លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានគូសបញ្ជាក់ថា ការនាំចូលអំបិលពីក្រៅប្រទេសយកមកកែច្នៃ និងវេចខ្ចប់នៅក្នុងស្រុកដោយមិនបានបញ្ជក់ពីប្រភពដើមច្បាស់លាស់រួចដាក់លក់នៅលើទីផ្សារ កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់អ្នកផលិតអំបិលនៅក្នុងស្រុកនាពេលនេះ។ ការណ៍នេះ លោក បានស្នើឱ្យវិនិយោគិនងាកមកទិញអំបិលដែលផលិតក្នុងស្រុកយកទៅកែច្នៃវេចខ្ចប់ឱ្យបានច្រើន និងទប់ស្កាត់ការនាំចូលពីក្រៅប្រទេស ដ្បិតបញ្ហានេះទោះវាអាចផ្តល់ផលចំណេញដល់អ្នករកស៊ីមួយចំនួនក៏ពិតមែន ប៉ុន្តែវាបានធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល ជាពិសេសកសិករដែលផលិតអំបិលក្នុងស្រុកតែម្តង។
តែទោះជាយ៉ាងណាប្រធានសមាគមរូបនេះបានឱ្យដឹងថា នៅមួយរយៈពេលចុងក្រោយនេះ អំបិលកម្ពុជា ក៏ទទួលបានការគាំទ្រច្រើនពីសហគ្រាសកែច្នៃផលិតផលចំណីអាហារក្នុងស្រុកមួយចំនួន ក្រោយនិន្នាការគាំទ្រផលិតផលខ្មែរមានសម្ទុះកើនឡើង ខណៈតម្លៃអំបិលកម្ពុជានៅឆ្នាំនេះក៏ទទួលបានតម្លៃល្អប្រសើរជាងឆ្នាំមុនៗផងដែរ។ លោក ប៊ុន ណារិន បានបញ្ជាក់ដោយផ្អែកលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា វិនិយោគិនក្នុងស្រុកមួយនឹងបោះទុនវិនិយោគបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗនេះ ដែលជាសញ្ញាល្អមួយសម្រាប់ទីផ្សារ និងការផលិតអំបិលនៅកម្ពុជា។
គួរជម្រាបថា ការផលិតអំបិលរបស់កម្ពុជានៅឆ្នាំនេះ បានបង្ហាញសម្ទុះកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺគ្រាន់តែក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៦ ការផលិតអំបិលរបស់កម្ពុជានៅខេត្តកែប និងកំពតសម្រេចបានជាង៨ម៉ឺនតោនកើនឡើងជាង២ដង បើធៀបនឹងទិន្នផលអំបិលដែលផលិតបាននៅពេញមួយឆ្នាំ២០២៥ កន្លងទៅ ដែលមានប្រមាណជាង៣ម៉ឺន៤ពាន់តោនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការកើនឡើងនេះត្រូវបានរុញច្រានដោយសារកត្តាអំណោយផលនៃឥទ្ធិពលអាកាសធាតុ។ សូមបញ្ជាក់ថា កម្ពុជាមានតម្រូវការប្រើប្រាស់អំបិលទាំងសម្រាប់ការបរិភោគប្រចាំថ្ងៃ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងផ្សេងៗប្រមាណពី៩ទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ ដូច្នេះកម្ពុជាមិនមានការព្រួយបារម្ភចំពោះការខ្វះខាតអំបិលសម្រាប់ប្រើប្រាស់នៅឆ្នាំនេះនោះទេ៕