ប្រព័ន្ធសុខាភិបាល

សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យពលរដ្ឋជឿលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងចៀសវាងធ្វើសកម្មភាពដែលធ្វើឱ្យពលរដ្ឋបាត់ជំនឿ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យដល់ប្រជាពលរដ្ឋមានជំនឿចិត្តលើគ្រូពេទ្យរបស់កម្ពុជាបន្តទៀត ដ្បិតថា កន្លងមកគ្រូពេទ្យកម្ពុជា បានព្យាបាលប្រជាពលរដ្ឋឱ្យជាសះស្បើយរាប់សិបលាននាក់ជាយូរឆ្នាំមកហើយ បើទោះបីពេលខ្លះមានជំងឺមួយចំនួនមិនទាន់អាចព្យាបាលជាក៏ដោយ។ ទន្ទឹមនេះ សម្តេចធិបតី ស្នើកុំឱ្យមានការធ្វើសកម្មណាមួយ ដែលធ្វើឱ្យពលរដ្ឋបាត់ជំនឿទុកចិត្តលើប្រព័ន្ធសុខាភិបាលកម្ពុជា ដ្បិត វាអាចនាំឱ្យគ្រោះថ្នាក់ និងខាតបង់ដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ។
ប្រព័ន្ធសុខាភិបាល
ដោយ

នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ«តេជោសែនកោះធំ»តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សមិទ្ធផលនៃមន្ទីរពេទ្យនេះ មិនត្រឹមតែជាអគារទំនើបដែលមានលទ្ធភាពជួយមនុស្សដល់ជាង៦០ម៉ឺននាក់ទេ ប៉ុន្តែគឺជានិមិត្តរូបនៃការដើរទៅមុខរបស់វិស័យសុខាភិបាលកម្ពុជា និងជាចលករសម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដោយចាប់ផ្តើមពីការជំរុញសុខភាពរបស់ប្រជាពលរដ្ឋឱ្យរឹងមាំ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តជឿទុកចិត្តលើប្រព័ន្ធសុខាភិបាល និងគ្រូពេទ្យរបស់កម្ពជាជាបន្តទៀត។

យ៉ាងណាមិញ សម្តេចធិបតី ទទួលស្គាល់ថា ពេលខ្លះមានជំងឺមួយចំនួនតម្រូវអ្នកជំងឺត្រូវពិនិត្យបញ្ជាក់នៅមន្ទីរពេទ្យ២ ឬ៣កន្លែង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺឱ្យបានច្បាស់លាស់ផងដែរ ពោលគឺមិនបានល្អគ្រប់ស្តង់ដារនៅកន្លែងតែមួយទេ មិនថាពេទ្យរដ្ឋ ឬឯកជនឡើយ។ ដូច្នេះហើយ សម្តេចធិបតី ស្នើសុំកុំឱ្យមានការវាយតម្លៃជារួមថា ពេទ្យនៅកម្ពុជាមិនល្អ ហើយធ្វើឱ្យប្រជាពលរដ្ឋឈប់ជឿទុកចិត្តលើប្រព័ន្ធសុខាភិបាល និងគ្រូពេទ្យរបស់កម្ពុជាឱ្យសោះ ពីព្រោះវាជាការវាយតម្លៃខុស ដែលនាំឱ្យខាតបង់ដល់ប្រយោជន៍ជាតិទាំងមូល។ តែយ៉ាងណា សម្តេច ជំរុញឱ្យគ្រូពេទ្យទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ ពង្រឹងក្រមសីលធម៌ ពង្រីងអាជីព និងជំនាញ ក៏ដូចជាការទទួលខុសត្រូវបន្ថែមទៀតផងដែរ។

ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងមតិដែលលើកឡើងថាកម្ពុជាបានពង្រឹងវិស័យសុខាភិបាលជាហូរហែ ប៉ុន្តែនៅតែឃើញប្រជាជនកម្ពុជាចេញទៅព្យាបាលនៅក្រៅប្រទេសច្រើន សម្តេច ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ភាគរយដែលប្រជាជនកម្ពុជាទៅព្យាបាលជំងឺនៅក្រៅប្រទេស គឺមានចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងប្រជាពលរដ្ឋដែលបានព្យាបាលនៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត ចំពោះប្រជាជនកម្ពុជាដែលមានលទ្ធភាពចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស សម្ដេច បានអះអាងថា ក៏មិនមានអ្វីចម្លែកនោះដែរ ជាក់ស្តែងនៅបណ្តាប្រទេសផ្សេងៗ ក៏ប្រជាជនគេចេញទៅព្យាបាលជំងឺមួយចំនួននៅក្រៅប្រទេសផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើផ្លូវហាយវ៉េវែងបំផុតរបស់ពិភពលោកមានប្រវែងប៉ុន្មានគីឡូម៉ែត្រ មានប្រវត្តិអស្ចារ្យបែបណា និងស្ថិតនៅក្នុងប្រទេសណា?

ព័ត៌មាន
យោងតាមកំណត់ត្រាឯកទត្តកម្មពិភពលោក Guinness បានឱ្យដឹងថា ផ្លូវដែលមានឈ្មោះថា ភែន-អាម៉េរិកឃែន ហាយវ៉េ (Pan-American Highway) គឺជាផ្លូវហាយ…

សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក»ទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ខណៈអ្នកជំនាញរំពឹងវិស័យដឹកជញ្ជូនកម្ពុជាកាន់តែប្រសើរក្រោយដាក់ឱ្យអនុវត្តន៍

ព័ត៌មាន
សេចក្ដីព្រាងច្បាប់ស្តីពី«ការដឹកជញ្ជូនតាមផ្លូវទឹក» ទទួលបានការឯកភាពលើខ្លឹមសារទាំងស្រុងពីព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែមីនា បន្ទាប់ពីសេចក្ដីព្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ