ការកែច្នៃគ្រាប់ស្វាយចន្ទី

ស្ថានទូតអូស្ត្រាលី ប្តេជ្ញាទាក់ទាញក្រុមហ៊ុនមក​វិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីជួយផ្តល់តម្លៃបន្ថែមកសិករ និងសេដ្ឋកិច្ច


ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានអះអាងពីការបន្តខិតខំទាក់ទាញក្រុមហ៊ុនវិនិយោគបរទេសឱ្យមកបោះទុនគាំទ្រដល់អាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ បច្ចុប្បន្នស្ថានទូតកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Olam Food Ingredients ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន៨០តោនក្នុងមួយថ្ងៃ និងជំរុញទំហំវិនិយោគឱ្យដល់១០លានដុល្លារអាម៉េរិក។
ការកែច្នៃគ្រាប់ស្វាយចន្ទី
ដោយ

អ្នកជំនាញក្នុងវិស័យស្វាយចន្ទី និងសេដ្ឋកិច្ចបានវាយតម្លៃថា ការគាំទ្រដល់ខ្សែច្រវាក់កែច្នៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំងជួយកាត់បន្ថយការនាំចេញគ្រាប់ឆៅបានមួយកម្រិតធំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានកត់សម្គាល់ថា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កំពុងជំរុញ និងពង្រឹងសកម្មភាពអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក តាមរយៈគម្រោងដៃគូជាច្រើន ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ លោក បានគូសបញ្ជាក់ថា កង្វះខាតគម្រោងវិនិយោគ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅក្នុងវិស័យនេះ កំពុងក្លាយជាឧបសគ្គរាំងស្ទះដល់ការទាក់ទាញទុនវិនិយោគថ្មីៗលើការកែច្នៃ។ លោកបានបន្ថែមថា បច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតទាបខ្លាំងនៅឡើយ ខណៈការនាំចេញគ្រាប់ឆៅមានរហូតដល់ទៅ៩៥% នៃទិន្នផលសរុប។ ហេតុនេះ លោក បានស្នើដល់អ្នករៀបចំគោលនយោបាយឱ្យពិចារណាលើការផ្តល់ការលើកទឹកចិត្តបន្ថែម ដើម្បីជំរុញការកែច្នៃក្នុងស្រុកសំដៅបង្កើនតម្លៃបន្ថែមដល់កសិករ រក្សាស្ថិរភាពតម្លៃទីផ្សារ និងបង្កើតឱកាសការងារជូនប្រជាសហគមន៍។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វិស័យស្វាយចន្ទីកម្ពុជា ត្រូវការការជួយជ្រោមជ្រែងឱ្យទាន់ពេលវេលាពីស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យឆ្លើយតបតាមកិច្ចសន្យាបញ្ជាទិញ។ ទន្ទឹមនឹងនេះលោកយល់ឃើញថា ទាំងកសិករ និងម្ចាស់អាជីវកម្មកែច្នៃ ត្រូវយកចិត្តទុកដាក់លើការថែទាំតាមបច្ចេកទេស ការរក្សាស្តង់ដាគុណភាព និងការបង្កើតម៉ាកសញ្ញាឱ្យបានច្បាស់លាស់ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសផលិតស្វាយចន្ទីផ្សេងទៀតនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ស្ថានទូតអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែមានត្រឹមតែ ៥% ប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃក្នុងស្រុក។ កង្វះខាតសមត្ថភាពកែច្នៃនេះបានធ្វើឱ្យកម្ពុជា បាត់បង់ចំណូលសក្តានុពលជាង១២៥លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ខណៈកសិករ និងពាណិជ្ជករនៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ពីការប្រែប្រួលតម្លៃ។ ឈរលើមូលដ្ឋាននេះស្ថានទូតអូស្ត្រាលី បានប្តេជ្ញាបន្តទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើតការងារ គាំទ្រអាជីវកម្មក្នុងស្រុក និងជួយកម្ពុជា កសាងសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ថៃរងភាពអាម៉ាស់ ខណៈឡាវបណ្តេញជនជាតិថៃ៣២នាក់ពាក់ព័ន្ធការឆបោក និងល្បែងអនឡាញចេញពីប្រទេស

បណ្តាញឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់នៅតំបន់ទន្លេមេគង្គកំពុងរងការ បង្ក្រាប​កាន់តែខ្លាំង ខណៈអាជ្ញាធរឡាវបានបណ្តេញជនជាតិថៃ៣២នា…

ហ្វីលីពីននឹងបន្តនាំចូលអង្ករក្រោយបារម្ភបាតុភូតអែលនីណូ បង្កឱ្យខ្វះស្បៀងអាហារនៅឆ្នាំក្រោយ

ហ្វីលីពីន បាន​សម្រេចបន្តនាំចូលអង្ករនៅឆ្នាំនេះ ខណៈកំពុងព្រួយបារម្ភថា បាតុភូតធម្មជាតិអែលនីណូ ដ៏ខ្លាំងក្លា​ អាចនឹងធ្វើឱ្យផលិតកម្មស្រូវក្នុងស្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ