តាញការពារ សមត្ថភាពយោធា និងធនធានសម្រាប់ពេលអនាគតជាដើម។ បើតាមវិទ្យាស្ថានដដែល ទោះមានទំនោរធ្លាក់ចុះឥទ្ធិពលបន្តិចមែន ដោយសារតែការជាប់ដៃបិទខ្ទប់កូវីដ១៩នៅក្នុងស្រុក ប៉ុន្តែប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកនៅក្នុងឥទ្ធិពលខាងការទូត ដែលវាជាលទ្ធផលនៃការចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀង មិនថាតែទ្វេភាគី ឬពហុភាគីនោះទេ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដោយឡែកប្រទេសជប៉ុន ដែលជាមហាអំណាចកណ្តាលដ៏ធំបំផុតនៅអាស៊ី បានបន្តនិន្នាការធ្លាក់ចុះឥទ្ធិពលជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ស្របគ្នានេះដែរ ទីក្រុងតូក្យូនៅតែបន្តជាមហាអំណាចឆ្លាតវៃដ៏សំខាន់មួយ ដែលបានប្រើប្រាស់ធនធានដែលខ្លួនមាន លើគ្រប់វិស័យ តាមរយៈជំនួយ ដើម្បីគ្រប់គ្រងឥទ្ធិពលយ៉ាងទូលំទូលាយនៅក្នុងតំបន់។

ចំណែក ទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក ហើយតែងតែជាប់ចំណាត់ថ្នាក់ទាបបំផុត ដោយសារតែប្រទេសនេះអវត្តមានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP។ ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ីបានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវជំហររបស់ខ្លួន ជាមួយនឹងការធ្លាក់ចុះដ៏ធំបំផុតនៃឥទ្ធិពលការទូត ដោយសារតែការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

ផ្ទុយទៅវិញ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងអាស៊ាន កំពុងមានឥទ្ធិពលការទូតខ្លាំង និងយ៉ាងឆាប់រហ័ស បន្ទាប់ពីបានធ្វើជាប្រធាននៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 កាលពីឆ្នាំ២០២២ និងក៏កំពុងស្ថិតក្នុងឋានៈជាប្រធានអាស៊ានថែមទៀត នៅក្នុងឆ្នាំ២០២៣នេះ។

ចំណែក ប្រទេសកម្ពុជា ប្រ៊ុយណេ និងឡាវ ដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែរនោះ ត្រូវបានមើលឃើញថា មានការរីកចម្រើនច្រើនជាងគេ ដោយសារទំនាក់ទំនងជាក្រុមប្រទេសក្នុងតំបន់មានភាពប្រសើរឡើង។ ប្រទេសដែលជាសមាជិកទាំង១០ កំពុងមានភាពលេចធ្លោនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដោយសមាជិកភាគច្រើនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីរក្សាអព្យាក្រឹតភាព ស្របពេលដែលការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនកំពុងក្ដៅគគុក៕




អត្ថបទបន្ទាប់


អាល្លឺម៉ង់ទទូចឱ្យពិភពលោករួមគ្នានាំមេដឹកនាំរុស្ស៊ីមកកាត់ទោស ក្រោយប្រមូលបានភស្តុតាងឧក្រិដ្ឋកម្មសង្គ្រាមរាប់រយករណី

ព័ត៌មាន
ប្រធានរដ្ឋអាជ្ញាកំពូលរបស់ប្រទេសអាល្លឺម៉ង់បាននិយាយថ្មីៗនេះថា ការិយាល័យរដ្ឋអាជ្ញា ប្រមូលបាន និងរកឃើញភស្តុតាងរាប់រយករណី ដែលបញ្ជាក់ពីឧក្រិដ្ឋ…

តើនរណាខ្លះជាបុគ្គលសក្ដានុពលអាចជំនួសតំណែងប្រធានាធិបតីថ្មីរបស់វៀតណាម ក្រោយការលាលែងរបស់លោក ង្វៀន សួនហ្វុក?

ព័ត៌មាន
ការប្រណាំងប្រជែងដើម្បីបំពេញមុខតំណែងនយោបាយដ៏កំពូលរបស់វៀតណាម បាននិងកំពុងចាប់ផ្តើមហើយ បន្ទាប់ពីលោក ង្វៀន សួនហ្វុក(Nguyen Xuan Phuc) បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ